ខណៈជំងឺកូវីដ១៩បន្តរាតត្បាតនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានឈ្លោះប្រកែកជាមួយនឹងអាជ្ញាធរនៅរដ្ឋ Michigan ដែលជារដ្ឋសំខាន់មួយ អំពីផែនការរបស់រដ្ឋនេះក្នុងការអនុញ្ញាឲ្យពលរដ្ឋកាន់តែច្រើនអាចបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍បាន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខ។
មន្ត្រីទទួលបន្ទុកបោះឆ្នោតនៅរដ្ឋ Michigan ភាគកណ្តាលសហរដ្ឋអាមេរិក គឺរដ្ឋលេខាធិការរដ្ឋ លោកស្រី Jocelyn Benson បានប្រកាសកាលពីថ្ងៃអង្គារថា អាជ្ញាធរបានផ្ញើពាក្យសុំបោះឆ្នោតអវត្តមានដល់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់៧លាន ៧ សែន នាក់ ដែលនេះនឹងអនុញ្ញាតឲ្យពួកគេមានជម្រើសអាចបោះឆ្នោតផ្ញើតាមប្រៃសណីយ៍បានក្នុងការបោះឆ្នោតបឋមក្នុងខែសីហា និងការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ក្នុងអំឡុងមានវិបត្តិកូវីដ១៩។
លោកត្រាំ ដែលកាលពីដើមឆ្នាំនេះបានបោះឆ្នោតក្នុងរដ្ឋ Florida ដោយផ្ញើតាមប្រៃសណីយ៍ផ្ទាល់ បានប្រឆាំងភ្លាមៗទៅនឹងផែនការពង្រីកការបោះឆ្នោតបែបអវត្តមានរបស់រដ្ឋ Michigan ដោយលោកបានសរសេរតាម Twitter ថា សកម្មភាពនេះជារឿងខុសច្បាប់។
រដ្ឋលេខាធិការរដ្ឋ Michigan បានឆ្លើយតបវិញថាអាជ្ញាធររដ្ឋគ្រាន់តែបានផ្ញើពាក្យសុំប៉ុណ្ណោះ ហើយមិនមែនផ្ញើសន្លឹកឆ្នោតទេ។
កាលពីអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតនៅរដ្ឋ Michigan ដោយទទួលសំឡេងឆ្នោតចំនួន១០.០០០សំឡេងលើសគូប្រជែងរបស់លោកនៅពេលនោះគឺ លោកស្រី Hillary Clinton ដោយការឈ្នះនេះបានជួយឲ្យលោកដណ្តើមតំណែងប្រធានាធិបតីអាណត្តិ៤ឆ្នាំបាន។ រដ្ឋ Michigan នេះត្រូវគេគិតថានឹងមានការប្រទាញប្រទង់គ្នាខ្លាំងនៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខ រវាងលោកត្រាំ និងអតីតអនុប្រធានាធិបតី Joe Biden ដែលទំនងនឹងក្លាយជាគូប្រជែងរបស់លោកពីខាងគណបក្សប្រជាធិបតេយ្យ៕