អគ្គលេខាធិការក្រសួងយុត្តិធ៌មស.រ.អា.បានសន្និដ្ឋាននៅក្នុងរបាយការណ៍មួយដែលគេរង់ចាំយូរមកហើយដែលបានត្រូវចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាលោក James Comey អតីតនាយក FBI «បានរំលោភ»លើគោលនយោបាយរបស់ក្រសួងនេះនិងកិច្ចព្រមព្រៀងធ្វើការងាររបស់លោកដោយបានធ្វើឱ្យអនុស្សារណៈសម្ងាត់មួយអំពីការសន្ទនារបស់លោកជាមួយលោកប្រធានាធិបតី Donald Trump ត្រូវបន្លេចទៅឱ្យបណ្តាញផ្សាយព័ត៌មានក្នុងរយៈពេលខ្លីក្រោយពីលោក Trump បានដកលោកចេញពីតំណែងកាលពីខែឧសភាឆ្នាំ២០១៧។
អនុស្សារណៈនេះដែលជាអនុស្សារណៈមួយក្នុងបណ្តាអនុស្សារណៈ៧ដែលលោក Comey បានសរសេរអំពីជំនួបរបស់លោកតែពីរនាក់ជាមួយលោក Trump នៅក្នុងរយៈពេលបួនខែដំបូងនៃរដ្ឋបាលលោកដោយចែងយ៉ាងក្បោះក្បាយអំពីថាតើលោក Trump បានសុំបែបណានៅក្នុងបន្ទប់រាងពងក្រពើនៃសេតវិមានឱ្យលោកបញ្ឈប់ការស៊ើបអង្កេតអំពីលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ។ ការសុំរបស់លោក Trump ឱ្យបញ្ឈប់ការស៊ើបអង្កេតនេះដែលប្រធានាធិបតីរូបនេះបានបដិសេធបានត្រូវពិនិត្យនៅពេលក្រោយមកដោយលោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេសជាផ្នែកមួយនៃការស៊ើបអង្កេតរបស់លោកអំពីការរារាំងយុត្តិធ៌មដោយលោក Trump។
លោក Michael E. Horowitz អគ្គាធិការនៃក្រសួងយុត្តិធ៌មស.រ.អា.បានផ្តល់ការរកឃើញទាំងនេះជូនក្រសួងយុត្តិធ៌មសម្រាប់ឱ្យធ្វើសេចក្តីសម្រេចអំពីការយកមកកាត់ទោសស្តីពីគំនិតមាយាទរបស់លោក Comey ក៏ប៉ុន្តែក្រសួងយុត្តិធ៌មបានច្រានចោលដោយមិនព្រមឱ្យមានការកាត់ទោសទេពីព្រោះគ្មានភ័ស្តុតាងថាលោក Comey មានចេតនាលាតត្រដាងព័ត៌មានសម្ងាត់នេះដោយរំលោភលើច្បាប់សហព័ន្ធទេ៕