ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy បានជួបពិភាក្សាគ្នាម្ដងទៀតកាលពីថ្ងៃចន្ទអំពីការដំឡើងពិដានបំណុលរបស់សហរដ្ឋអាមេរិក ហើយជាថ្មីម្ដងទៀតមិនសម្រេចបានការព្រមព្រៀងណាមួយទេ ស្របពេលដែលកាលបរិច្ឆេទផុតកំណត់ដែលសហរដ្ឋអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបានជាលើកដំបូងបង្អស់ឈានជិតចូលមកដល់។
នៅក្នុងលិខិតផ្ញើទៅកាន់ថ្នាក់ដឹកនាំសភាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយថា រដ្ឋាភិបាលអាចមិនមានលទ្ធភាពសងបំណុលរបស់ខ្លួនបាននៅថ្ងៃទី១ ខែមិថុនាខាងមុខ និងបានព្រមានថា សូម្បីតែការរង់ចាំឱ្យកៀកដល់ពេលនោះដើម្បីឈានទៅដល់ការព្រមព្រៀងគ្នា ក៏វា«អាចបណ្ដាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះទំនុកចិត្តរបស់អាជីវកម្មនិងអតិថិជន បង្កើនថ្លៃខ្ចីប្រាក់រយៈពេលខ្លីសម្រាប់អ្នកបង់ពន្ធ និងប៉ះពាល់បែបអវិជ្ជមានដល់ពិន្ទុវាយតម្លៃសមត្ថភាពខ្ចីប្រាក់របស់សហរដ្ឋអាមេរិក» ផងដែរ។
កាលពីថ្ងៃចន្ទ នៅពេលដែលលោក Biden និងលោក McCarthy បានជួបពិភាក្សាគ្នាមួយលើកទៀត លោក Biden បាននិយាយថា ការមិនចាត់វិធានការអាចមានផលវិបាកធ្ងន់ធ្ងរ។ លោក Biden ថ្លែងដូច្នេះថា៖ «ពលរដ្ឋអាមេរិកាំងនឹងរងផលប៉ះពាល់ពិតប្រាកដចំពោះជីវភាពរស់នៅរបស់ពួកគេ ហើយជាការពិត ពិភពលោកទាំងមូលក៏នឹងរងផលប៉ះពាល់នេះផងដែរ»។
លោក Biden និងលោក McCarthy បានជួបពិភាក្សាគ្នា ៣ ដងរួចមកហើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ុន្តែរាល់ពេលគឺតែងតែមិនឈានដល់ការព្រមព្រៀងគ្នា។
លោក McCarthy បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងមិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការពិភាក្សានេះគឺមានលទ្ធផលជាផ្លែផ្កាចំពោះផ្នែកដែលយើងមានការខ្វែងគំនិតគ្នា»។ លោកបន្ថែមថា ក្រុមចរចាទាំងពីរនឹងបន្តពិភាក្សាគ្នាតាមរយៈបុគ្គលិក។
ប្រធានាធិបតីនិងថ្នាក់ដឹកនាំសភាអាណត្តិមុនៗបានឈានដល់ការព្រមព្រៀងគ្នានៅក្នុងការបង្កើនកម្រិតអតិបរមានៃបំណុលរបស់សហរដ្ឋអាមេរិកចំនួន ៧៨ ដងរួចមកហើយក្នុងការចរចាបែបសម្របសម្រួលគ្នាទៅវិញទៅមក។
នៅឆ្នាំនេះ គណបក្សសាធារណរដ្ឋនៅរដ្ឋសភាបានស្នើឱ្យមានការកាត់បន្ថយការចំណាយខ្លាំងក្លាសម្រាប់រដ្ឋាភិបាល រីឯសេតវិមានវិញបានប្រឆាំងដោយស្នើឱ្យបិទចន្លោះប្រហោងពន្ធដារនិងអនុម័តបន្ថែមទៀតនូវការកាត់បន្ថយការចំណាយដែលមានកម្រិត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។
ការពិភាក្សាអំពីការដំឡើងពិដានបំណុលរបស់អាមេរិកមិនទាន់ឈានដល់ការព្រមព្រៀងគ្នាទេ
