រដ្ឋាភិបាលប្រទេសស៊ីប (Cyprus) គ្រោងនឹងដកសញ្ជាតិវិញពីបុគ្គលចំនួន២៦នាក់ដែលទទួលបានសញ្ជាតិពីកម្មវិធីវិនិយោគយកសញ្ជាតិ ដែលក្នុងនោះមានសែស្រឡាយ និងមន្ត្រីស្និទ្ធិនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៨នាក់ផងដែរបន្ទាប់ពីមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលនេះ ដែលកើតឡើងក្រោយពីការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters។
ក្នុងការចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរកឃើញថាសែស្រឡាយ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យសម្បត្តិដែលមានតម្លៃរាប់សិបលានដុល្លារអាមេរិកនៅក្នុងប្រទេសដែលជាសមាជិកសហគមន៍អឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីប លោក Constantinos Petrides ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ទីស្តីការគណ:រដ្ឋមន្ត្រីនៅថ្ងៃនេះ បានបញ្ជាក់អំពីឆន្ទ:របស់រដ្ឋាភិបាលអំពីការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវលក្ខន្តិកៈរបស់កម្មវិធីវិនិយោគនៃប្រទេសស៊ីប»។
លោកបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេល៤ម៉ោង។
លោក Petrides និយាយថា៖ «ប្រសិនបើមានករណីវិនិយោគចំនួន៩ ដែលជាប់ពាក់ព័ន្ធនឹងមនុស្ស២៦នាក់ ក្នុងចំណោមពាក្យសុំ៤.០០០ នោះ វាអាចទៅរួចដែលមានករណីខ្លះមានបញ្ហា[មិនមានភាពប្រក្រតី] ប្រសិនបើការត្រួតពិនិត្យមិនតឹងតែងនោះ។ ពេលនោះពិតជាមានកំហុសនៃការធូររលុងបានកើតឡើង។ វាពិតជាកំហុសដែលយើងមិនមានលក្ខខណ្ឌមួយចំនួន ដូចជាលក្ខខណ្ឌសម្រាប់ជនដែលមានហានិភ័យខ្ពស់»។
ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍របស់សារព័ត៌មាន Reuters លោករដ្ឋមន្ត្រីមិនបានបញ្ចេញថាជនជាតិណា ឬអត្តសញ្ញាណរបស់ជនជាតិណាដែលត្រូវប៉ះពាល់នោះទេ ប៉ុន្តែលោកថា អ្នកដែលត្រូវបានលើកឡើងក្នុងសារព័ត៌មាន នឹងប្រឈមនឹងការដកសញ្ជាតិ។ នេះបើតាមការបញ្ជាក់របស់ Reuters។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា ប្រទេសដែលផ្តល់សញ្ជាតិគួរពិនិត្យឲ្យបានម៉ត់ចត់ទៅលើប្រភពថវិការបស់បុគ្គលដែលសុំសញ្ជាតិ ដើម្បីធានាថាប្រភពលុយទាំងនោះស្របច្បាប់ មិនពាក់ព័ន្ធនឹងអំពើពុករលួយនិងមិនមែនជាការលាងលុយកខ្វក់។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងត្រឹមត្រូវដែលម្ចាស់ប្រទេស មុននឹងផ្តល់សញ្ជាតិត្រូវការត្រួតពិនិត្យ ស៊ើបអង្កេត ដើម្បីបានដឹងអំពីប្រភពថវិកាគ្រប់ជនជាតិ គ្រប់បុគ្គលដែលទៅសុំសញ្ជាតិរបស់ខ្លួន»។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ាននៃអង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា៖ «ពលរដ្ឋកម្ពុជាត្រូវសួរសំណួរខ្លាំងៗអំពីថា តើហេតុអ្វីទើបអគ្គស្នងការនគរបាលជាតិ និងសែស្រឡាយលោក ហ៊ុន សែន អាចមានលុយចំនួនដ៏ច្រើនបែបនេះ រហូតអាចទិញសញ្ជាតិនៅក្រៅប្រទេសបាន»។
