ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ព្រៃផ្សៃ​របស់របប​ខ្មែរក្រហម​ផុស​ឡើង​ក្នុង​នយោបាយ​អាមេរិក


កញ្ញា Elizabeth Heng ដែល​ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ គឺជាសមាជិក​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​ស្ថាបនិក​នៃគណៈកម្មាការ​ New Faces GOP របស់​គណបក្ស​ប្រជាធិបតេយ្យ។
កញ្ញា Elizabeth Heng ដែល​ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ គឺជាសមាជិក​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​ស្ថាបនិក​នៃគណៈកម្មាការ​ New Faces GOP របស់​គណបក្ស​ប្រជាធិបតេយ្យ។

​កញ្ញា Elizabeth Heng បាន​បន្ត​និយាយ​ទៀត​ថា ឪពុក​របស់​នាង​បាន​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ក៏​ដោយសារ​តែ​ការ​រៀប​ការ​ទាំង​បង្ខំ ហើយ​ថា «នេះ​ហើយ​គឺជា​មុខ​នៃ​មនោមវិជ្ជា​សង្គម​និយម‍»។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២​កន្លងទៅ​ ដែល​ជា​ការ​ជជែក​ដេញដោល​លើក​ទី៣​របស់​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ Houston ​រដ្ឋ​តិចសាស់ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ABC បាន​ចាក់​ផ្សាយ​វីដេអូ​ឃោសនា​នយោបាយ​មួយ​របស់​គណបក្ស​សាធារណរដ្ឋ។

វីដេអូ​ឃោសនា​នយោបាយ​នោះ​បាន​ព្រមាន​អ្នក​ទស្សនា​អំពី​មនោគមវិជ្ជា​សង្គម​និយម ដោយ​លើកឡើង​ពី​សោកនាដកម្ម​នៅ​ប្រទេស​កម្ពុជា ដែល​បង្ក​ឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នេះ​បើ​តាម​ការរៀប​រាប់​របស់ស្ត្រី​ម្នាក់ដែលអាន​សារឃោសនា​នយោបាយ​នោះ។

រូបឯកសារ៖ អ្នកស្រី Alexandria Ocasio-Cortez សមាជិក​តំណាង​រាស្ត្រ​សភា​ម្នាក់​ប្រចាំ​រដ្ឋញូវយ៉ក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយនៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកស្រី Alexandria Ocasio-Cortez សមាជិក​តំណាង​រាស្ត្រ​សភា​ម្នាក់​ប្រចាំ​រដ្ឋញូវយ៉ក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយនៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩។

វីដេអូ​ឃោសនា​នយោបាយ​នោះ ដែល​មាន​រយៈពេល​៣០​វិនាទី ចាប់​ផ្តើម​ឡើង​ដោយ​គេ​ឃើញ​រូប​អ្នកស្រី Alexandria Ocasio-Cortez សមាជិក​តំណាង​រាស្ត្រ​សភា​ម្នាក់​ប្រចាំ​រដ្ឋញូវយ៉ក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ដុត​បំផ្លាញ​ដោយ​ភ្លើង និង​រូប​លលាល៍​ក្បាល​របស់​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ ហើយ​អ្នក​អាន​សារ​របស់​វីដេអូ​ឃោសនា​នយោបាយ ដែល​ជា​ស្ត្រី​វ័យ​កណ្តាល​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​ ឈ្មោះ Elizabeth Heng បាន​និយាយ​ថា «នេះ​គឺជា​មុខ​នៃ​មនោគម​វិជ្ជា​សង្គម​និយម‍»។

​កញ្ញា Elizabeth Heng បាន​បន្ត​និយាយ​ទៀត​ថា ឪពុក​របស់​នាង​បាន​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ក៏​ដោយសារ​តែ​ការ​រៀប​ការ​ទាំង​បង្ខំ ហើយ​ថា «នេះ​ហើយ​គឺជា​មុខ​នៃ​មនោមវិជ្ជា​សង្គម​និយម‍»។ នាង​ក៏​បាន​បន្ត​ថា «​មុខ​របស់​ខ្ញុំ​គឺ​ជា​មុខ​នៃ​សេរីភាព ស្បែក​របស់​ខ្ញុំ​មិន​ស​មែន តែ​ខ្ញុំ​មិន​ឃោរឃៅ មិន​ប្រកាន់​ពូជសាសន៍ និង​មិន​ជា​អ្នក​គាំទ្រ​សង្គម​និយម​ទេ‍»។

