មន្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថាក្រុមតាលីបង់ បានបំផ្ទុះគ្រាប់បែកដែលត្រូវបានដាក់បង្កប់ក្នុងឡានមួយគ្រឿងនៅក្បែរការិយាល័យរបស់ទីភ្នាក់ងារចារកម្មជាតិ ស្ថិតក្នុងទីក្រុងGhazni ប៉ែកខាងកើតប្រទេសនេះ។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានសុខាភិបាលខេត្តម្នាក់ គឺលោកMohammad Hemat បានបញ្ជាក់ពីការផ្ទុះគ្រាប់បែកនៅថ្ងៃអាទិត្យនេះ ដែលបានសម្លាប់មនុស្សយ៉ាងតិចអស់១២នាក់ រួមទាំងជនស៊ីវិលផង និងបានធ្វើឱ្យរបួសមនុស្សជាង១៨០នាក់ផ្សេងទៀត។
លោក Mohammad Khalid Wardak ស្នងការប៉ូលិសខេត្ត បានប្រាប់ VOA ថា អ្នករងរបួសរាប់សិបនាក់គឺជាកូនសិស្សដែលកំពុងធ្វើដំណើរទៅសាលារៀន នៅពេលដែលការវាយប្រហារនោះបានកើតឡើង។
ដោយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនោះ អ្នកនាំពាក្យម្នាក់របស់ក្រុមតាលីបង់ បាននិយាយថា ការបំផ្ទុះគ្រាប់បែកដែលមានកម្លាំងដ៏ខ្លាំងក្លានោះ បានបំផ្លាញអាគារដ៏សំខាន់មួយនៃអគ្គនាយកដ្ឋានសន្តិសុខជាតិ ដោយបង្កឱ្យមានចំនួនអ្នកស្លាប់និងរបួសយ៉ាងច្រើន។
ទីក្រុង Ghazni គឺជារដ្ឋធានីនៃរបស់ខេត្តGhazni ហើយស្ថិតនៅលើផ្លូវដ៏សំខាន់មួយដែលភ្ជាប់ខេត្តជាច្រើនទៀតនៅភាគខាងជើងនិងខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។ ស្រុកជាច្រើនរបស់ខេត្តGhazni ត្រូវបានត្រួតត្រានិងប្រទាញប្រទង់យ៉ាងខ្លាំងពីសំណាក់ក្រុមតាលីបង់។
ការបំផ្ទុះគ្រាប់បែកនៅថ្ងៃអាទិត្យនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអ្នកប្រយុទ្ធមួយក្រុមរបស់តាលីបង់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផង បានវាយប្រហារទៅលើមណ្ឌលភស្តុភារនិងវិស្វកម្មនៃក្រសួងការពារជាតិ ស្ថិតក្នុងរដ្ឋធានីកាប៊ុល។
ការវាយប្រហារនោះ ក៏បានកើតឡើងដោយមានការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងឡានផងដែរ ដែលបានសម្លាប់មនុស្សអស់ប្រមាណ៣០នាក់ ដែលភាគច្រើនសុទ្ធតែជាកងកម្លាំងសន្តិសុខ៕