ចំនួនមនុស្សស្លាប់ពីការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់កោះតៃវ៉ាន់ បានឡើងដល់ ៣១ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តធ្វើសម្រាប់មនុស្ស ១២ នាក់ទៀតដែលនៅបាត់ខ្លួន។
រូបថត វីដេអូ តាមអ៊ីនធឺណែត បានបង្ហាញយន្តហោះម៉ាស៊ីន ២ របស់ក្រុមហ៊ុន TransAsia នៅក្រោយការហោះឡើងពីចំណតយន្តហោះ Songshan នៅក្រុង តៃប៉ិ កាលពីថ្ងៃពុធ ឆ្ពោះទៅជួរកោះ Kinmen របស់តៃវ៉ាន់។ គេសង្កេតឃើញស្លាបឆ្វេងនៃយន្តហោះ ដែលសំយ៉ុងចុះមកលើដី បានប៉ះទង្គិចនឹងផ្លូវយន្តបថខ្ពស់មួយ និងឡានតាក់ស៊ីមួយគ្រឿង មុនពេលយន្តហោះនេះ ធ្លាក់ទៅក្នុងទន្លេ Keelung។
នាយករដ្ឋបាលអាកាសចរណ៍ស៊ីវិលតៃវ៉ាន់ លោក Lin Tyh-Ming ថ្លែងថា ការស្វែងរកអ្នកដំណើរបាត់ខ្លួនកំពុងបន្តធ្វើឡើង។
លោកបានថ្លែងថា នាពេលបច្ចុប្បន្ន គេបានស្រង់ក្បាលនិងកន្ទុយយន្តហោះចេញពីទឹក ហើយរកឃើញម៉ាស៊ីនទាំងពីរ តែកម្ទេចកម្ទីដទៃទៀតមិនទាន់ស្រង់យកបាននៅឡើយ ដោយសារតែទឹកហូរខ្លាំងពេក។
អាជ្ញាធរនិយាយថា មនុស្ស១៥នាក់នៅរស់ជីវិត ដែលក្នុងនោះរួមមានទារកម្នាក់ផងដែរ៕