ព័ត៌មានសម្ងាត់ថ្មីដែលត្រូវបានបញ្ចេញជាផ្លូវការពាក់ព័ន្ធនឹងប្រភពដើមនៃជំងឺកូវីដ១៩ ហាក់ដូចជា បង្កឱ្យមានមន្ទិលសង្ស័យលើគំនិតដែលថា ការរាតត្បាតជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក បានចាប់ផ្តើមនៅមន្ទីរពិសោធន៍ស្រាវជ្រាវមួយនៅក្នុងទីក្រុង Wuhan ប្រទេសចិន។
របាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមិថុនាដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នានារបស់សហរដ្ឋអាមេរិកនិងបានចែករំលែកជាមួយសមាជិកសភាអាមេរិក បានលើកឡើងថា បើទោះបីជាមានការព្រួយបារម្ភអំពីវិធានការផ្នែកសុវត្ថិភាពជីវៈនៅវិទ្យាសា្ថនវីរុសសាស្ត្រទីក្រុង Wuhan (Wuhan Institute of Virology) និងបើទោះបីជាវិទ្យាស្ថាននេះមានប្រវត្តិសិក្សាស្រាវជ្រាវលើវីរុសកូរ៉ូណាក៏ដោយ ក៏មិនមានព័ត៌មានសម្ងាត់ណាមួយបង្ហាញថាជំងឺកូវីដ១៩ មានវត្តមាននៅមន្ទីរពិសោធន៍នេះមុនពេលមានការរាតត្បាតនោះឡើយ។
របាយការណ៍របស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) របស់សហរដ្ឋអាមេរិកនេះបានរៀបរាប់ថា៖ «យើងបន្តរកឃើញថា គ្មានភ័ស្តុតាងណាមួយបង្ហាញថា សំណាកស្រាវជា្រវនៅវិទ្យាស្ថានវីរុសសាស្ត្រទីក្រុង Wuhan មុនមានការរាតត្បាតជំងឺកូវីដ១៩ មានវីរុសប្រភេទ SARS-CoV-2 ឬវីរុសប្រភេទស្រដៀងគ្នានេះនោះទេ ឬក៏គ្មានភ័ស្តុតាងផ្ទាល់ណាមួយបង្ហាញថាមានឧប្បត្តិហេតុពាក់ព័ន្ធនឹងការស្រាវជ្រាវណាមួយបានកើតឡើងដែលមានការពាក់ព័ន្ធទៅនឹងបុគ្គលិកនៅវិទ្យាស្ថានវីរុសសាស្រ្តទីក្រុង Wuhan មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ នោះឡើយ»។
របាយការណ៍ខាងលើបានបញ្ជាក់បន្ថែមថា ភ័ស្តុតាងដែលមានបានបង្ហាញថា មន្ទីរពិសោធន៍នេះមិនទទួលបានសំណាកវីរុសកូវីដ១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ ២០១៩ «នៅពេលអ្នកស្រាវជ្រាវនៅវិទ្យាស្ថានវីរុសសាស្ត្រទីក្រុង Wuhan បានបំបែកចេញនិងកំណត់ឃើញវីរុសនេះពីសំណាករបស់អ្នកជំងឺដែលត្រូវបានពិនិត្យឃើញថាមានជំងឺរលាកសួតពីកត្តាបង្កដែលគេមិនស្គាល់»។
ព័ត៌មានសម្ងាត់ដែលត្រូវបានបញ្ចេញជាផ្លូវការនេះក៏ហាក់ដូចជាច្រានចោលនូវក្ដីបារម្ភដែលថា អ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវមួយចំនួនតូចនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានវីរុសសាស្ត្រទីក្រុង Wuhan នេះ ដែលបានធ្លាក់ខ្លួនឈឺកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ អាចជាអ្នកជំងឺកូវីដ១៩ ដំបូងគេបង្អស់នោះ។
របាយការណ៍របស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិកនេះបានលើកឡើងថា៖ «ព័ត៌មាននេះមិនបានគាំទ្រឬច្រានចោលសម្មតិកម្មអំពីប្រភពដើមរបស់ជំងឺកូវីដ១៩ នោះទេ។ រោគសញ្ញារបស់អ្នកស្រាវជ្រាវនោះប្រហែលជាអាចត្រូវបានបង្កឡើងដោយជំងឺមួយចំនួន ហើយរោគសញ្ញាខ្លះក៏មិនដូចទៅនឹងរោគសញ្ញារបស់ជំងឺកូវីដ១៩ ដែរ»។