យោង​តាម​កាសែត​ The New York Times ក្រុម New Faces GOP របស់​គណបក្ស​សាធារណរដ្ឋ គឺជា​អ្នក​ផលិត និង​ចំណាយ​ថវិកា​លើ​ថ្លៃ​ចាក់​ផ្សាយ​វីដេអូ​ឃោសនា​មួយ​នេះ​ ដែល​បង្ក​ឲ្យ​មាន​ការ​រិះ​គន់​ខ្លាំង​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ABC។ បើ​តាម​គេហទំព័រ​របស់​ក្រុម​នេះ បេសកកម្ម​របស់​ពួកគេ​គឺ​ «ជួយ​ជំរុញ​ឲ្យ​មាន​អ្នក​ជំនាន់​ថ្មី​នៃ​គណបក្ស​សាធារណរដ្ឋ‍» ដែល​មក​ពី​សហគមន៍​ចម្រុះ​ពូជសាសន៍។

ភ្លាមៗ​ក្រោយ​វីដេអូ​ឃោសនា​នយោបាយ​នេះ​ត្រូវបាន​ចាក់​ផ្សាយ អ្នក​ស្រី Alexandria Ocasio-Cortez បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា «អ្នក​ត្រូវ​ដឹង​ថា នេះ​មិន​មែន​ជា​ការ​ឃោសនា​សម្រាប់​ក្រុម​អភិរក្ស​និយម​មក​ពី​សហគមន៍​ជនជាតិ​ភាគ​តិច​ទេ តែ​ជា​រឿង​ប្រឌិត​ឡើង‍។ អ្វី​ដែល​អ្នក​ទើប​តែ​បាន​ឃើញ គឺជា​សំបុត្រ​ស្នេហា​ផ្ញើ​ជូន​ដល់​ក្រុម​ស្បែក​ស​ជ្រុល​និយម​របស់​គណបក្ស​សាធារណរដ្ឋ‍»។

ជា​ការ​ឆ្លើយ​តប កញ្ញា​ Elizabeth Heng បាន​សរសេរ​តាម​បណ្តាញ​ Twitter ទៅ​វិញ​ថា «តើ​អ្នក​កំពុង​តែ​ថា​ខ្ញុំ​ជា​អ្នក​ប្រកាន់​ពូជសាសន៍​មែន​ទេ? ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើ​មនោគមន​វិជ្ជា​ដ៏​ព្រៃផ្សៃ​មួយ​តែ​ប៉ុណ្ណោះ‍»។

កាលពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ កញ្ញា Elizabeth Heng ដែល​មាន​ឪពុកម្តាយ​ជា​ជនជាតិ​ខ្មែរ​ដែល​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់ទី១៦ នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ដណ្តើម​តំណែង​ពី​សមាជិក​ម្នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​បាន​ចាញ់​ការ​បោះឆ្នោត​នោះ។

នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ពេល​សម្ភាស​កញ្ញា Elizabeth Heng លោក Chris Cuomo អ្នក​យក​ព័ត៌មាន​ឲ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន CNN បាន​ហៅ​ការ​ប្រៀប​ធៀប​មនោគមន៍​វិជ្ជា​សង្គម​និយម​ទៅ​នឹង​អំពើ​ព្រៃ​ផ្សៃ​របស់​ខ្មែរ​ក្រហម​ នៅ​ប្រទេស​កម្ពុជា ដូច​ដែល​មាន​ក្នុង​វីដេអូ​ឃោសនា​នយោបាយរបស់​គណបក្ស​សាធារណរដ្ឋនោះ​ថា ​ជា ​«នយោបាយ​បែប​ពិស​ពុល‍» ប៉ុន្តែ កញ្ញា​ Elizabeth Heng បាន​អះអាង​ថា នាង​បាន​ផ្តួច​ផ្តើម​វីដេអូ​ឃោសនា​នយោបាយ​នេះ​ឡើង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា មនោគម​វិជ្ជា​សង្គម​និយម​‍«មិន​ដំណើរ​ការ​ទេ‍» ហើយ​អាច​«ញុះញុង​ឲ្យ​មាន​អំពើ​ហិង្សា‍»​ទៀត​ផង។

ស្របពេល​ជាមួយ​គ្នា​នោះ ​គេ​ក៏​ឃើញ​សហគមន៍​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន ​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​និង​ការ​មិន​ពេញ​ចិត្ត​របស់​ពួក​គេ នៅ​ពេល​អ្នក​នយោបាយ​អាមេរិក​បាន​លើក​យក​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មក​ធ្វើ​ជា​យុទ្ធសាស្ត្រ​នយោបាយ៕

XS
SM
MD
LG