ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក McCarthy នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​និយាយ​រឿង​​ពិដាន​ប្រាក់​បំណុល​អាមេរិក


រូប​ថត​សេតវិមាន​ខណៈ​ដែលលោក Joe Biden និង​ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy នឹង​ជួប​ប្រជុំ​ទាក់ទិន​នឹង​ពិដាន​បំណុល​
រូប​ថត​សេតវិមាន​ខណៈ​ដែលលោក Joe Biden និង​ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy នឹង​ជួប​ប្រជុំ​ទាក់ទិន​នឹង​ពិដាន​បំណុល​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden និង​ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​សេតវិមាន​ដើម្បី​ចរចារ​ពី​រឿង​បង្កើន​ពិដានប្រាក់​បំណុល​អាមេរិក។

ក្រុម​អ្នក​ចរចារ​នៃ​គណបក្សទាំង​ពីរ​បាន​ជួប​ពិភាក្សាគ្នា​ជាង​២​ម៉ោង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​ខណៈ​ដែល​លោក Biden និង​លោក McCarthy បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ ដែលលោក​ទាំង​ពីរ​ពណ៌នា​ថា​មាន​ភាព​ជា​វិជ្ជមាន​នោះ។

លោក Biden បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មានបន្ទាប់ពី​បាន​វិលត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោនពី​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G7 នៅក្នុង​ប្រទេស​ជប៉ុនកាល​ពី​ថ្ងៃអាទិត្យ​ដូច​នេះ​ថា«ការសន្ទនា​តាម​ទូរស័ព្ទ​របស់​យើងប្រព្រឹត្តិ​ទៅ​ល្អ។ យើង​នឹង​ជួបនិយាយ​គ្នានៅ​ថ្ងៃ​ចន្ទ​ស្អែក។

ប្រធានរដ្ឋសភា​លោក McCarthy និយាយ​ថា​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​បាន​ផល​ល្អ។

លោក McCarthy និយាយ​ដូច​នេះ​ថា​ «ខ្ញុំ​គិត​ថា​ យើង​អាចដោះ​ស្រាយ​បញ្ហាមួយ​ចំនួន​បាន​ ​ប្រសិន​បើ​លោក​ប្រធានាធិបតីយល់​ពី​អ្វី​ដែលយើង​ចង់​បាន​នោះ។ ក៏ប៉ុន្តែ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជា​មួយ​លោក​ប្រធានាធិបតីតាំង​ពីដំបូង​ទី​មក​ម្លេះ។ គឺ​យើង​ត្រូវ​តែចាយ​ប្រាក់ ឱ្យ​បាន​តិច​ជាង​ឆ្នាំ​ទៅ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​ខ្វះលុយ​ ហើយ​មិន​មាន​លទ្ធភាព​ដើម្បី​ឆ្លើយតប​ខាង​ហិរញ្ញវត្ថុ​ នៅ​ត្រឹម​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ខាង​មុខ​នេះ។

លោក Biden បាន​និយាយ​កាលពី​ថ្ងៃថ្ងៃ​អាទិត្យ​ថា​ក្រុម​សមាជិក​រដ្ឋសភា​ខាង​បក្ស​សា ធារណរដ្ឋ​ត្រូវតែផ្លាស់​ប្តូរ​ជំហ​ដ៏​តឹងរឹង​របស់​ខ្លួន ស្តី​ពី​ការ​ចាយ​ប្រាក់​របស់​រដ្ឋាភិបាល​ បើ​មិន​ដូច្នេះ​ទេ វា​នឹងមិន​មាន​កិច្ចព្រមព្រៀងណា​មួយ​ដោយ​យោង​ទៅ​លើ​តែ​ការ​ចង់​បាន​របស់​បក្សសាធារណ​រដ្ឋ​នោះ​ឡើយ។

លោក Biden បានថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​កំពូល G-7 ដូច​នេះ​ថា«នេះ​ជា​ពេល​វេលា​ដែលក្រុម​បក្ស​សាធារណរដ្ឋ​ត្រូវ​តែ​ទទួល​ស្គាល់​ថា​វា​នឹង​មិនមានកិច្ចព្រម​ព្រៀង​ណា​មួយ​ ​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយគ្មាន​ការ​ឯកភាព​គ្នា​ពី​គណបក្ស​ទាំង​ពីរ​នោះ​ឡើយ​ ហើយ​មិន​អាច​កើត​ទៅ​រួច​ទេ​ បើផ្អែក​តែ​ទៅ​លើ​បក្ស​សាធារណរដ្ឋ​តែ​មួយ​ប៉ុណ្ណោះ»៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានAP, AFP និង Reuters

XS
SM
MD
LG