អាជ្ញាធរទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះបានបើកយុទ្ធនាការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួនជិត២១លាននាក់ក្នុងទីក្រុងនេះខណៈពេលដែលក្តីបារម្ភកំពុងកើនឡើងដែលថា រដ្ឋធានីរបស់ចិននេះអាចនឹងត្រូវបានបិទសកម្មភាពសង្គមដ៏តឹងរឹងដូចទីក្រុងសៀងហៃដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្រោមគោលនយោបាយដែលគ្មានការឆ្លងជំងឺកូវីដ១៩នោះ ចិនបានប្រើប្រាស់វិធានការបិទសកម្មភាពសង្គម ការធ្វើតេស្តដល់ពលរដ្ឋរបស់ខ្លួន និងការរិតបន្តឹងការធ្វើដំណើរដើម្បីទប់ទល់នឹងការឆ្លងនៃជំងឺកូវីដ១៩។
ដោយឡែកទីក្រុងសៀងហៃដែលជាទីក្រុងដ៏ធំបង្អស់របស់ចិនត្រូវបានបិទសង្គមភាពសង្គមស្ទើរទាំងស្រុងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ហើយការបញ្ជាឲ្យធ្វើតេស្តលើពលរដ្ឋដ៏ច្រើននៅក្នុងរដ្ឋធានីប៉េកាំងបានបង្កឲ្យមានក្តីបារម្ភថា ទីក្រុងនេះក៏នឹងអាចត្រូវបានដាក់ឲ្យស្ថិតក្រោមការរិតបន្តឹងដូចទីក្រុងសៀងហៃផងដែរ។
ពលរដ្ឋចិនម្នាក់ឈ្មោះ Zhao ដែលកំពុងដើរទិញឥវ៉ាន់នៅផ្សារទំនើបមួយកន្លែងបាននិយាយថា «ស្ថានភាពក្នុងទីក្រុងសៀងហៃនោះបានកើតឡើងហួសពីការស្រមៃគិតរបស់មនុស្សគ្រប់ ៗគ្នា ហើយមានមនុស្សជាច្រើនគិតថាវាជារឿងមួយដែលមិនគួរឲ្យជឿដែលទីក្រុងទំនើបមួយនេះមានស្ថានភាពដូចនេះ»។
អ្នកស្រី Zhao ដែលមានអាយុ៣៥ឆ្នាំ និងជាមន្ត្រីជំនាញខាងផ្នែកបុគ្គលិកនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «ខ្ញុំជឿជាក់ថា ស្ថានភាពរបស់យើងក្នុងទីក្រុងប៉េកាំងមិនអាក្រក់ដូចទីក្រុងសៀងហៃនោះទេ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ យើងបានទិញអង្ករ មី គ្រាប់ធញ្ញជាតិ និងប្រេងឆាទុកមួយចំនួន។ យើងបានត្រៀមរៀបចំសម្រាប់រយៈពេលយ៉ាងហោចណាស់ក៏ពី១ ទៅ២សប្តាហ៍ដែរ»។
អាជ្ញារធរក្នុងរដ្ឋធានីប៉េកាំងបានបញ្ជាឲ្យពលរដ្ឋរបស់ខ្លួននៅក្នុងសង្កាត់ទាំង១២នៃទីក្រុងនេះដែលមានពលរដ្ឋរស់នៅដ៏ច្រើននោះត្រូវទទួលការធ្វើតេស្តចំនួន៣ដងដើម្បីរកជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញការឆ្លងទៅលើមនុស្សជាច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សង្កាត់ Chaoyang ដែលមានពលរដ្ឋរស់នៅច្រើនជាងគេក្នុងរដ្ឋធានីប៉េកាំងត្រូវបានបញ្ជាឲ្យធ្វើតេស្តរកជំងឺកូវីដ១៩មុនគេចាប់ពីថ្ងៃចន្ទម្សិលមិញទៅ ដោយគេឃើញមានមនុស្សឈរតម្រង់ជួរយ៉ាងវែងដើម្បីឲ្យក្រុមបុគ្គលិកសុខាភិបាលដែលបំពាក់ដោយសម្លៀកបំពាក់និងឧបករណ៍ការពារបាញ់សម្អាតជាមួយថ្នាំសម្លាប់មេរោគ។
ចំណែកសង្កាត់១១ផ្សេងទៀត និងត្រូវចាប់ផ្តើមធ្វើតេស្តនៅថ្ងៃអង្គារនេះ។
ការបញ្ជាឲ្យធ្វើតេស្តទៅលើពលរដ្ឋក្នុងសង្កាត់ Chaoyang បានធ្វើឲ្យមនុស្សម្នាជាច្រើននាំគ្នាទៅទិញទំនិញស្តុកទុកទាំងស្លន់ស្លោកាលពីយប់ថ្ងៃអាទិត្យ ដោយគេឃើញមានក្រុមមនុស្សឈរតម្រង់ជួរយ៉ាងវែងនៅតាមទីផ្សារទំនើបនានា នៅក្នុងទីក្រុងប៉េកាំងជាមួយនឹងរទេះរុញឥវ៉ាន់ ខណៈពេលដែលបណ្តាញព័ត៌មានរដ្ឋចិនបានព្យាយាមផ្សព្វផ្សាយដើម្បីធានាដល់សា ធារណជនថា ឥវ៉ាន់និងទំនិញមានគ្រប់គ្រាន់សម្រាប់ទិញ មិនខ្វះនោះទេ។
ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំងមួយចំនួនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាពួកគេបារម្ភខ្លាចមានការបិទខ្ទប់ដូចក្នុងទីក្រុងសៀងហៃដែរ ដែលនៅទីនោះមនុស្សមួយចំនួនបានព្យា យាមដើម្បីទទួលបាននូវម្ហូបអាហារ និងថ្នាំពេទ្យសម្រាប់អ្នកដែលមិនមានជំងឺកូវីដ១៩នោះ។
គេឃើញបរិវេណមួយចំនួននៃសង្កាត់ Chaoyang ក្នុងទីក្រុងប៉េកាំងត្រូវបានអាជ្ញាធរបិទមិនឲ្យមានការចេញចូលនោះឡើយ ដែលមានភាពដូចគ្នានឹងទីក្រុងសៀងហៃផងដែរ។
ទន្ទឹមនឹងនេះផងដែរអាជ្ញាធរក្នុងរដ្ឋធានីប៉េកាំងបានផ្អាករាល់ការជួបជុំធំៗនានាដូចជាពិធីជប់លៀងរៀបមង្គលការ បិទសាលមហោស្រព និងបានបញ្ជាឲ្យផ្អាកការជួសជុល ឬការសាងសង់ផ្ទះជាដើម៕