នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងធ្វើដំណើរទៅដល់កន្លែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើឡើងនៅរមណីយដ្ឋានតំបន់ភ្នំមួយកន្លែងក្នុងក្រុង Davos ប្រទេសស្វីស។
ការចូលរួមរបស់លោក Trump នៅក្នុងកិច្ចប្រជុំនេះ គឺជាការចូលរួមដំបូងបង្អស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែង តាំងពីពេលដែលអតីតប្រធានាធិបតី Bill Clinton បានចូលរួមកាលពីឆ្នាំ ២០០០ មក។
អ្នកវិភាគនានាបាននិយាយថា គណៈប្រតិភូភាគច្រើនបានត្រៀមខ្លួនឃើញទស្សនៈខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងសេដ្ឋកិច្ចសាកលលោក។
លោក Trump ត្រូវគេរំពឹងថា នឹងជំរុញគោលនយោបាយ «ផ្ដល់អាទិភាពលើសហរដ្ឋអាមេរិកដំបូងគេបង្អស់» ដែលជាគោលនយោបាយមួយ ដែលសហរដ្ឋអាមេរិកបានយកពន្ធលើទំនិញនាំចូលមួយចំនួន និងទាមទារឲ្យមានការរៀបចំរចនាសម្ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសាកលលោកឡើងវិញ។ មហាអំណាចសាកលលោកផ្សេងទៀត ដូចជាបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ប្រទេសចិន និងជប៉ុន កំពុងជំរុញឲ្យមានការប្ដូរផ្ដាច់ឡើងវិញចំពោះពាណិជ្ជកម្មសេរីក្នុងពិភពលោក។
អ្នករៀបចំកិច្ចប្រជុំនេះសង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយសម្រុះសម្រួលទស្សនៈផ្ទុយគ្នារបស់គូប្រជែងនីមួយៗ។
លោក Borge Brende ប្រធានអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំលើកិច្ចពិភាក្សា ហើយខ្ញុំគិតថា ការណ៍ដែលប្រធានាធិបតីអាមេរិកមកចូលរួមក៏បើកឱកាសឲ្យមានការពិភាក្សាអំពីសកលភាវូបនីយកម្មដ៏យុត្តិធម៌ជាងមុនមួយ»៕