ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​ថា ការ​ផ្ទុះគ្រាប់​សម្លាប់​យោធិន​២០នាក់​ជា​បញ្ហា​បច្ចេកទេស


ផ្សែង​ហុយ​ចេញ​ពី​ឃ្លាំង​ផ្ទុក​អាវុធ​​មួយដែល​ឆេះ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)
ផ្សែង​ហុយ​ចេញ​ពី​ឃ្លាំង​ផ្ទុក​អាវុធ​​មួយដែល​ឆេះ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។​ (AFP)

ក្រសួង​ការពារ​ជាតិ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នានា​ដែល​ថា​ ការ​ផ្ទុះ​គ្រាប់​បែក ​កាល​ពី​សប្តាហ៍​មុន​ នៅទី​បញ្ជាការ​យោធ​ភូមិភាគ​ទី ៣ ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​គឺ​ជា​ការ​បះបោរ​របស់​កងទ័ព ​និង​ជា​អំពើ​ភេរវ​កម្ម។ ​ក្រសួង​បញ្ជាក់​ថា​ ការ​ផ្ទុះ​គ្រាប់​សម្លាប់​យោធិន​ ២០​ នាក់ ​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ ចុះ​ថ្ងៃ​ទី​ ១ ​ខែ​ឧសភា។​

លោក ​ម៉ៅ ផល្លា ​អ្នក​នាំពាក្យ​កង​យោធពល​ខេមរ​ភូមិន្ទ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​នៅ​ទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី ៣ ​នោះ ​គឺ​មក​ពី​បញ្ហា​«លក្ខណៈ​បច្ចេកទេស»​ ដោយ​ក្រសួង​និង​អង្គភាព​មូលដ្ឋាន​កំពុង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ថា​ តើ​គ្រាប់​ដែល​ដឹក​ពី​ខេត្ត​កោះកុង​យក​មក​រក្សា​ទុក​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ឃ្លាំង​ធំ​នោះ​បាន​ធ្លាក់ ​ឬ​របូត​បែប​ណា​រហូត​ដល់​ផ្ទុះ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ។​

លោក​ថ្លែង​ថា៖ ​«ពេល​ហ្នឹង​មាន​តែ​ ២០ ​នាក់​ នៅ​ហ្នឹង​[ទី​បញ្ជា​ការដ្ឋាន​យោធ​ភូមិ​ភាគ​ទី ៣]។​យើង​អត់​ដឹង​ថា​ លក្ខណៈ​បច្ចេកទេស​លើក​ទៅ​វា​ធ្លាក់​ឬ​មួយ​យ៉ាង​ម៉េច។ ​យើង​អត់​ដឹង​ អត់​ហ៊ាន​និយាយ ​ត្រឹម​សន្និដ្ឋាន​ទេ»។​

ក្រសួង​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ កាល​ពីថ្ងៃ​ទី​ ១ ​ខែ​ឧសភា ​ដោយ​អះអាង​ថា ​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​មិន​មែន​ជា​ការ​បះបោរ​របស់​កងទ័ព ​ឬ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម​អ្វី​ឡើយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា៖​ «ករណី​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​បែក ​កាល​ពីថ្ងៃ​ទី​ ២៧​ ខែ​មេសា ​ឆ្នាំ​ ២០២៤ ​នៅ​ទី​បញ្ជាការ​យោធ​ភូមិភាគ​ទី ៣​ ក្នុង​ខេត្ត​កំពង់ស្ពឺ ​គឺ​ជា​បញ្ហា​បច្ចេកទេស​ ដោយ​សារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ ​ខូច​គុណ​ភាព ​រួម​ជាមួយ​អាកាស​ធាតុ​ក្តៅ ​មិន​មែន​ជា​បញ្ហា​កងទ័ព​បះបោរ​ អំពើ​ភេរវ​កម្ម ​ឬ​ចេតនា​របស់​បុគ្គល​ណាមួយ​ដូច​ការ​បំផ្លើស​ឡើយ»។​

