យោធានៃប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់កិច្ចខំប្រឹងប្រែងស្វែងរកយន្តហោះ AirAsia ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាកាលពីខែមុន ដោយបានសម្លាប់មនុស្ស១៦២នាក់នៅលើយន្តហោះនោះ។
អ្នកនាំពាក្យយោធាបានប្រកាសនៅថ្ងៃអង្គារនេះដោយនិយាយថា អស់រយៈពេលមួយខែហើយ គឺចាប់តាំងពីការធ្លាក់យន្តហោះថ្ងៃទី២៨ ខែធ្នូមក ហើយបានសុំអភ័យទោសដល់ក្រុមគ្រួសាររបស់ជនរងគ្រោះដែលនៅមិនទាន់រកឃើញសាកសពនោះ។
ទីភ្នាក់ងាររុករកនិងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ីអាចបន្តការរុករកជនរងគ្រោះ៩២នាក់ដែលនៅកំពុងបាត់ខ្លួន។
អ្នកមុជទឹកបានរកឃើញសាកសពអ្នកដំណើរ៧០នាក់ពីកំទេចបាក់បែកយន្តហោះ។ កិច្ចប្រតិបត្តិការជួយសង្គ្រោះត្រូវបានរំខានដោយរលកធំៗនិងមិនអាចមើលឃើញច្បាស់។ ប្រដាប់ថតទិន្នន័យជើងហោះហើររបស់យន្តហោះឬប្រអប់ខ្មៅត្រូវបានរកឃើញកាលពី២សប្តាហ៍មុន។
ជើងហោះហើរលេខ៨៥០១របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានធ្លាក់ចូលក្នុងសមុទ្រជ្វាដោយមានមនុស្ស១៦២នាក់នៅលើយន្តហោះ នៅពេលដែលកំពុងហោះហើរពីទីក្រុង Surabaya ដែលជាទីក្រុងធំទី២របស់ឥណ្ឌូនេស៊ីទៅកាន់ប្រទេសសឹង្ហបុរី។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយថា យន្តហោះនោះបានហោះឡើងលឿនហួសពីល្បឿនធម្មតាមុនពេលធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃទី២៨ ខែធ្នូ៕