ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​ជន​អន្តោប្រវេសន៍​ខ្មែរ​កាត់​ចិន នឹង​ចូល​ប្រកួត​ដើម្បី​អសនៈ​សភា​សហរដ្ឋ​អាមេរិក​ជា​លើក​ទី២


រូបឯកសារ៖ អ្នកនាង Elizabeth Heng ដែលជាសហគ្រិន​និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិតមួយ បាន​ប្រកាសកាលពី​សប្តាហ៍មុនថា អ្នកនាង​នឹង​ចូល​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នៅអាមេរិក​នៅ​ឆ្នាំ២០២២ ខាងមុខ ដើម្បី​ដណ្តើម​អសនៈ​សភា​អាមេរិក​ជា​លើកទី២។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)
រូបឯកសារ៖ អ្នកនាង Elizabeth Heng ដែលជាសហគ្រិន​និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិតមួយ បាន​ប្រកាសកាលពី​សប្តាហ៍មុនថា អ្នកនាង​នឹង​ចូល​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នៅអាមេរិក​នៅ​ឆ្នាំ២០២២ ខាងមុខ ដើម្បី​ដណ្តើម​អសនៈ​សភា​អាមេរិក​ជា​លើកទី២។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)

កូន​ស្រី​ជន​អន្តោប្រវេសន៍​ខ្មែរ​កាត់​ចិន​ម្នាក់​នៅ​ក្នុង​ទីក្រុង​ Fresno រដ្ឋ​កាលីហ្វ័រញ៉ា បាន​ប្រកាស​ថា​ ខ្លួន នឹង​ចូល​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២២ ​ខាង​មុខ ដើម្បី​ដណ្តើម​អសនៈ​សភា​អាមេរិក​ជា​លើក​ទី​២។

អ្នក​នាង​ Elizabeth Heng ដែល​ជា​សហគ្រិន​និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា អ្នក​នាង​នឹង​ចូល​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​សភា​ដែល​នៅ​ទំនេរ​របស់​លោក Devin Nunes ក្រោយ​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណ​រដ្ឋ​តំណាង​សង្កាត់​ទី​២២​ នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ ​ចេញ​ពី​តំណែង​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០២១​ នេះ។

លោក Devin Nunes បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​តំណាងរាស្ត្រ ដើម្បី​ទៅ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ប្រព័ន្ធផ្សព្វផ្សាយ ​Trump Media & Technology Group ​របស់លោក​អតីត​ប្រធានាធិបតី Donald Trump​ វិញ។

ការ​ចូល​ប្រកួត​ដណ្តើម​កៅអី​តំណាងរាស្ត្រ​សភា​សហរដ្ឋ​អាមេរិក​របស់​អ្នក​នាង​ Elizabeth Heng ខាងគណបក្ស​សាធារណរដ្ឋ​នេះ ធ្វើ​ឡើង​ជា​លើក​ទី​២​ហើយ ក្រោយ​ពីកូន​ស្រី​របស់​គ្រួសារ​អន្តោប្រវេសន៍​ខ្មែរ​កាត់​ចិន​ក្នុង​ក្រុង​ Fresno ​រូប​នេះ បាន​ចាញ់​ការ​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨។

អ្នក​នាង​ Elizabeth Heng ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សកលវិទ្យាល័យ Yale បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​សាធារណរដ្ឋ​សម្រាប់​សង្កាត់​ទី​១៦ ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ។ នេះ ​បើ​យោង​តាម​គេហទំព័រ​នៃ​យុទ្ធនាការ​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​អ្នក​នាង​ផ្ទាល់។

នៅក្នុង​សេចក្តីថ្លែងការណ៍ចូល​រួម​ប្រកួត​ប្រជែង​ជា​លើក​ទី​២​សម្រាប់​តំណែង​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នេះ អ្នក​នាង Elizabeth Heng ដែល​ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​ផ្នែក​ពិធីការ​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ បាន​ប្តេជ្ញា​ផ្តោត​លើ​បញ្ហា​កសិកម្ម ធនធាន​ទឹក អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ។ នេះ​ បើ​យោង​តាម​សារព័ត៌មាន​ The Fresno Bee។​

សហរដ្ឋ​អាមេរិក គ្រោង​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិប្រធានាធិបតី​ ឬ​ការ​បោះឆ្នោត​សភា​ជាតិ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២៕

XS
SM
MD
LG