ក្រោយ​កើត​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​សម្លាប់​មនុស្ស​ ២០ ​នាក់ ​និង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​របួស​ អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក ​សម រង្ស៊ី ​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​កាល​ពី​ថ្ងៃទី​ ២៨ ​ខែ​មេសា ​ដោយ​សរសេរ​រៀប​រាប់​ថា៖‍​ «ចលនា​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ​ចាប់​ផ្តើម​ផ្ទុះ​ហើយ​ដើម្បី​ទាមទារ​ឱ្យ​ដក​ចេញ​ត្រកូល​ហ៊ុន ​(គឺ ​ហ៊ុន សែន​ និង​កូន​គាត់​...)។ ​ ចលនា​នេះ​បាន​រៀប​ចំ​ឱ្យ​ផ្ទុះ​ឃ្លាំង​គ្រឿង​ផ្ទុះ​ជិត​ទី​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ ២៧ ​មេសា ​២០២៤ ​នេះ»។​

ដោយ​ឡែក​ចំពោះ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​ខូត​ខាត ​និង​បរិមាណ​គ្រាប់​ដែល​ផ្ទុះ​វិញ​ អ្នក​នាំពាក្យ​កង​យោធពល​ខេមរ​ភូមិន្ទ​ លោក​ ម៉ៅ ផល្លា ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ​ដោយ​លោក​ថា​ លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ពី​អង្គភាព​មូលដ្ឋាន​ដែល​កំពុង​ស្រាវ​ជ្រាវ​រក​គ្រាប់​ដែល​ខ្ទាត​ចេញ​បន្ថែម​ទៀត។​

លោក ​ម៉ៅ ផល្លា ​បន្ថែម​ថា៖ ​«បញ្ហា​គ្រាប់​ខ្ញុំ​ក្តាប់​អត់​បាន​ទេ។ ​ដល់​ពេល​នេះ ​ខ្ញុំ​អត់​ទាន់​មាន​របាយ​ការណ៍​ច្បាស់​លាស់​ទេ។​ ប៉ុន្តែ​គ្រាន់​តែ​យើង​ដឹក​គ្រាប់​ចាស់ៗ​មួយ​ចំនួន​យក​មក​ដាក់​ឃ្លាំង​ធំ​ប៉ុណ្ណឹង»។​

សាច់ញាតិ​កាន់​រូបថត​របស់​យោធិន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ហេតុការណ៍​ផ្ទះ​គ្រាប់​មួយ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។​ (AKP via AP)
សាច់ញាតិ​កាន់​រូបថត​របស់​យោធិន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ហេតុការណ៍​ផ្ទះ​គ្រាប់​មួយ​នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ដែល​បណ្តាល​ឱ្យ​យោធិន​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។​ (AKP via AP)

បើ​តាម​របាយ​ការណ៍​ចុះ​ថ្ងៃទី ​២៧ ​ខែ​មេសា​របស់​កងទ័ព​ជើងគោក​យោធ​ភូមិភាគ​ទី ៣​ដែល​វីអូអេ​ទទួល​បាន ​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​នេះ​បាន​កើត​ឡើង​នៅ​ទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី ៣​ ស្ថិត​ក្នុង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែ​មេសា ​ឆ្នាំ​ ២០២៤ ​វេលា​ម៉ោង​ ២​និង​១៥​នាទី​រសៀល ​ដែល​បណ្តាល​ឱ្យ​នាយ​ទាហាន ​២០ ​នាក់​បាន​ស្លាប់ ​ដោយ​ក្នុង​នោះ​នាយ​ទាហាន​ ១៥ ​នាក់​ មក​ពី​ខេត្ត​កោះកុង​ និង​ ៥ ​នាក់​ទៀត​ជា​នាយ​ទាហាន​នៃ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ៣ ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​

នាយ​ទាហាន​ទាំង ​១៥ ​នាក់​នោះ​បាន​ប្រើ​ប្រាស់​រថយន្ត​ចំនួន ​៥ ​គ្រឿង​ដឹក​គ្រាប់​មក​ពី​ខេត្ត​កោះកុង ​យក​មក​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី ៣ ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដោយ​ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង ​រួម​ទាំង​អាវុធ​គ្រាប់លើ​រថយន្ត​បាន​ផ្ទុះ​ខ្ទេច។ ​ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ខូត​ខាត​តែ​ផ្នែក​ខាង​ក្រៅ ​តែ​អាវុធ​គ្រាប់​នៅ​ដដែល ​និង​រថយន្ត​ ៣ ​គ្រឿង​ទៀត​ ដែល​មាន​ផ្ទុក​អាវុធ​គ្រាប់​មិន​រង​ការ​ខូច​ខាត​នោះ​ទេ។​ នេះ​បើ​តាម​របាយ​ការណ៍​នោះ។​

