ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​មេដឹកនាំ​សភា​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ​លើ​ការបង្កើន​កម្រិត​ប្រាក់​បំណុល


លោក​ប្រធានាធិបតី Joe Biden គ្រវីដៃ​ពេល​មនុស្សម្នា​ថត​រូប​លោកនិង​គ្រួសារ​របស់​លោក ពេល​ចូលរួម​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ Pennsylvania ដែល​ចៅស្រី​របស់​លោក គឺ​នាង Maisy Biden ទទួល​សញ្ញាបត្រ​នៅ​ទីក្រុង Philadelphia ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
លោក​ប្រធានាធិបតី Joe Biden គ្រវីដៃ​ពេល​មនុស្សម្នា​ថត​រូប​លោកនិង​គ្រួសារ​របស់​លោក ពេល​ចូលរួម​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ Pennsylvania ដែល​ចៅស្រី​របស់​លោក គឺ​នាង Maisy Biden ទទួល​សញ្ញាបត្រ​នៅ​ទីក្រុង Philadelphia ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden និយាយ​ថា​ លោក​នឹង​បន្ត​ជួប​ពិភាក្សា​ជា​មួយ​មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិក​ នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ ​ខណៈ​ការខ្វែង​គំនិត​គ្នាអំពីប្រាក់​បំណុល​អាមេរិក​ កំពុង​រុញ​ប្រទេស​នេះ​ទៅដល់​ពិដាន​ប្រាក់កម្ចី​ ដោយ​នៅ​មិន​ទាន់​ឃើញ​មាន​សញ្ញា​ឯកភាព​គ្នា​ណា​មួយ​នៅ​ឡើយ​ទេ។​ ​នេះ​បើតាម​សេចក្តី​រាយកាណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

កិច្ចប្រជុំ​នេះ ​ដំបូង​ឡើង​ត្រូវ​បានកំណត់​ថា​នឹង​ត្រូវ​ធ្វើបន្ត​នៅ​ថ្ងៃ​សុក្រសប្តាហ៍​មុន​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល ដោយទុកពេល​ឱ្យមាន​ការ​ជួប​ប្រជុំបន្ត​ត្រឹម​ថ្នាក់​កម្រិត​បុគ្គលិក​ មុន​ពេល​ដែល​លោក Biden និង​ក្រុម​មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិកទាំង​៤​រូប​ អាច​ជួប​គ្នា​បន្ត​ទៀតជាលើក​ទី​២។

លោក Biden ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Philadelphia កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​ដើម្បី​ចូល​រួមពិធី​ទទួល​សញ្ញាបត្រ​ចៅ​ស្រី​របស់លោក​នៅ​សាកលវិទ្យាល័យ​ Pennsylvania ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ថ្ងៃ​អង្គារ​នេះ​ ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​ ឬ​រំពឹង​ថា​នឹង​មាន​ការឯកភាព​គ្នាណា​មួយ​ឡើយ។​ ​

លោក​ Biden បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោនវិញនៅ​ល្ងាច​ថ្ងៃចន្ទ​ ហើយ​មាន​គម្រោង​នឹង​ទៅចូល​រួម​កិច្ចប្រជុំ​កំពូល​របស់ក្រុម​ប្រទេស ​G7 នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ ​អ្នកនាំពាក្យក្រុម​ប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក លោក​ John Kirby បាន​និយាយ​ថា​ ​រហូត​មក​ដល់​ពេល​នេះ​លោក​ប្រធានាធិបតី នៅ​តែ​មាន​គម្រោង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដូច​តាម​ការ​គ្រោង​ទុក។​

លោក Biden កាល​ពី​ថ្ងៃ​អាទិត្យ​មិន​បាន​និយាយ​លម្អិតពី​ការ​ចម្រើន​ទៅ​មុខនៃ​ការ​ពិភាក្សា​គ្នា​ក្នុង​ពេល​កន្លង​ទៅ​ទេ​ ប៉ុន្តែ​លោក​ថា​ លោក​នៅ​តែ​មាន​សង្ឃឹមថា​ កិច្ចព្រមព្រៀង​មួយ​អាច​នឹង​ត្រូវសម្រេច​បាន​ជា​មួយ​ក្រុម​បក្ស​សាធារណរដ្ឋ​ ដើម្បី​បញ្ចៀស​នូវ​អ្វីដែល​ជា​ការ​មិន​អាច​សង​បំណុល​បាន​ ​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​ ហើយ​ដែល​អាច​នាំ​ទៅ​ដល់មហន្តរាយ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​មួយ។​

ក្រុម​មន្ត្រី​ជំនួយ​ការ​អាមេរិកនិយាយ​ថា​ កិច្ចពិភាក្សា​ជុំវិញ​រឿង​នេះ​ បាន​បន្ត​ធ្វើពេញ​ចុងសប្តាហ៍កន្លងទៅ​នេះ។ ​ប៉ុន្តែ​មិន​មាន​សញ្ញាបន្តិចបន្តួច​ជា​សាធារណៈ​ឡើយ​ថា​ភាគីទាំង​ខាង​សេតវិមាន​និង​ខាង​ក្រុម​រដ្ឋ​សភា​គណបក្ស​សាធារណរដ្ឋ​ បាន​ដក​ថយ​ពី​ជំហរដូច​ដែល​គេ​បាន​ធ្វើ​ក្នុង​ជំនួប​ជំហាន​ដំបូង​ៗ​នោះ​ទេ។ លោក Biden ​បាន​អំពាវនាវ​ដល់​សមាជិក​សភា​ឱ្យដក​ចេញ​ការ​កម្រិត​ប្រាក់​បំណុលដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​លោក​ព្រមាន​ថា​ អំណាច​ខ្ចី​ប្រាក់​របស់​ជាតិ​ មិន​គួរ​ត្រូវយក​ទៅ​ប្រើប្រាស់ ​ដើម្បីកាត់បន្ថយ​ការ​ចំណាយយ៉ាង​ខ្លាំង​ ក៏​ដូច​ជា​ការ​ទាម​ទារទៅ​តាម​គោលនយោបាយ​អភិរក្ស​ដទៃ​ទៀតនោះឡើយ៕

XS
SM
MD
LG