លោកបន្ថែមថា៖ «ការណ៍មានសញ្ជាតិបរទេសក៏មានសារៈសំខាន់ផងដែរនៅក្នុងស្ថានភាពអាសន្ន ប្រសិនបើពួកគេត្រូវរត់គេចចេញពីប្រទេសកម្ពុជាដោយមូលហេតុណាមួយ។ គំនិតដែលថាពួកគេត្រូវការនិងចង់បានសញ្ជាតិបរទេស គួរតែនាំឲ្យមានចម្ងល់អំពីចេតនារបស់ពួកគេនៅប្រទេសកម្ពុជាវិញ»។
សារព័ត៌មាន Reuters បានបញ្ជាក់ថា តាមប្រភពព័ត៌មានដែលពួកគេទទួលបាន ក្រុមមនុស្សទាំង២៦នាក់នោះ រួមមានជនជាតិរុស្ស៊ីចំនួន៩នាក់ ខ្មែរ៨នាក់ ចិន៥នាក់ កេនយ៉ា២នាក់ ម៉ាឡេស៊ី១នាក់ និងអ៊ីរ៉ង់១នាក់។
កន្លងទៅ សារព័ត៌មាន Reuters បានរកឃើញថា ក្មួយស្រីរបស់លោក ហ៊ុន សែន គឺ លោកស្រី ហ៊ុន គីមឡេង បានទទួលសញ្ជាតិស៊ីប ហើយស្វាមីរបស់លោកស្រី គឺលោកឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងកូនស្រីកំពុងស្នើសុំសញ្ជាតិនេះដែរ។
ដោយឡែកលោកឧកញ៉ា ឡៅ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងភរិយារបស់លោក ដែលស្និទ្ធជាមួយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលសញ្ជាតិពីសាធារណរដ្ឋស៊ីបនេះផងដែរ។ រីឯ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងភរិយារបស់លោក ក៏កំពុងស្នើសុំសញ្ជាតិពីប្រទេសស៊ីបផងដែរ។
ក្រោយការចុះផ្សាយការរកឃើញនេះ គណបក្សប្រឆាំងនៅប្រទេសស៊ីប បានអំពាវនាវឲ្យមានការពន្យល់ពីរដ្ឋាភិបាលទៅលើការផ្ដល់សញ្ជាតិដល់សាច់ញាតិ និងមន្ត្រីស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរនេះ។ ការស៊ើបអង្កេតមួយបានចាប់ផ្តើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលស៊ីប មានយន្តការច្បាស់លាស់ក្នុងការផ្ដល់សញ្ជាតិឲ្យទៅឲ្យជនបរទេស។ ប៉ុន្តែលោកថា នេះជារឿងឯកជនសុទ្ធសាធ ហើយវិធានការរបស់រដ្ឋាភិបាលស៊ីប ជារឿងអធិបតេយ្យរបស់ពួកគេ។
លោកបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖ «កម្ពុជាយើងមើលឃើញថា យើងគ្មានច្បាប់ណាទៅហាមឃាត់ប្រជាពលរដ្ឋកម្ពុជាទៅបណ្តាក់ទុននៅខាងក្រៅ ឬសុំសញ្ជាតិនៅខាងក្រៅនោះទេ។ យើងអត់មានគោលការណ៍ហ្នឹងទេ»។
លោក ផៃ ស៊ីផាន ក៏បានច្រានចោលការលើកឡើងថា ការរកសញ្ជាតិបរទេសនេះ ដើម្បីងាយស្រួលចេញពីប្រទេសកម្ពុជា នៅពេលណាមួយ។
លោកមានប្រសាសន៍ថា៖ «ហើយអ្នកទៅរកសញ្ជាតិក្រៅ មិនមែនមានន័យថា ចង់រត់ចោលស្រុកនោះទេ»។
លោក ផៃ ស៊ីផាន បានបន្តថា លោកកំពុងពិនិត្យមើលការស៊ើបអង្កេតរបស់ Reuters ថាពិតឬយ៉ាងណា។ ប៉ុន្តែលោកថា បើរកឃើញថាមានសញ្ជាតិពីរ វាជារឿងធម្មតា ដែលអ្នកវិនិយោគទុនទទួលបានសញ្ជាតិបរទេស។
ទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា លោកស្រី ហ៊ុន គីមឡេង បានទិញផ្ទះល្វែងមួយនៅកណ្ដាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១០ ក្នុងតម្លៃប្រហែល ២,៥លានដុល្លារអាមេរិក ដែលរហូតមកដល់ឥឡូវអាចមានតម្លៃប្រហែល ៤,៥លានដុល្លារអាមេរិក។ លោកស្រីក៏មានផ្ទះល្វែងតម្លៃរាប់លានដុល្លារផ្សេងទៀតនៅប្រទេសសិង្ហបុរីផងដែរ។
ជាងនេះទៀតកូនស្រីច្បងរបស់លោកស្រី ឈ្មោះ នេត ធីតាវិឈុណា ដែលមានអាយុ២៦ឆ្នាំ ក៏មានផ្ទះល្វែងតម្លៃប្រហែល៧លានដុល្លារ នៅក្បែរផ្ទះលោកស្រីផងដែរនៅក្នុងទីក្រុងឡុងដ៍។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ហ៊ុន គីមឡេង និងស្វាមីរបស់លោកស្រី គឺលោក នេត សាវឿន បាននៅឡើយទេ។
VOA ក៏មិនអាចសុំការឆ្លើយតបពីលោក ឡៅ ម៉េងឃីន និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បាននៅឡើយទេ ទាក់ទងនឹងការស៊ើបអង្កេតលើការស្នើសុំ និងទទួលបានសញ្ជាតិស៊ីបនេះ។
លោកស្រី ហ៊ុន គីមឡេង គឺជាកូនស្រីរបស់បងប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលជាតំណាងរាស្ត្រ និងជាអតីតអភិបាលខេត្តកំពង់ចាម។ លោកស្រីទទួលបានសញ្ជាតិស៊ីប នៅឆ្នាំ២០១៦។
តាមឯកសារនានាដែល VOA បានរកឃើញ លោកស្រី ហ៊ុន គីមឡេង គឺជាប្រធាន និងស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ឈ្មោះ HML Law Group ដែលកន្លងទៅមានអតិថិជននៃក្រុមហ៊ុនធំៗនៅកម្ពុជា រួមមាន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ ណាហ្គាវើលនៅភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្នុងខេត្តស្វាយរៀង ធនាគារស្ថាបនា ធនាគារ RHB Indochina ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air Limited និងសាលា International School of Phnom Penh។
សាធារណរដ្ឋស៊ីប គឺជាប្រទេសដែនកោះមួយដែលប្រជាពលរដ្ឋក្នុងប្រទេសនេះមានស្តង់ដារស់នៅក្នុងកម្រិតខ្ពស់ខ្លាំង ហើយស្ថិតនៅតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ជាប់នឹងប្រទេសក្រិក តួកគី និងអេហ្ស៊ីប។
ប្រទេសស៊ីបបានបើកឲ្យមានការទទួលបានសញ្ជាតិតាមរយ:គម្រោងវិនិយោគ តាំងពីឆ្នាំ២០១៣ ក្រោមការវិនិយោគទឹកប្រាក់ប្រមាណ២,២លានដុល្លារអាមេរិក។ បើតាមសារព័ត៌មានReuters រហូតមកដល់ពេលនេះមានការដាក់ពាក្យក្នុងកម្មវិធីនេះចំនួនជិត៤.០០០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរិះគន់អ្នកនយោបាយកម្ពុជាដែលមានសញ្ជាតិពីរថាជាអ្នកដែលងាយរត់គេចពីប្រទេសកម្ពុជា នៅពេលដែលមានបញ្ហាក្នុងប្រទេស៕