ប៉ុន្តែបើទោះបីជាមិនមានភ័ស្តុតាងដើម្បីគាំទ្រគំនិតដែលថាជំងឺកូវីដ១៩ កើតចេញពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan នេះក៏ដោយ ក៏របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនេះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការយល់ឃើញណាមួយក្នុងចំណោមការយល់ឃើញដែលថាវីរុសកូវីដ១៩ អាចឆ្លងតាមបែបធម្មជាតិពីសត្វនិងការយល់ឃើញដែលថាវីរុសនេះបានកើតឡើងដោយសារឧប្បត្តិហេតុនៅមន្ទីរពិសោធន៍ អាចត្រូវបានចាត់ទុកថាត្រឹមត្រូវនោះទេ។
របាយការណ៍នេះបានបន្តថា៖ «គ្រប់ទីភ្នាក់ងារ [ស៊ើបការណ៍សម្ងាត់អាមេរិក] ទាំងអស់បន្តវាយតម្លៃថា ការអះអាងអំពីប្រភពដើមនៃវីរុសកូវីដ១៩ ទាំងថាមានប្រភពចេញពីសត្វ ឬពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ គឺនៅតែមានលក្ខណៈទំនងដើម្បីពន្យល់អំពីការឆ្លងទៅកាន់មនុស្សដំបូង»។
របាយការណ៍នេះបានបន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្ទើរតែទាំងអស់បានវាយតម្លៃថា វីរុសនេះ «មិនមែនត្រូវបានបង្កើតឡើងពីហ្សែននោះទេ» ខណៈកត់សម្គាល់ថា បើទោះបីជា «ទីភ្នាក់ងារភាគច្រើនវាយតម្លៃថា វីរុស SAR-CoV-2 មិនមែនកែច្នៃមកពីមន្ទីរពិសោធន៍ក៏ដោយ ក៏ទីភ្នាក់ងារខ្លះនៅតែមិនអាចធ្វើការកំណត់បញ្ជាក់ឱ្យបានច្បាស់ដដែល»។
ទាក់ទិននឹងថាតើការរាតត្បាតនៃជំងឺកូវីដ១៩ នេះចាប់ផ្ដើមយ៉ាងដូចម្ដេចនោះ គេឃើញថាមិនសូវមានការយល់ស្របគ្នាប៉ុន្មាននោះទេ។
ក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិនិងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចំនួន ៤ ផ្សេងទៀតរបស់សហរដ្ឋអាមេរិកបានបន្តវាយតម្លៃថា អ្នកជំងឺដំបូងគេបង្អស់ដែលបានឆ្លងវីរុស SAR-CoV-2 គឺដោយសារតែបានប៉ះពាល់នឹងសត្វដែលមានវីរុសនេះ។
ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានប្រកាសកាលពីខែកុម្ភៈកន្លងទៅនេះថា ការវិភាគរបស់ខ្លួនបានវាយតម្លៃដោយមាន «ជំនឿទុកចិត្តមធ្យម» ថា ជំងឺកូវីដ១៩ បានកើតចេញពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan ប្រទេសចិន។
អ្នកវិភាគផ្នែកព័ត៌មានសម្ងាត់ប្រចាំក្រសួងថាមពលអាមេរិកបានសន្និដ្ឋានថា បើទោះបីជាមាន «ជំនឿជឿជាក់ទាប» ក៏ដោយ ក៏ខ្លួនគិតថាវីរុសនេះបានរីករាតត្បាតដោយសារតែការថ្លោះធ្លោយនៅមន្ទីរពិសោធន៍នៅវិទ្យាស្ថានវីរុសសាស្រ្តទីក្រុង Wuhan។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចំនួន ២ ទៀត ដែលក្នុងនោះរួមមានទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) ផងដែរ មិនអាចកំណត់ឱ្យបានជាក់ច្បាស់អំពីប្រភពដើមនៃជំងឺកូវីដ១៩ នេះទេ។
ការបញ្ចេញជាផ្លូវការរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនូវព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងប្រភពវីរុសកូវីដ១៩ នេះបានធ្វើឡើង ៣ ខែក្រោយមក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយដែលបញ្ជាឱ្យទីភ្នាក់ងារនានាបញ្ចេញជាផ្លូវការនូវព័ត៌មានច្រើនបំផុតតាមដែលអាចធ្វើបានអំពីប្រភពដើមនៃជំងឺកូវីដ១៩។
ប៉ុន្តែ នៅក្នុងបែបផែនខ្លះ ព័ត៌មានសម្ងាត់ដែលទើបនឹងបញ្ចេញជាផ្លូវការនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្រែប្រួលតិចតួចពីការវាយតម្លៃលើព័ត៌មានសម្ងាត់កាលពីលើកដំបូងដែលត្រូវបានចែករំលែកកាលពីឆ្នាំ ២០២០ នៅពេលដែលទីភ្នាក់ងារអាមេរិកនានាបានបញ្ជាក់ថា ព័ត៌មានរបស់ពួកគេគាំទ្រ «ការយល់ស្របលក្ខណៈវិទ្យាសាស្រ្តដ៏ទូលំទូលាយដែលថា វីរុសកូវីដ១៩ មិនមែនត្រូវបានបង្កើតឡើងដោយមនុស្ស ឬកែច្នៃពីហ្សែននោះទេ» ប៉ុន្តែថា កិច្ចការបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីកំណត់អំពីរបៀបដែលការឆ្លងដំបូងនៃវីរុសនេះបានកើតឡើង។
ចាប់តាំងពីពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអំពីស្ថានភាពអាសន្នផ្នែកសុខភាពនៅលើពិភពលោកកាលពីខែមករា ឆ្នាំ ២០២០ មក ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជិត ៧ លាននាក់នៅទូទាំងពិភពលោក ដោយមន្រ្តីខ្លះលើកឡើងថា ចំនួនមនុស្សស្លាប់ពិតប្រាកដអាចមានច្រើនរហូតដល់ ២០ លាននាក់។
មន្រ្តីសុខាភិបាលចិនបានអះអាងការពារម្តងហើយម្តងទៀតចំពោះការដោះស្រាយរបស់ពួកគេលើការរាតត្បាតជំងឺកូវីដ១៩ ដោយបានរិះគន់ការលើកឡើងណាមួយដែលថាពួកគេគួរតែចែករំលែកព័ត៌មានបន្ថែមអំពីរឿងនេះឱ្យបានលឿនជាងនេះថាមានលក្ខណៈ «បំពាននិងមិនមានការគោរព»។
កាលពីខែមីនា មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកនាំមុខមួយចំនួនបានកត់សម្គាល់ថា ការប្រមូលព័ត៌មានបន្ថែមអំពីវីរុសកូវីដ១៩ មានការលំបាក ដោយសារតែមួយផ្នែកបណ្ដាលមកពីការបដិសេធរបស់ចិននៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើរឿងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមិថុនា លោក Mike Turner ប្រធានគណៈកម្មាធិការពិសេសកិច្ចការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាអាមេរិក និងលោក Brad Wenstrup ប្រធានអនុគណៈកម្មាធិការពិសេសកិច្ចការវិបត្តិជំងឺកូវីដ១៩ នៃរដ្ឋសភាអាមេរិក បានកោតសរសើររបាយការណ៍ព័ត៌មានសម្ងាត់ដែលត្រូវបានបញ្ចេញជាផ្លូវការនេះ ដោយបាននិយាយថា៖ «គណបក្សកុម្មុយនីស្តចិននិងយោធាចិនត្រូវផ្តល់ការពន្យល់លើបញ្ហានេះ»។
លោក Turner និងលោក Wenstrup ដែលមកពីគណបក្សសាធារណរដ្ឋនេះ បានថ្លែងដូច្នេះថា៖ «មនុស្សគ្រប់គ្នាត្រូវតែដឹងអំពីការពិត ហើយការបញ្ចេញជាផ្លូវការនូវព័ត៌មានសម្ងាត់ក្នុងរបាយការណ៍នេះគឺជាជំហានប្រកបដោយក្ដីសង្ឃឹមមួយឆ្ពោះទៅរកតម្លាភាពពេញលេញ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា