ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥៣​ស្លាប់​នៅ​ក្នុង​ការ​បាក់​រលំ​អគារ​មួយ​ក្នុង​ប្រទេស​ចិន​ ហើយ​ការ​រុករក​អ្នកនៅរស់​ក្រោម​អគារ​នោះ​បាន​បញ្ចប់


រូបថត​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋ​ចិន​​នេះ បង្ហាញ​​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ យក​អ្នក​នៅ​រស់រាន​ទី​១០​ចេញ​ពី​គំនរ​​នៃ​អគារ​ដែល​បាន​បាក់​រលំ​នៅ​ខេត្ត Changsha ប្រទេស​ចិន។
រូបថត​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋ​ចិន​​នេះ បង្ហាញ​​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ យក​អ្នក​នៅ​រស់រាន​ទី​១០​ចេញ​ពី​គំនរ​​នៃ​អគារ​ដែល​បាន​បាក់​រលំ​នៅ​ខេត្ត Changsha ប្រទេស​ចិន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​ បាន​និយាយ​ថា មនុស្ស​៥៣នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​រលំ​អគារ​មួយ កាល​ពី​មួយ​សប្តាហ៍​មុន នៅភាគ​កណ្តាល​ប្រទេស​ចិន។​ មនុស្ស​១០​នាក់ត្រូវ​បានជួយ​សង្គ្រោះ។​ អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការរុករក​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​អ្នក​ដែល​បាន​បាត់​ខ្លួនទាំងអស់ ត្រូវ​បាន​រក​ឃើញ​អស់​ហើយ។​

​ជន​រង​គ្រោះ​ដែល​នៅ​រស់​ចុង​ក្រោយ​គេ​ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះកាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ គឺ​ប្រាំ​ថ្ងៃបន្ទាប់​ពីអគារ​លំនៅដ្ឋាន​និង​ជា​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុងទីក្រុង​ Changsha បាន​បាក់​រលំ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​កន្លង​ទៅ។​ មនុស្សយ៉ាង​ហោច​ណាស់​៩​នាក់ ត្រូវ​បាន​ចាប់ខ្លួនពាក់​ព័ន្ធ​នឹង​ការ​រលំ​នៃ​អគារ​នេះ​ ​ពី​បទ​សង្ស័យ​ថា ​មិន​យក​ចិត្ត​ទុកដាក់​លើច្បាប់​សាងសង់ ឬ​ប្រព្រឹត្ត​អំពើ​បំពាន​ផ្សេងទៀត។​ ​អ្នក​នៅ​រស់​ទាំង​អស់​ ​ត្រូវ​បាន​រាយការណ៍​មក​ថា មាន​សុខភាព​ប្រសើរ បន្ទាប់​ពី​សម្រាក​ព្យាបាល ក្នុង​មន្ទីរ​ពេទ្យ​មក។​

ការ​កើនឡើង​នៃ​ការ​ដួល​រលំ​អគារ​ក្នុង​ប្រទេស​ចិន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ បាន​ធ្វើឱ្យ​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping អំពាវនាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែម​ដើម្បី​រក​មើល​ភាព​ទន់ខ្សោយ​នៃ​ការ​សាងសង់​អគារ។

ការ​មិន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ស្តង់ដា នៃ​សុវត្ថិភាព​សំណង់​ ដែល​ក្នុងនោះ​រួម​មាន​ទាំងការបន្ថែម​ការ​សាងសង់​ជាន់​បន្ថែម​ដោយ​ខុសច្បាប់ និង​ការ​មិន​បាន​ប្រើប្រាស់របា​ដែកពង្រឹង​ឱ្យ​បាន​ត្រឹមត្រូវតែងតែ​ជា​ការ​ស្តីបន្ទោស​ថា​ជា​បុព្វហេតុនៅ​ក្នុង​ការ​បាក់រលំ​ទាំងនោះ។​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពុកផុយ​ ដូច​ជា​បំពង់​ប្រេង​ឬ​ឧស្ម័ន​ ក៏បាន​បណ្តាល​ឲ្យ​មានការ​ផ្ទុះឆេះ​និង​ការដួល​រលំ​អគារ​ផង​ដែរ៕

XS
SM
MD
LG