ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ទៀ បាញ់ ​ថា​ សមយុទ្ធ​នាគ​មាស​មាន​«សារៈ​សំខាន់​ជា​យុទ្ធសាស្រ្ត»​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​ចិន​


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​​រដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ានបូក នៅ​ខេត្ត​សៀមរាប ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​​រដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ានបូក នៅ​ខេត្ត​សៀមរាប ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​លោក ​ទៀ បាញ់ ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ចាត់​ទុក​សមយុទ្ធ​យោធា​«នាគមាស» ​ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា ​បង្ហាញ​ពី​សារៈ​សំខាន់​ជា​យុទ្ធសាស្រ្ត​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​ចិន​ ដែល​ជា​«មិត្ត​ដែក​ថែប»។​

លោក ​ទៀ បាញ់ ​ថ្លែង​បែប​នេះ ​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២៣ ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​មាន​រយៈ​ពេល​២០​ថ្ងៃ។ ​នេះ​ជា​សមយុទ្ធ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី៥ ​ដោយ​មាន​ការ​ចូលរួម​ពី​កងទ័ព​រំដោះ​ប្រជាជន​ចិន​ប្រមាណ​២៥០​នាក់ ​និង​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រមាណ​២៧៧០​នាក់។​

លោក ​ទៀ បាញ់ ​បាន​ថ្លែង​ថា ​សមយុទ្ធ​នេះ​បាន​ផ្តល់​ឱកាស​ដល់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ​បទ​ពិសោធន៍ ​រៀន​សូត្រ​ពី​គ្នា ​និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​សម្រាប់​គាំទ្រ​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​សកល​លោក។​

លោក ​ទៀ បាញ់ ​ថ្លែង​ថា៖ ​«សមយុទ្ធ​រួម​គ្នា​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ជា​យុទ្ធសាស្រ្ត​នៃ​ទំនាក់​ទំនង​កម្ពុជា​ចិន ​កាន់​តែ​មាន​ភាព​ចាំបាច់​ថែម​ទៀត​នៅ​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្តូរ ​និង​បញ្ហា​ប្រឈម​នានា​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ»។​

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​សមយុទ្ធ​នេះ​មាន​ដូច​ជា​ការ​ចល័ត​កង​កម្លាំង ​ការ​ដោះ​ស្រាយ​យថាហេតុ ​ការ​រុក​រក​បោស​សម្អាត​មីន ​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​ប្រតិបត្តិការ​មនុស្ស​ធម៌ ​ការ​សង្រ្គោះ​មហន្តរាយ ​ភេរវកម្ម ​និង​ការ​ដោះ​ស្រាយ​ជំងឺ​ឆ្លង​ជា​ដើម។

គួរ​បញ្ជាក់​ថា​ សម​យុទ្ធ​នាគមាស​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៤​លើក​មក​ហើយ​គឺ​នៅ​ក្នុង​ឆ្នាំ​២០១៦ ​ឆ្នាំ២០១៨ ឆ្នាំ២០១៩ និង​ឆ្នាំ២០២០។ ​ក្នុង​ឆ្នាំ​២០១៧ ​សម​យុទ្ធ​មួយ​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​សារ​ភាគី​ក​ម្ពុជា​ជាប់​រវល់​ក្នុង​យុទ្ធនា​ការ​បង្ក្រាប​គ្រឿង​ញៀន ​និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ ​ចំណែក​ក្នុង​ឆ្នាំ​២០២១ ​និង​ឆ្នាំ​២០២២ ​សម​យុទ្ធ​នេះ​ខក​ខាន ​ដោយ​សារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។​

ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើ​ញ​ថា​ ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ចិន ​ហើយ​កម្ពុជា​បាន​សម្រេច​លុប​ចោល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា​«ឆ្មាំ​អង្គរ»​ជាមួយ​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៧ ​ក្រោម​ហេតុផល​ថា​ កាល​នោះ​កម្ពុជា​មមាញឹក​ជាមួយ​ការ​បង្ក្រាប​គ្រឿង​ញៀន ​និង​ត្រៀម​សម្រា​ប់ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​ធ្វើ​សម​យុទ្ធ​ជា​មួយ​គ្នា​សា​ជា​ថ្មី​ឡើយរវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា៕

XS
SM
MD
LG