រដ្ឋាភិបាលស៊ីប (Cyprus) និយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលនេះបានចាប់ផ្តើមដំណើរការដកហូតវិញនូវ សញ្ជាតិពីមនុស្សចំនួន២៦នាក់ដែលទទួលបានសញ្ជាតិតាមកម្មវិធីវិនិយោគដើម្បីយកសញ្ជាតិដ៏សម្ងាត់របស់ប្រទេសនេះដោយទទួលស្គាល់ថាកម្មវិធីនេះមានការខ្វះចន្លោះមួយចំនួន។
កោះដែលនៅមហាសមុទ្រមេឌីទែរ៉ាណេមួយនេះត្រូវរង្គោះរង្គើដោយការទម្លាយព័ត៌មានពីកម្មវិធីវិនិយោគនេះ ចាប់តាំពីទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters រាយការណ៍ផ្តាច់មុខកាលពីខែតុលាអំពីបញ្ជីឈ្មោះរបស់ជនជាតិកម្ពុជាដែលទទួលបានផលប្រយោជន៍ ពីកម្មវិធីនេះរួមមានអគ្គស្នងការនគរបាលជាតិនិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
ការដកហូតសញ្ជាតិវិញជាទូទៅជារឿងដ៏កម្រ ហើយដំណើរការដកហូតនេះកើតឡើងបន្ទាប់ពីអាជ្ញាធរបាន ស៊ើបអង្កេតក្រោយពីការចេញផ្សាយការរកឃើញរបស់ទីភ្នាក់ងារព័ត៌មានReuters។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីប លោក Constantinos Petrides ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលមានរយៈពេលបួនម៉ោងថា៖
«ទីស្តីការគណ:រដ្ឋមន្រ្តីនៅថ្ងៃនេះ បានបញ្ជាក់អំពីឆន្ទ:របស់រដ្ឋាភិបាលពីការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវលក្ខន្តិកៈរបស់កម្មវិធីវិនិយោគនៃប្រទេសស៊ីប»។
លោកមិនបានបង្ហាញពីសញ្ជាតិឬអត្តសញ្ញាណនៃអ្នកដែលត្រូវប៉ះពាល់នោះទេ ប៉ុន្តែលោកថាការណ៍នេះ«ក៏ទាក់ទងនឹងនឹងអ្នក»ដែលត្រូវបានលើកឡើងនៅក្នុងការផ្សាយព័ត៌មាននានា។
ប្រភពនានាពីភាគីប្រទេសស៊ីបបញ្ជាក់ថា ក្រុមអ្នកដែលត្រូវប៉ះពាល់នេះរួមមាន ជនជាតិរុស្ស៊ី៩នាក់ ជនជាតិខ្មែរ៨នាក់ ជនជាតិចិន៥នាក់ ជនជាតិកេនយ៉ាពីរនាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិអ៉ីរ៉ង់ម្នាក់។
ពួកគេជាប់ពាក់ព័ន្ធនឹងកម្រោងវិនិយោគចំនួន៩ ដែលនៅក្នុងគម្រោងទាំងនេះ ក្រុមអ្នកវិនិយោគបរទេសដែលមានការសហការគ្នាអាចទទួលបានប្រយោជន៍ពីកម្មវិធី(យកសញ្ជាតិ)នេះ។
ប្រទេសស៊ីបមានកម្មវិធីវិនិយោគបានសញ្ជាតិនេះ តាំងពីឆ្នាំ២០១៣មកម៉្លេះ ដែលនៅក្នុងកម្មវិធីនេះ ការវិនិយោគទាំងឡាយណាដែលមានទឹកប្រាក់ចាប់ពី២លានអឺរ៉ូឡើងទៅ ឬស្មើនឹង២,២លានដុល្លារអាមេរិក អាចទិញបានលិខិតឆ្លងដែន និងសិទ្ធិអាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការនៅទូទាំងសហភាពអឺរ៉ុប។
ការផ្សព្វផ្សាយអំពីកម្មវិធីវិនិយោគបានសញ្ជាតិនេះ ឥឡូវត្រូវបានហាមឃាត់ ក៏ប៉ុន្តែយ៉ាងតិចមានការិយាល័យច្បាប់មួយកន្លែងធ្លាប់បានចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយដែលមានទម្រង់ដូចលិខិតឆ្លងដែនដល់អ្នកទេសចរបរទេសដែលបានមកដល់អាកាសយានដ្ឋានចម្បងរបស់កោះស៊ីប។
ក្រុមអាជ្ញាធរនិយាយថា កម្មវិធីនេះបានឆ្លងកាត់ការប្រែ្របួលជាច្រើនតាំងពីឆ្នាំ២០១៣មក ហើយកាលពីខែកុម្ភៈឆ្នាំ២០១៩ ត្រូវបានសើរើឡើងវិញដោយមានបន្ថែមនីតិវិធីស៊ើបអង្កេតបេក្ខភាពចំនួន៥កម្រិតថែមទៀត បើប្រៀបធៀបនឹងនីតិវិធីនៅឆ្នាំ២០១៣។
នៅក្នុងរយៈពេលប្រាំឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីវិនិយោគបានសញ្ជាតិនេះ រហូតមកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលស៊ីបបានអនុម័តយល់ព្រមលើកពាក្យសុំសញ្ជាតិចំនួន១.៨៦៤។ បើរាប់បញ្ជូលទាំងសមាជិកក្រុមគ្រួសារផង ចំនួននៃអ្នកទទួលបានសញ្ជាតិស៊ីបតាមកម្មវិធីពេលនោះមានជាង៣.២០០នាក់ ហើយមកដល់បច្ចូប្បន្ននេះ ចំនួនពាក្យសុំមានជិតដល់ចំនួន៤.០០០។
លោក Petrides និយាយថា «ប្រសិនបើមានករណីវិនិយោគចំនួន៩ ដែលជាប់ពាក់ព័ន្ធនឹងមនុស្ស២៦នាក់ ក្នុងចំណោមពាក្យសុំ៤.០០០ នោះ វាអាចទៅរួចដែលមានករណីខ្លះមានបញ្ហា [មិនប្រក្រតី] ប្រសិនបើការត្រួតពិនិត្យមិនតឹងតែងនោះ។ ពេលនោះពិតជាមានកំហុសនៃការធូររលុងបានកើតឡើង។ វាពិតជាកំហុសដែលយើងមិនមានលក្ខខណ្ឌមួយចំនួន ដូចជាលក្ខខណ្ឌសម្រាប់ជនដែលមានហានិភ័យខ្ពស់។»
ការសើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ជនមានឥទ្ធិពលខាងនគរបាល ពាណិជ្ជកម្ម និងនយោបាយដែលជំនឹតនឹងមេដឹកនាំយូរអង្វែងរបស់កម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទ្រព្យធននៅក្រៅប្រទេសដែលមានតម្លៃរាប់សិបលានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកបានបដិសេធការចោទប្រកាន់របស់ក្រុមអ្នកប្រឆាំងដែលចោទថាក្រុមអ្នកជំនិតនឹងលោក មានលិខិតឆ្លងដែនបរទេសហើយរស់នៅយ៉ាងស្តុកស្តម្ភនៅក្រៅប្រទេស។ ពលរដ្ឋកម្ពុជាប្រមាណ៧០ភាគរយរស់នៅដោយមានចំណូលត្រឹម៣ដុល្លារក្នុងមួយថ្ងៃ នេះបើតាមធនាគារអភិវឌ្ឍអាស៊ី។
លោក Petrides រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃស៊ីបដែលមានសមត្ថកិច្ចយល់ព្រមលើពាក្យសុំចូលសញ្ជាតិតាមការវិនិយោគនេះ ថ្លែងថា ជនទាំងឡាយដែលពាក់ព័ន្ធនឹងការស៉ើបអង្កេតដកសញ្ជាតិវិញមានសិទ្ធិប្តឹងជំទាស់៕