រលកយក្សស៊ូណាមិមួយបានកើតមានឡើងនៅឆ្នេរតាមបណ្តោយប្រជុំកោះស៊ុនដា កាលពីយប់ថ្ងៃសៅរ៍។ ចំនួនមនុស្សស្លាប់បានកើនដល់១៦៨នាក់និងមានមនុស្សជាង៧០០នាក់រងរបួស។ នេះបើតាមការបញ្ជាក់នៅថ្ងៃអាទិត្យនេះរបស់ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី។
អង្គការកាកបាទក្រហមឥណ្ឌូនេស៊ីបាននិយាយបន្ថែមនៅក្នុងរបាយការណ៍ថាចំនួនអ្នកស្លាប់«អាចនឹងកើនឡើងថែមទៀតក្នុងពេលមានការវាយតម្លៃថ្មីៗ»។
ចំនួនមនុស្សស្លាប់មាននៅតំបន់ចំនួនបី គឺនៅតំបន់ឡាំពុងខាងត្បូង នៃកោះស៊ូម៉ាត្រា និងតំបន់សេរ៉ាង និងប៉ានដេឡាង នៃកោះចាវ៉ា ដែលស្ថិតនៅភាគខាងលិចរដ្ឋធានីហ្សាការតា ដែលនៅតាមបណ្តោយប្រជុំកោះស៊ុនដា។ នេះបើតាមការបញ្ជាក់របស់លោកស៊ូតុប៉ូ ពួរវូ ណូក្រូហូ អ្នកនាំពាក្យសម្រាប់ទីភ្នាក់ងារជាតិបញ្ជៀសគ្រោះមហន្តរាយ។
ទីភ្នាក់ងារនេះបន្ថែមថា ផ្ទះរាប់រយខ្នង សណ្ឋាគារចំនួន៩ និងទូកជាង៣៥០គ្រឿង ត្រូវបានបំផ្លាញ ហើយក៏មានរថយន្តនិងយានយន្តដទៃទៀតរាប់សិបគ្រឿងបានខូចខាត។
ទីភ្នាក់ងារឧត្តុនិយម អាកាសធាតុ និងភូមិសាស្រ្តរាយការណ៍ថាបន្ទុះមួយបានកើតមានឡើងនៅភ្នំភ្លើង Krakatoa នៅម៉ោង៩ល្ងាច ហើយរលកយក្សស៊ូណាមិបានកើតមានឡើងនៅម៉ោង៩កន្លះ។
ទីភ្នាក់ងារឧត្តុនិយម អាកាសធាតុ និងភូមិសាស្រ្ត បានបន្ថែមថា «មូលហេតុនៃរលកយក្សស៊ូណាមិគឺដោយសារការកើតឡើងរួមគ្នានៃការបាក់ដីនៅបាតសមុទ្រក្រោយពីបន្ទុះភ្នំភ្លើងAnak Krakatoa និងរលកសមុទ្របង្កឡើងដោយថ្ងៃពេញបូរមី»។ ប៉ុន្តែទីភ្នាក់ងារភូមិសាស្រ្តឥណ្ឌូនេស៊ីបាននិយាយថាពួកគេមិនអាចបញ្ជាក់ថារលកយក្សនេះកើតឡើងដោយសារបន្ទុះភ្នំភ្លើង Krakatoa ទេដោយសារភ្នំភ្លើងនេះបានផ្ទុះកាលពីខែមិថុនាហើយមានកម្លាំងខ្លាំងជាងនេះផងប៉ុន្តែមិនមានរលកយកស៊ូណាមិទេ៕