ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសម៉ាឡេស៊ីបានជំរុញឲ្យមានការកើនឡើងខ្លាំងនៃករណីជំងឺគ្រុនចាញ់ប្រភេទមួយទៀតទៅលើមនុស្ស ដែលជាទូទៅគេឃើញជំងឺប្រភេទនោះកើតមានតែទៅលើសត្វ។ នេះបើយោងតាមអ្នកវិទ្យាសាស្រ្តពីសាលាផ្នែកអនាម័យ និងថ្នាំសង្កូវត្រូពិចនៅក្រុងឡុងដ៏ (London School of Hygiene and Tropical Medicine)។
ក្រុមអ្នកស្រាវជ្រាវបានផ្តោតជាសំខាន់ទៅលើតំបន់ដែលមានផ្ទៃដី៣.០០០គីឡូម៉ែត្រការេនៃរដ្ឋ Sabah នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រជាជនរស់នៅចំនួនប្រមាណ១២០.០០០នាក់។ ភាគច្រើននៃព្រៃឈើត្រូវបានគេកាប់ដើម្បីផលិតដូងប្រេង និងទំនិញផ្សេងៗទៀត។
ដោយប្រើទិន្នន័យមន្ទីរពេទ្យ និងផែនទីផ្កាយរណប អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការផ្លាស់ប្តូរក្នុងការប្រើប្រាស់ដីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការកើនឡើងនៃចំនួនករណីមនុស្សកើតមានជំងឺគ្រុនចាញ់មួយប្រភេទ ដែលជំងឺគ្រុនចាញ់ប្រភេទនេះកើតមានទៅលើសត្វ។ គេហៅថាជំងឺនេះថា Plasmodium knowlesi។ សាស្ត្រាចារ្យ Chris Drakeley ជាសមាជិកម្នាក់នៃក្រុមស្រាវជ្រាវនេះ។
លោកនិយាយថា៖ «ជាធម្មតា វាកើតមានលើប្រភេទសត្វស្វាម៉្យាងដែលមានកន្ទុយដូចកន្ទុយជ្រូក ហើយមានប្រវែងវែង។ ហើយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្នែកមួយនៃកោះ Borneo ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី បានបង្ហាញពីការកើនឡើងនៃចំនួនករណីមនុស្សដែលមានជំងឺគ្រុនចាញ់ប្រភេទនេះនៅមន្ទីរពេទ្យ»។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាអាចនឹងពន្យល់បានថា ដោយសារតែមនុស្សមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រៃឈើដែលជាកន្លែងសត្វស្វារស់នៅ ហើយមូសជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់នេះ។ អ្នកភូមិជាច្រើនត្រូវបានគេជួលដើម្បីកាប់ឆ្ការព្រៃ និងពង្រីកកសិកម្ម។
ជំងឺគ្រុនចាញ់ប្រភេទ Plasmodium knowlesi ឥឡូវនេះគឺជាជំងឺគ្រុនចាញ់ប្រភេទទូទៅបំផុតដែលកើតលើមនុស្សនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រូវបានគេរាយការណ៍ថាមាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ជាថ្មីម្តងទៀត លោក Chris Drakeley បាននិយាយថា៖«វីរុសជំងីគ្រុនចាញ់នោះអាចបង្កើនខ្លួនវានៅក្នុងឈាមរបស់អ្នកយ៉ាងឆាប់រហ័ស។ នេះមានន័យថា អ្នកបានឆ្លងមេរោគនេះក្នុងកម្រិតខ្ពស់។ អត្រាអ្នកស្លាប់ ដែលជាចំនួនមនុស្សស្លាប់ដោយការឆ្លងមេរោគនេះមានចំនួនច្រើនគួរសម។ យើងគិតថា វានឹងមិនមានការរីករាលដាលខ្លាំងនោះទេ ប៉ុន្តែយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះបញ្ហាសុខភាពសាធារណៈទូទៅ»។
រហូតមកដល់ពេលនេះ នៅមិនទាន់មានភស្តុតាងបង្ហាញថា មានការឆ្លងជំងឺគ្រុនចាញ់នេះពីមនុស្សទៅមនុស្សនោះទេ។ ប៉ុន្តែអ្នកសរសេររបាយការណ៍នេះបាននិយាយថា ការស្រាវជ្រាវរបស់ពួកគេបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើផ្តល់ផលវិបាកដល់សុខភាពសាធារណៈដែលត្រូវតែដោះស្រាយជាបន្ទាន់៕
ប្រែសម្រួលដោយ ផន បុប្ផា