របាយ​ការណ៍​ឱ្យ​ដឹង​ទៀត​ថា​ អគារ​ចំនួន​ ៤ ​ក្នុង​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ ៣ ​នោះ​រងការ​ខូច​ខាត​ ដូច​ជា​ឃ្លាំង​ផ្ទុក​អាវុធ​គ្រាប់​ចំនួន​ ៣ ​ខ្នង​ ​ខូតខាត​ទាំង​ស្រុង ​និង​អគារ​ស្នាក់​នៅ​ ១ ​ខ្នង​ និង​អគារ​ការិយាល័យ​ ខូច​ខាត​ផ្នែក​ខាង​ក្រៅ ​រួម​មាន​ទ្វារ ​បង្អួច​ និង​ដំបូល។ ​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​ ២៥ ​ខ្នង​ដែល​ស្ថិត​នៅ​ជុំវិញ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី ៣​នោះ​រង​ការ​ខូច​ខាត​ផង​ដែរ។​

ក្រោយ​ឧបទ្ទវ​ហេតុ​នោះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ និង​ប្រកាស​ថា ​រដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់​រង​ទាំង​អស់​លើ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យ​សព​របស់​យោធិន​ដែល​បាត់​បង់​ជីវិត។​ លោក ​ហ៊ុន ម៉ាណែត ​បន្ថែម​ថា ​រដ្ឋាភិបាល​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ចំនួន ​២​ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​គ្រួសារ​សព ​ហើយ​យោធិន​ដែល​រង​របួស​ទទួល​បាន​ក្នុង​ម្នាក់ៗ​ចំនួន​ ២០ ​លាន​រៀល។​

បើ​តាម​លោក​ ម៉ៅ ផល្លា ​ថវិកា​ដែល​រដ្ឋាភិបាល​ឧបត្ថម្ភ​នោះ​ត្រូវ​បាន​ប្រគល់​ដល់​គ្រួសារ​សព​យោធិន ​និង​អ្នក​រង​គ្រោះ​រួច​រាល់​ហើយ។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ជំរុញ​ឱ្យ​ក្រសួង​ការពារ​ជាតិ​លាត​ត្រដាង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ​ដើម្បី​បង្ហាញ​អំពី​ហេតុ​ការណ៍​ជាក់​ស្តែង ​និង​ទុក​ជា​មេ​រៀន​ដើម្បី​បញ្ចៀស​ការ​សង្ស័យ ​ឬ​ការ​បក​ស្រាយ​ខុស​ណា​មួយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«ករណី​នេះ គួរ​តែ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ​និង​ការស្រាវ​ជ្រាវ​ហ្នឹង ​ទោះបី​ជា​ការ​កើត​ឡើង​ដោយ​លក្ខណៈ​បច្ចេកទេស​ក៏ដោយ ​ក៏​ វា​ជា​បទ​ពិសោធន៍ ​និង​មេរៀន​មួយ សម្រាប់​ថ្ងៃ​ក្រោយ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​សោកនាដ​កម្ម ឬ​ឧបទ្ទវ​ហេតុ​នេះ​ត​ទៅ​ទៀត ​ដើម្បី​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​លក្ខណៈ​បច្ចេកទេស»។​

គួរ​បញ្ជាក់​ថា​ ហេតុ​ការណ៍​ផ្ទុះ​ឃ្លាំង​ដាក់​គ្រាប់​នៅ​បញ្ជា​ការ​យោធ​ភូមិភាគ​ទី ៣ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ ​ក្រៅ​ពី​ធ្វើ​ឱ្យ​យោធិន​បាត់​បង់​ជីវិត ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខូច​ខាត​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ ​និង​រោងចក្រ​ដែល​មាន​ទីតាំង​នៅ​ជិត​ទី​នោះ​ផង​ដែរ។​ នេះ​បើ​តាម​អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក ​វ៉ី សំណាង ​ដែល​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ។​

អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ប្រជា​ពលរដ្ឋ​ចំនួន ​៣ ​នាក់ ​បាន​រង​របួស ​និង​កម្មករ​កម្មការិនី​រោងចក្រ​ប្រមាណ ​១៣ ​នាក់ ​ទទួល​រង​របួស​ ព្រម​ទាំង​បង​ប្អូន​សាច់​ញាតិ​យោធិន​មួយ​ចំនួន​ក៏​ទទួល​រង​របួស​ធ្ងន់​ស្រាល​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG