វីដេអូឃោសនារកសំឡេងឆ្នោតដែលបើកឆាកឡើងមានរំលេចដោយរូបថតខ្លះៗស្តីពីប្រវត្តិសាស្រ្តដ៏ជូរចត់របស់ប្រទេសកម្ពុជានៅក្រោមរបបខ្មែរក្រហមបានក្លាយជាចំណុចពិសេសមួយសម្រាប់បេក្ខជនអភិរក្សនិយមដែលកំពុងប្រកួតប្រជែងយកអាសនៈសភាជាតិនៅមណ្ឌលសភាទី១៦ក្នុងរដ្ឋកាលីហ្វញ៉ានៅថ្ងៃទី៦ខែវិច្ឆិកាខាងមុខនេះ។
វីដេអូឃោសនានេះក៏ធ្លាប់បានបណ្តាលឱ្យមានការតវ៉ាដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហ៊ុនហ្វេសប៊ុកនិងធ្វីតធឺផងដែរនៅពេលដែលក្រុមហ៊ុនបណ្តាញសង្គមទាំងពីរនេះបានផ្អាកមិនឱ្យផ្សាយបណ្តោះអាសន្នហើយវាគឺជាការបង្ហាញនូវលក្ខណៈពិសេសរបស់បេក្ខជនតំណាងរាស្ត្រអេលីហ្សាបែត ហេង(Elizabeth Heng) ដែលកំពុងធ្វើការឃោសនារកសំឡេងឆ្នោតដោយទិសស្លោកថា«ជោគជ័យធំៗអាចទទួលបានពីគូប្រជែងដ៏ខ្លាំង»នៅក្នុងការខិតខំប្រឹងប្រែងដើម្បីផ្តួលគូប្រជែងដែលកំពុងកាន់តំណែងគឺលោកជីម កូស្តា (Jim Costa) អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។
កញ្ញាអេលីហ្សាបែត ហេងដែលមានអាយុ៣៣ឆ្នាំមានកំណើតនៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វញ៉ា មានគោលបំណងប្រែក្លាយមណ្ឌលសភានេះពីគណបក្សប្រជាធិបតេយ្យទៅជាសាធារណរដ្ឋវិញដោយនាងមានជំនឿថានឹងផ្តល់ឱកាសការងារដល់អ្នកបោះឆ្នោតអាចសម្រេចជោគជ័យបានដោយការខិតខំប្រឹងប្រែងធ្វើការងារនិងការប្តេជ្ញាចិត្តខ្ពស់។
កញ្ញាអេលីហ្សាបែត ហេងបានបញ្ជាក់ក្នុងបទសម្ភាសជាមួយវីអូអេថា៖
«ខ្ញុំពិតជាមានជំនឿថាយើងត្រូវការសំឡេងថ្មីមួយដែលមានទស្សនវិស័យថ្មីដើម្បីប្រយុទ្ធសម្រាប់សហគមន៍យើងនិងបញ្ហានានាដែលសហគមន៍ជួបប្រទះ»។
នាងបានបន្ថែមថាការរស់នៅក្នុងសហគមន៍នេះនិងបទពិសោធន៍ដែលបានធ្វើការនៅរដ្ឋសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងជួយឱ្យដោះស្រាយបញ្ហាខ្វះការងារធ្វើ ច្បាប់ប្បញ្ញត្តិនានាដាក់លើរបរជំនួញខ្នាតតូចប៉ុន្តែគាំទ្រច្បាប់ប្បញ្ញត្តិណាដែលកាត់បន្ថយការិយាធិបតេយ្យ និងទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធដែលស្តារឡើងវិញនូវការងារពាក់ព័ន្ធនឹងផ្នែកកសិកម្ម។
មណ្ឌលសភាទី១៦នេះដែលរួមមានក្រុងហ្វ្រែសស្នូ (Fresno) ម៉ាដេរ៉ា (Madera) និងមឺស៊ីដ (Merced) គឺជាមណ្ឌលដែលពលរដ្ឋមានចំណូលទាបជាងគេនៅក្នុងរដ្ឋ។ តាមរយៈវីដេអូឃោសនារកសំឡេងឆ្នោតនេះ កញ្ញាអេលីហ្សាបែត ហេងបានបង្ហាញពីសង្កាត់ដែលមិនមានការអភិវឌ្ឍដោយដើរកាត់មុខហាងដែលមិនមានសកម្មភាពលក់ដូរហើយត្រូវបិទចោលនិងបានថ្លែងថា៖«សូមក្រឡេកមើលនៅជុំវិញទីនេះ។ នេះគឺជាអ្វីដែលអ្នកនឹងទទួលបានក្នុងរយៈពេល១៤ឆ្នាំទៀតចាប់ពីពេលនេះទៅបើសិនជាអ្នកមិនរៀបចំផែនការសម្រាប់អនាគតដ៏ប្រសើរជាងពេលនេះទេ»។ រយៈពេល១៤ឆ្នាំគឺជាពេលដែលលោកជីម កូស្តាកាន់តំណែងជាអ្នកតំណាងរាស្រ្តនៅរដ្ឋធានីវ៉ាស៊ីនតោន។ មណ្ឌលនេះមានពលរដ្ឋដើមកំណើតអាស៊ីចំនួនជិត៩ភាគរយ ស្បែកសជាង២៥ភាគរយ និងដើមកំណើតអាមេរិកឡាទីនចំនួនជាង៥៨ភាគរយ។
កញ្ញាបានបន្ថែមថា៖
«ដូច្នេះខ្ញុំជឿថាវាជាការសំខាន់ណាស់សម្រាប់យើងវិនិយោគលើការហ្វឹកហ្វឺនវិជ្ជាជីវៈ និងបច្ចេកវិទ្យាសម្រាប់ការងារនិងជំនាញខាងពាណិជ្ជកម្ម»។
ជំនាញដែលបេក្ខជនអេលីហ្សាបែត ហេងយល់ថាចាំបាច់សម្រាប់សហគមន៍នោះមានដូចជាជំនាញផ្សារដែក ជួសជុលគ្រឿងអគ្គិសនី ជួសជុលបំពង់ទឹក និងឧស្សាហកម្មបច្ចេកវិទ្យាដូចជាវិទ្យាសាស្រ្តកំព្យូទ័រ។
ដោយមានឪពុកម្តាយជាអតីតជនភៀសខ្លួនមកពីប្រទេសកម្ពុជា កញ្ញាអេលីហ្សាបែត ហេងបានធំឡើងនៅក្នុងទីក្រុងហ្វ្រេសស្នូ រដ្ឋកាលីហ្វញ៉ា។ លោកឪពុកជាវ ហេង និងម្តាយស៊ីវ ឃឺ បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៣បន្ទាប់ពីបានរស់នៅអស់រយៈពេលជិត៤ឆ្នាំក្រោមរបបកុម្មុយនីស្តខ្មែរក្រហម។ លោកជាវ ហេងជាអ្នកភ្នំពេញរីឯលោកស្រីស៊ីវ ឃឺជាអ្នកខេត្តកណ្តាលហើយពួកគាត់អាចនិយាយបានច្រើនភាសាដែលមានដូចជាខ្មែរ ឡាវ បារាំង និងភាសាចិន។
ពេលមកដល់សហរដ្ឋអាមេរិកដំបូង លោកជាវ ហេងបានធ្វើការជាកម្មករសំណង់និងប្រពន្ធធ្វើការជាជាងកាត់ដេរសម្លៀកបំពាក់ដើម្បីសន្សំថវិកាបានគ្រប់គ្រាន់បើកហាងគ្រឿងទេសមួយនៅទីក្រុងហ្វ្រេសស្នូរហូតដល់សព្វថ្ងៃនេះ។ នេះជារបរប្រចាំត្រកូលមួយដែលបានបន្តតាំងពីជីដូនជីតារបស់កញ្ញាអេលីហ្សាបែត ហេងហើយនាងបានជួយការងារនៅក្នុងហាងនេះផងនិងទៅរៀននៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផង។
ការចាប់អារម្មណ៍នឹងនយោបាយរបស់បេក្ខជនតំណាងរាស្ត្រអេលីហ្សាបែតបានបង្ហាញឱ្យដឹងក្នុងឆ្នាំ២០០៧តាមរយៈបទសម្ភាសមួយជាមួយនឹងព្រឹត្តិបត្ររបស់សាកលវិទ្យាល័យStanford ដែលនៅពេលត្រូវសួរថាតើនាងនឹងចូលប្រឡូកក្នុងឆាកនយោបាយក្នុងរយៈពេលពីរឬបីឆ្នាំខាងមុខទេ។ ពេលនោះនាងឆ្លើយថា«ប្រាកដណាស់»។
កញ្ញាអេលីហ្សាបែត ហេងបានតំណាងឱ្យសិស្សវិទ្យាល័យសាន់នីសាយ (Sunnyside High School) ឡើងថ្លែងសុន្ទរកថាទទួលសញ្ញាបត្រសម្រាប់សិស្សរួមជំនាន់ក្នុងឆ្នាំ២០០៣។ អេលីហ្សាបែតទទួលបានសញ្ញាបត្របរិញ្ញាបត្រខាងវិទ្យាសាស្ត្រនយោបាយនិងនយោបាយសហរដ្ឋអាមេរិកពីសាកលវិទ្យាល័យស្តែនហ្វដ (Stanford University) ក្នុងឆ្នាំ២០០៧ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងជំនួញក្នុងឆ្នាំ២០១៧ពីសាកលវិទ្យាល័យយេល (Yale University) ។
មណ្ឌលសភាដែលបេក្ខជនអេលីហ្សាបែត ហេងកំពុងប្រកួតប្រជែងនេះត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអស់រយៈពេលជាង៤០ឆ្នាំហើយ។ លោកជីម កូស្តា គឺជាអ្នកតំណាងរាស្ត្រដែលបានតំណាងឱ្យមណ្ឌលនេះតាំងពីឆ្នាំ២០១៣។ លោកគឺជាអ្នកនយោបាយជើងចាស់ដែលបានជាប់ឆ្នោតតាំងពីឆ្នាំ១៩៧៨ ដោយកាន់តំណែងជាច្រើនជាបន្តបន្ទាប់ ដូចជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វញ៉ា សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ និងតំណាងរាស្ត្រថ្នាក់ជាតិតាំងពីឆ្នាំ២០០៥ដល់បច្ចុប្បន្ន។
មណ្ឌលសភានេះបានគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុនក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ដោយឈ្នះនាំមុខបានកម្រិត២១,៣ពិន្ទុ។
រដ្ឋកាលីហ្វញ៉ាមានអាសនៈសភាជាតិចំនួន៥៣ហើយក្នុងនោះអ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យគ្រប់គ្រងបានចំនួន៣៩។
លោកកូស្តារៃអង្គាសថវិកាបានច្រើនជាងបេក្ខជនអេលីហ្សាបែត ហេង ដោយទទួលបានទឹកប្រាក់ចំនួន១,៥៦លានដុល្លារទល់នឹង១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការបោះឆ្នោតរបស់សហព័ន្ធត្រឹមថ្ងៃទី៣០ខែកញ្ញា។
ក្រុមការងារបោះឆ្នោតរបស់លោកជីម កូស្តាមិនបានឆ្លើយតបនឹងសំណើសុំសម្ភាសពីវីអូអេទេ។ ប៉ុន្តែវីដេអូឃោសនារកសំឡេងឆ្នោតរបស់លោកបានបង្ហាញពីជោគជ័យរបស់លោកកូស្តានៅមណ្ឌលនេះនិងបានរិះគន់បេក្ខជនអេលីហ្សាបែត ហេងថាមិនបានទៅបោះឆ្នោតចំនួន១០ដងក្នុងការបោះឆ្នោតចំនួន១៩លើក។
មណ្ឌលសភានេះមានពលរដ្ឋចំនួន៧៦០.០០០នាក់ប៉ុន្តែមានអ្នកចុះឈ្មោះបោះឆ្នោតតែចំនួន២៦០.០០០នាក់ប៉ុណ្ណោះហើយនេះគឺជាអ្វីដែលកញ្ញាអេលីហ្សាបែត ហេងប្តេជ្ញាថាខិតខំធ្វើការដើម្បីឱ្យពលរដ្ឋចេញមកបោះឆ្នោតឱ្យបានច្រើនដោយត្រូវគោះទ្វារហៅពួកគេចេញមកបោះឆ្នោត។
នាងបានបញ្ជាក់បន្ថែមថា៖
«យើងកំពុងធ្វើកិច្ចការនេះជារៀងរាល់ថ្ងៃដើម្បីជំរុញពលរដ្ឋឱ្យចេញមកបោះឆ្នោត។ វាជាការសំខាន់ណាស់សម្រាប់សហគមន៍យើងចូលរួមពាក់ព័ន្ធដើម្បីឱ្យពួកគេបានជាផ្នែកមួយនៃការសម្រេចចិត្ត»។
កញ្ញាអេលីហ្សាបែត ហេងគឺជាពលរដ្ឋខ្មែរអាមេរិកាំងដំបូងដែលបានឈានមកដល់កម្រិតខ្ពស់នេះនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានផ្តួលគូប្រជែងនានាដែលមកពីគណបក្សសាធារណរដ្ឋដូចគ្នានៅក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃទី៥ខែមិថុនា។ កាលពីឆ្នាំ២០១០លោក សេម មាសនៃទីក្រុងហាវើហ៊ីល (Haverhill) នៅរដ្ឋម៉ាស្សាឈូសិតបានចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌគណបក្សសាធារណរដ្ឋដើម្បីតំណាងឱ្យមណ្ឌលសភាទី៥នៅរដ្ឋសភាជាតិប៉ុន្តែមិនបានជោគជ័យដោយលោកបានចាញ់ត្រឹមកម្រិតការប្រកួតប្រជែងបឋមនៅក្នុងបក្ស។បច្ចុប្បន្នលោកមុំ រ៉ាឌី គឺជាពលរដ្ឋខ្មែរអាមេរិកាំងតែម្នាក់គត់ដែលបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រប្រចាំសភាប្រចាំរដ្ឋម៉ាស្សាឈូសិតដោយតំណាងឱ្យមណ្ឌលលេខ១៨នៃក្រុងមីតដល់សិច (Middlesex) ។
លោកអ៊ូ វីរៈ ប្រធានវេទិការអនាគតបានបញ្ជាក់ថា៖
«ក្នុងនាមជាពលរដ្ឋខ្មែរអាមេរិកាំង អតីតកុមារភៀសខ្លួន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំពិតជាមានមោទនភាពនឹងជោគជ័យរបស់នាងអេលីហ្សាបែត ហេង»។
លោកអ៊ូ វីរៈធ្លាប់បានរស់នៅក្នុងទីក្រុងហ្វ្រេសស្នូនិងសាន់ហូហ្សេរដ្ឋកាលីហ្វញ៉ា។
លោកបានបន្ថែមថា៖
«ខ្ញុំសង្ឃឹមថាជោគជ័យរបស់នាងនឹងនាំមកនូវមោទនភាពសម្រាប់សហគមន៍ខ្មែរដែលត្រូវការឱ្យមានជោគជ័យបន្ថែមទៀតដើម្បីជាគំរូសម្រាប់ពួកគេ។ បើសិនជានាងជោគជ័យក្នុងនាមជាខ្មែរអាមេកាំងដំបូងទៅកាន់តំណែងក្នុងរដ្ឋសភាជាតិសហរដ្ឋអាមេរិក ខ្ញុំសង្ឃឹមថានឹងជួយឱ្យយុវជនខ្មែរ-អាមេរិកាំងជាច្រើនទៀតចាប់អារម្មណ៍នឹងនយោបាយសហរដ្ឋអាមេរិកនិងធ្វើកិច្ចការជាច្រើនទៀតដើម្បីបានសំឡេងតំណាងច្រើនកាន់តែធំជាងមុនលើទិសដៅរបស់សហរដ្ឋអាមេរិក»។
កញ្ញាអេលីហ្សាបែត ហេង ជឿថាដំណើររឿងរបស់ក្រុមគ្រួសារនាងដែលខិតខំប្រឹងប្រែងនៅក្នុងសហរដ្ឋអាមេរិកនឹងជាចំណាប់អារម្មណ៍មួយដល់អ្នកបោះឆ្នោតអាស៊ីនៅក្នុងសហគមន៍នេះដោយសារតែនាងនៅតែផ្សារភ្ជាប់នឹងពួកគេដដែលបើទោះបីជានាងទទួលបានការសិក្សាខ្ពង់ខ្ពស់ពីសាកលវិទ្យាល័យStanford និង សាកលវិទ្យាល័យYaleដែលជាសាកលវិទ្យាល័យមួយក្នុងចង្កោមសាកលវិទ្យាល័យលំដាប់កំពូលនៅសហរដ្ឋអាមេរិក។
លោកអៀ សុផលសាស្ត្រាចារ្យនៃមហាវិទ្យាល័យសហគមន៍Occidental បាននិយាយថាលោកអាចនឹងគាំទ្រកញ្ញាអេលីហ្សាបែតហេងដរាបណាបេក្ខជនរូបនេះអាចបង្ហាញថាគាត់ប្រើប្រាស់រឿងរ៉ាវពីជនជាតិខ្មែរអាមេរិកាំង«ប្រកបដោយភាពត្រឹមត្រូវ»គឺ មិនមែន«គ្រាន់តែជាឈ្នាន់ឈានទៅបានអំណាចទេ»។
«អ្វីដែលខ្ញុំសង្ឃឹមថានាងនៅចាំបានគឺថារឿងរ៉ាវជាជនភៀសខ្លួននៃគ្រួសាររបស់នាងដែលតស៊ូនេះគឺមិនគ្រាន់តែជាអ្វីមួយដែលនាងយកមកប្រើដើម្បីកេងចំណេញនយោបាយក្នុងនាមបេក្ខជនគណបក្សសាធារណរដ្ឋទេ។ នាងមិនអាចយកបានអំណាចហើយនិងងាកមកបម្រើគោលនយោបាយរបស់លោកប្រធានាធិបតីត្រាំទេ។ នាងត្រូវតែចងចាំថាបើគេឱ្យអ្វីហើយគេក៏ចង់បានអ្វីមួយមកវិញដែរ»។
កញ្ញាអេលីហ្សាបែត ហេងគឺជាអ្នកគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ។ នាងបាននិយាយតាមបន្ទាត់នយោបាយនៃគណបក្សសាធារណរដ្ឋដែលរិះគន់គោលនយោបាយអន្តោប្រវេសន៍នាពេលបច្ចុប្បន្នថា«មិនដំណើរការ»ហើយនាងនឹងធ្វើការដើម្បីការពារព្រំដែននិងបង្កើនវិធានការសន្តិសុខដើម្បី«រារាំងឧក្រិដ្ឋជននិងភេរវករ»មិនឱ្យចូលក្នុងសហរដ្ឋអាមេរិកប៉ុន្តែលើកទឹកចិត្តឱ្យមានជនអន្តោប្រវេសន៍ស្របច្បាប់។ នេះបើតាមការបញ្ជាក់ក្នុងគេហទំព័ររបស់នាង។
កាលពីខែកញ្ញាឆ្នាំមុន លោកប្រធានាធិបតីត្រាំក៏បានបញ្ជាឱ្យបញ្ចប់កម្មវិធីការពារជនអន្តោប្រវេសន៍ដែលត្រូវឪពុកម្តាយនាំចូលសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីនៅក្មេងៗដែលបានផ្តល់ជូនក្នុងរដ្ឋបាលលោកប្រធានាធិបតីអូបាម៉ា។ លោកត្រាំបានស្នើឱ្យសភាជាតិអនុម័តច្បាប់ថ្មីជំនួសវិញ។ មានយុវជនចំនួន៨០០.០០០នាក់ត្រូវបានច្បាប់នេះការពារ។ សម្រាប់សហគមន៍ខ្មែរវិញគឺមានយុវជនចំនួន៤០នាក់ដែលត្រូវការពារដោយច្បាប់«ការបង្អាក់សកម្មភាពលើជនដែលមកដល់ពីកុមារភាព»។ នេះបើតាមតួលេខនៃក្រសួងអន្តោប្រវេសន៍និងសញ្ជាតិរបស់សហរដ្ឋអាមេរិក។
នៅពេលដែលវីអូអេសួរថាតើនាងនឹងដោះស្រាយយ៉ាងណាពីបញ្ហាពលរដ្ឋកម្ពុជាដែលបានធ្វើខុសច្បាប់នៅសហរដ្ឋអាមេរិកហើយត្រូវបញ្ជូនត្រឡប់ទៅវិញ នាងអេលីហ្សាបែត ហេង បានស្នើថាគឺត្រូវដោះស្រាយករណីនីមួយៗប្រកបដោយ«មេត្តាធម៌»ដោយបញ្ជាក់ថាពលរដ្ឋកម្ពុជាជាច្រើនដែលមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនត្រូវសម្របខ្លួនតាមសង្គមថ្មីហើយត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងនោះមានភាសានិងវប្បធម៌។ អ្នកខ្លះទៀតមិនយល់ពីសារៈប្រយោជន៍នៃការចូលសញ្ជាតិផងដែលជាហេតុអាចត្រូវបណ្តេញទៅកម្ពុជាវិញក្នុងគ្រាដែលមានការធ្វើខុសច្បាប់។
មានពលរដ្ឋកម្ពុជាជាង៦០០នាក់ហើយត្រូវបានបណ្តេញចេញតាំងពីសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាក្នុងឆ្នាំ២០០២។
កញ្ញាអេលីហ្សាបែត ហេងបានបន្ថែមថា៖
«បញ្ហាអន្តោប្រវេសន៍គឺជាអាទិភាពមួយក្នុងយុទ្ធនាការរបស់ខ្ញុំ ដូចលោកបានឃើញតាមបណ្តាញសារព័ត៌មានជាតិហើយថានេះជាបញ្ហាដែលយើងជជែកគ្នាជាប្រចាំហើយខ្ញុំចង់ជួយកែទម្រង់បញ្ហាអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវសម្រាប់ប្រទេសរបស់យើង»។
យ៉ាងណាក៏ដោយ នាងអេលីហ្សាបែត ហេង បញ្ជាក់ថានាងមានវិធីផ្ទាល់ខ្លួនដើម្បីធ្វើការងារឱ្យបានជោគជ័យហើយនឹងមិនធ្វើជា«អ្នកប្រថាប់ត្រា»សម្រាប់គណបក្សនយោបាយណាមួយឡើយ៕