ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​បោះ​ឆ្នោត​អនុម័ត​បើក​រដ្ឋាភិបាល​ឡើង​វិញ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីរបស់​លោក​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីរបស់​លោក​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​មួយ​ដើម្បី​បើក​រដ្ឋាភិបាល​ឲ្យ​ដំណើរការ​ឡើង​វិញ ដើម្បី​បញ្ចប់​នូវ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​អស់​រយៈពេល ៣ ថ្ងៃ​កន្លង​មក ដែល​ការ​បិទ​រដ្ឋាភិបាល​នេះ មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​លើ​បញ្ហា​អន្តោប្រវេសន៍។

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ម្សិលមិញ សមាជិក​រដ្ឋសភា​អាមេរិក​បាន​បោះ​ឆ្នោត​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​នេះ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​អនុម័ត​រួច​មក​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​ដដែល​នេះ។

ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​នេះ​នឹង​បន្ត​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម្បី​ទុក​ពេល​ឲ្យ​សភា​ធ្វើ​ការ​ពិភាក្សា​លើ​ច្បាប់​ថវិកា​រយពេល​វែង។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Ohio លោក Sherrod Brown បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «នេះ​ជា​ដំណឹង​ល្អ​សម្រាប់​សហរដ្ឋ​អាមេរិក‍»។

រី​ឯ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Maine លោកស្រី Susan Collins វិញ បាន​និយាយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​អបអរសាទរ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​បិទ​ដំណើរការ នោះ​វា​បង្ហាញ​អំពី​ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង‍»។

លោក​ប្រធានាធិបតី Trump បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​អាន​ដោយ​អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​សុភវិនិច្ឆ័យ​ឡើង​វិញ និង​មាន​ឆន្ទៈ​ក្នុង​ការ​អនុម័ត​ច្បាប់​ថវិកា​ដើម្បី​ចំណាយ​ដល់​យោធា​ដ៏​អស្ចារ្យ​របស់​យើង និង​ការ​គ្រប់គ្រង​ព្រំដែន​ជា​ដើម‍»៕

XS
SM
MD
LG