នៅថ្ងៃពុធនេះ មានមនុស្សយ៉ាងតិចណាស់៣១នាក់ត្រូវបានសម្លាប់ និង៤០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះមួយនៅខាងក្រៅស្ថានីយ៍បោះឆ្នោតមួយកន្លែងក្នុងផ្នែកនិរតីនៃប្រទេសប៉ាគីស្ថាន តែប៉ុន្មានម៉ោងក្រោយពីក្រុមអ្នកបោះឆ្នោតរាប់លាននាក់បានចាប់ផ្តើមបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយប្រាប់វីអូអេថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ជិះម៉ូតូមួយគ្រឿងហើយវាយប្រហារហ្វូងមនុស្សមួយក្រុមនៅខាងក្រៅស្ថានីយ៍បោះឆ្នោតមួយក្នុងក្រុង Quetta។ ពួកជនរងគ្រោះមានរួមបញ្ចូលពួកអ្នកបោះឆ្នោត, ពួកមន្ត្រីប៉ូលិស និងពួកសកម្មជនគណបក្សនយោបាយ។
ពួករដ្ឋឥស្លាម ដែលជាពួកនិយមជ្រុលបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនៅថ្ងៃពុធនេះ។
ក្រុង Quetta ជាទីរួមខេត្ត Baluchistan ដែលនៅទីនោះការបំផ្ទុះគ្រាប់បែកអត្តឃាតខ្លាំងមួយនៅក្នុងការប្រជុំក្បួនឃោសនាបោះឆ្នោតមួយកាលពីដើមខែនេះបានបណ្តាលឱ្យមនុស្ស១៥១នាក់បាត់បង់ជីវិត ដោយមានរួមបញ្ចូលបេក្ខជនម្នាក់ក្នុងការបោះឆ្នោតសភាខេត្តផងដែរ។ ពួករដ្ឋឥស្លាម ក៏បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារដ៏ប្រល័យនោះដែរ។
ការបោះឆ្នោតនៅថ្ងៃពុធនេះបានបញ្ចប់ការឃោសនាបោះឆ្នោតទូទៅដ៏ជូរចត់មួយដែលមានអំពើហិង្សាច្រើន និងមានការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់ក្រុមយោធាមានឥទ្ធិពលខ្លាំងក្នុងប្រទេសនេះផងដែរ។
ការបោះឆ្នោតនេះបានបង្រួមនៅតែត្រឹមជាការប្រកួតប្រជែងរវាងគណបក្ស Pakistan Muslim League-Nawaz ហៅកាត់ថា PML-N ដែលជាអតីតគណបក្សគ្រប់គ្រងប្រទេសរបស់លោកអតីតនាយករដ្ឋមន្ត្រី Nawaz Sharif និងគណបក្ស
Pakistan Tehreek-e-Insaf ហៅកាត់ថា PTI ដឹកនាំដោយលោក Imran Khan អតីតកីឡាករ cricket ល្បីល្បាញដែលបានសន្យាថានឹងបំបាត់អំពើពុករលួយនិងបង្កើត«រដ្ឋឥស្លាម មួយមានសុវត្ថិភាពសង្គម»៕