ប្រមាណជាពីរខែបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តច្បាប់មួយដើម្បីរឹតត្បិតប្រជាពលរដ្ឋមិនឱ្យបង្ហោះសារអវិជ្ជមាននៅលើអ៊ីនធឺណិត សារព័ត៌មានថ្នាក់តំបន់ដែលគ្រប់គ្រងដោយរដ្ឋ អ្នកផ្តល់សេវាអ៊ីនធឺណិត និងវេទិកាបណ្តាញសង្គមកំពុងធ្វើការរួមគ្នាដើម្បីលុបចោល «ពាក្យចចាមអារ៉ាម» នៅលើអ៊ីនធឺណិត។
ដោយត្រូវបានប្រកាសនៅក្នុងខែធ្នូ ច្បាប់ស្តីពីអភិបាលកិច្ចនៃខ្លឹមសារព័ត៌មានតាមអ៊ីនធឺណិត ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១ ខែមីនា មានគោលបំណង «បង្កើតបណ្តាញអ៊ីនធឺណិតវិជ្ជមាន» និង «រក្សាសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ»។
តាមរយៈការបែងចែកខ្លឹមសារតាមអ៊ីនធឺណិតទៅជា៣ប្រភេទ ដែលមានដូចជា «លើកទឹកចិត្ត» «អវិជ្ជមាន» និង «ខុសច្បាប់» ច្បាប់នេះដាក់ទោសឧក្រិដ្ឋលើ «ការចែកចាយពាក្យចចាមអារ៉ាម» «ការរំខានដល់សណ្តាប់ធ្នាប់សង្គម ឬសេដ្ឋកិច្ច» និងអ្វីៗផ្សេងទៀតដែល «បំផ្លាញសាមគ្គីជាតិ»។
ទោះយ៉ាងនេះក្តី អ្នកតាមដានស្ថានការណ៍មួយចំនួននិយាយថា ច្បាប់នេះឱ្យនិយមន័យស្រពិចស្រពិលលើឃ្លា «ការចែកចាយពាក្យចចាមអារ៉ាម» ហើយឃ្លានេះអាចត្រូវបានគេប្រើប្រាស់ដើម្បីគាបសង្កត់ការរាយការណ៍អំពីជំងឺកូវីដ១៩ ដែលបានបង្កឱ្យមានការចាប់ខ្លួននិងការបាត់ខ្លួនអ្នកកាសែតពលរដ្ឋ និងអ្នកបង្ហើបព័ត៌មានជាច្រើននាក់រួចមកហើយ។
លោកវេជ្ជបណ្ឌិត Lauri Paltemaa សាស្ត្រាចារ្យផ្នែកសិក្សាពីតំបន់អាស៊ីខាងកើតនៅសាកលវិទ្យាល័យ University of Turku ក្នុងប្រទេសហ្វាំងឡង់ បាននិយាយថា៖ «ពាក្យចចាមអារ៉ាមទាំងនេះទំនង [ជាអ្វីមួយដែលគេយល់ថា] មានភាពអវិជ្ជមានខ្លាំង [ចំពោះ] រដ្ឋាភិបាល»។
លោកបានបន្ថែមថា៖ «ការរាយការណ៍ទាំងនេះបង្ហាញថា រដ្ឋាភិបាលចិន និងយោធាជាមេខ្លោងនៅពីក្រោយវិបត្តិកូវីដ១៩»។
ប៉ុន្តែលោក Steven Butler នាយកកម្មវិធីអាស៊ីខាងកើតនៃគណៈកម្មាធិការការពារអ្នកកាសែតនិយាយថា ច្បាប់នេះមានអានុភាពហួសពីការប្រឹងប្រែងរបស់ចិនក្នុងការគ្រប់គ្រងព័ត៌មានអំពីការផ្ទុះឡើងនៃជំងឺនេះ។
លោក Steven Butler បានប្រាប់ VOA ថា៖ «នៅក្នុងប្រទេសចិន ជាធម្មតាពាក្យចចាមអារ៉ាមជាអ្វីដែល [មន្ត្រីចិន] មិនចូលចិត្ត។ វាមិនមែនជាសំណួរថាតើអ្វីជារឿងគួរឱ្យជឿទុកចិត្តបានឬអត់នោះទេ»។
ខេត្តដែលដើរតួនាទីសំខាន់
បណ្តាញការិយាល័យព័ត៌មានអ៊ីនធឺណិតខេត្តជាច្រើនរបស់ចិនបានបង្កើតគេហទំព័រចាប់យកពាក្យចចាមអារ៉ាមជាច្រើន ចាប់តាំងពីច្បាប់ថ្មីនេះបានចូលជាធរមានមក។
ដោយត្រូវបានគេបង្កើតឡើង និងមានដំណើរការដូចគេហទំព័រពិនិត្យមើលការពិតដូចជា គេហទំព័រ Factcheck.org និងគេហទំព័រ Snopes.com ដែរ គេហទំព័រដែលគ្រប់គ្រងដោយរដ្ឋចិននេះគឺជាគេហទំព័រដែលមានលក្ខណៈដូចគ្នាទៅនឹងគេហទំព័រ piyao.org.cn របស់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែវាផ្តោតលើការងារថ្នាក់តំបន់។ គេហទំព័រ piyao.org.cn ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ និងជាគេហទំព័រចាប់ពាក្យចាចាមអារ៉ាមថ្នាក់ជាតិ។
ទោះជាយ៉ាងនេះក្តី គំនិតនៃការតាមដានលើពិភពឌីជីថលរបស់ចិនចំពោះការផ្តល់ព័ត៌មានខុស ឬអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបដិសេធមិនយល់ស្របតាមការលើកឡើងរបស់គណបក្សកុំម្មុយនិស្តចិនមិនមែនជាអ្វីថ្មីនោះទេ។
គេហទំព័រ py.qianlong.com/ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលឈ្មោះនេះបកប្រែថា «គេហទំព័ររួមគ្នាកម្ចាត់ពាក្យចចាមអារ៉ាមលើអ៊ីនធឺណិត» បានចាប់ផ្ដើមដំណើរការយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ ខណៈដែលការបង្កើតរដ្ឋបាលគ្រប់គ្រងលំហអ៊ីនធឺណិតរបស់ចិននៅក្នុងឆ្នាំ២០១៥គឺជាកិច្ចប្រឹងប្រែងមួយដ៏សំខាន់ដំបូងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីសម្រួលដល់ការរឹតត្បិតព័ត៌មាននៅលើអ៊ីនធឺណិតនៅទូទាំងប្រទេស។
ការបង្កើតរដ្ឋបាលនេះបង្ហាញឱ្យឃើញពីការកើនឡើងនូវអ្វីដែលគេហៅថា ប៉ូលិសលើអ៊ីនធឺណិត ដែលធ្វើការយ៉ាងជិតស្និទជាមួយនឹងប៉ូលិសខេត្តដើម្បីបង្ក្រាប និងស៊ើបអង្កេតអ្នកប្រើប្រាស់អ៊ីនធឺណិតដែលបំពាន។
គេហទំព័រស្វែងរកព័ត៌មានដ៏ធំមួយរបស់ចិនឈ្មោះថា Baidu បានចូលរួមជាមួយនឹងយុទ្ធនាការនេះ ដោយធ្វើការសម្របសម្រួលជាមួយនឹងក្រសួងសន្តិសុខសាធារណៈ និង «នាយកដ្ឋានប៉ូលិសលើអ៊ីនធឺណិត» ចំនួន៣៧២ ដើម្បីជួយនៅក្នុងការបង្ក្រាបនេះ។ តាមរយៈការវិភាគភាសាសាមញ្ញៗ ទិន្នន័យទំហំធំ និងបច្ចេកវិទ្យាបញ្ញានិម្មិត(AI) កម្មវិធីស្វែងរករបស់គេហទំព័រ Baidu ត្រូវបានគេដំឡើងដើម្បីចាប់យក «ពាក្យចចាមអារ៉ាម» ប្រឆាំងនឹងរដ្ឋាភិបាល និងលុបចោលនូវព័ត៌មានដែលគេចាត់ទុកថាមិនត្រឹមត្រូវ។
ច្បាប់ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១ ខែមីនានេះ បានពង្រីកវិសាលភាពនៃប្រតិបត្តិការនេះ ដោយធ្វើឱ្យវេទិកាបណ្តាញសង្គមធំៗ ដូចជា Sina-Weibo និងWeChat គោរពតាម និងដំឡើងកម្មវិធីលុបចោលពាក្យចចាមអារ៉ាមនៅលើគេហទំព័រសារព័ត៌មានរដ្ឋនៅថា្នក់តំបន់ដូចជាគេហទំព័រសារព័ត៌មាន Anhui News និងគេហទំព័រសារព័ត៌មាន Hebei News Network ជាដើម។
ក្រុមមន្ត្រីនៅក្នុងខេត្ត Henan ដែលជាខេត្តជិតខាង ថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ខ្លួនមានអ្នកពិនិត្យខ្លឹមសារតាមអ៊ីនធឺណិត ដោយធ្វើការពេញ២៤ម៉ោង ដើម្បី «ធ្វើគ្រប់គ្រងនិងតាមដានយោបល់សាធារណជន ដែលមានភាពរសើប និងទាន់ហេតុការណ៍»។
អ្នកប្រើប្រាស់អ៊ីនធឺណិតតាមដានគ្នាទៅវិញទៅមក
ដោយការតាមដានពាក្យចចាមអារ៉ាមត្រូវបានគេធ្វើឡើងនៅគ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន សកម្មភាពរបស់អ្នកប្រើប្រាស់ត្រូវបានគេតាមដានឥតឈប់ ហើយជួនកាលត្រូវបានអ្នកប្រើប្រាសដូចគ្នារាយការណ៍ទៅអាជ្ញាធរ។
ក្រុមហ៊ុន China Netcom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដ៏ធំបំផុតក្នុងប្រទេសចិន និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន China Unicom ដែលជាក្រុមហ៊ុនផ្តល់សេវាចល័តធំបំផុតទី៤ក្នុងពិភពលោក ដោយផ្អែកលើចំនួនអ្នកប្រើប្រាស់។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែមីនា ដែលទទួលស្គាល់ច្បាប់ថ្មីនេះជាសាធារណៈ ក្រុមហ៊ុនChina Netcom នេះបាននិយាយថា អ្នកប្រើប្រាស់អ៊ីនធឺណិត និងអ្នកផ្តល់សេវា «គួរតែរួមគ្នាដើម្បីបង្ក្រាបពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺណិត»។
អ្នកស្រី Yue Jiang បេក្ខជនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ University of Maryland និងជាសហនិពន្ធនៃការសិក្សាស្រាវជា្រវក្នុងឆ្នាំ២០១៩ស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ព័ត៌មានមិនពិត និងការរឹតត្បិតព័ត៌មាន បាននិយាយថា៖ «ការរឹតត្បិតព័ត៌មាន [នៅលើបណ្តាញសង្គម] ភាគច្រើនមិនត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនោះទេ ប៉ុន្តែធ្វើឡើងដោយពលរដ្ឋទៅវិញទេ»។
អ្នកស្រីក៏បាននិយាយថា កម្មវិធីព័ត៌មាន និងបណ្តាញសង្គមភាគច្រើនមានផ្នែកមួយសម្រាប់រាយការណ៍ពីពាក្យចចាមអារ៉ាម។
អ្នកស្រីនិយាយថា៖ «ប្រសិនបើមានមនុស្សជាច្រើនរាយការណ៍ឲ្យអាជ្ញាធរពីព័ត៌មានដូចគ្នា នោះព័ត៌មាននោះនឹងត្រូវលុបចោល»។
លទ្ធផលនៃការចែកចាយពាក្យចចាមអារ៉ាមមានលក្ខណៈខុសគ្នា រាប់ចាប់ពី «ការកែតម្រូវដោយការព្រមាន» រហូតដល់ការបិទគណនីនោះ។
អ្នកបំពានធ្ងន់ធ្ងរអាចប្រឈមមុខនឹងការដាក់ទោសទណ្ឌទៅតាមច្បាប់ក្នុងមូលដ្ឋាន ហើយបើយោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times ការដាក់ទោសទណ្ឌនេះអាចនឹងត្រូវបានគេធ្វើឡើងយ៉ាងលឿន។
របាយការណ៍នេះបានពណ៌នាពីការរឹតបន្តឹងសកម្មភាពប៉ូលិសលើអ៊ីនធឺណិត ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណា និងបានសរសេរថា៖ «ប៉ូលិសលើអ៊ីនធឺណិតអាចស្វែងរកមនុស្សបានលឿនយ៉ាងចម្លែក ហើយអ្នកទាំងនោះជឿថា ប៉ូលិសលើអ៊ីនធឺណិតលាក់ខ្លួននៅក្នុងក្រុមអ្នកមិនពេញចិត្តអនាមិកនៅតាមបណ្តាញអ៊ីនធឺណិត។ ការស្វែងរកមនុស្សបានយ៉ាងលឿននេះជាលទ្ធផលនៃការចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យាលួចតាមដានថ្មីៗ។
នៅក្នុងខែមករា របាយការណ៍នេះក៏បានលើកឡើងថា ប៉ូលិសលើអ៊ីនធឺណិតធ្វើការស៊ើបអង្កេតលើពលរដ្ឋចំនួន២៨៥នាក់នៅតំបន់ Guangxi ចំពោះការចែកចាយពាក្យចចាមអារ៉ាម ស្របពេលធ្វើការស៊ើបអង្កេតលើពលរដ្ឋចំនួន៧២នាក់នៅក្នុងខេត្ត Qinghai និង៦៦នាក់នៅក្នុងតំបន់ Ningxia។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ការិយាល័យព័ត៌មានអ៊ីនធឺណិត (ហៅកាត់ថា IIO) នៅក្នុងខេត្ត Jiangxi បាននិយាយថា ប៉ូលិសបានឃុំខ្លួនបុរសម្នាក់ចំនួន៥ថ្ងៃ ចំពោះការចែកចាយ «ព័ត៌មានមិនពិត» ដែលព័ត៌មាននោះចោទថា មានមនុស្សចំនួន១០នាក់ស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងខេត្តនេះ។
ការិយាល័យ IIO នៅក្នុងខេត្ត Jiangsu បាននិយាយថា ជនល្មើសចំនួន៦០នាក់នៅក្នុងខេត្តនេះត្រូវបាន «ដាក់ទោសចំពោះការបង្កើត និងចែកចាយពាក្យចចាមអារ៉ាមទាក់ទងនឹងការរាតត្បាតជំងឺកូវីដ១៩»។ ទោះជាការដាក់ទោសទណ្ឌមិនត្រូវបានគេពណ៌នាក្តី ក៏សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា មានការឃុំខ្លួនពីសំណាក់ប៉ូលិសលើអ៊ីនធឺណិត ដែលរួមមានទាំងការសួរចម្លើយជាច្រើនម៉ោង ការបង្ខំឱ្យចុះហត្ថលេខាសន្យាពីភាពស្មោះស្ម័គ្រ និងការគំរាមកំហែងចំពោះសមាជិកគ្រួសារ និងកូនៗផងដែរ។
ទាំងក្រុមមន្ត្រីការពារសន្តិសុខអ៊ីនធឺណិតចិន និងប៉ូលិសថ្នាក់តំបន់មិនបានឆ្លើយតបចំពោះការស្នើសុំអត្ថាធិប្បាយនោះទេ។
ការគាំទ្រជាសាធារណៈមួយចំនួន
ក្នុងរយៈពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពលរដ្ឋមួយចំនួននៅចិនដីគោកនិយាយថា ពួកគេមិនប្រឆាំងទាំងស្រុងចំពោះយុទ្ធនាការ «កម្ចាត់ពាក្យចចាមអារ៉ាម» នោះទេ។
ស្ត្រីមេផ្ទះម្នាក់ក្នុងទីក្រុងប៉េកាំង ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថាឈ្មោះ អ្នកស្រី Li បាននិយាយថា៖ «ប្រសិនបើអ្នកតាមដានរាល់ព័ត៌មានទាំងអស់នៅលើអ៊ីនធឺណិត អ្នកមិនអាចធ្វើការវិនិច្ឆ័យដោយខ្លួនឯងបាននោះទេ»។ អ្នកស្រីបាននិយាយបន្ថែមថា អ្នកស្រីគាំទ្រច្បាប់ថ្មី ដោយសារតែអ្នកសរសេរអត្ថាធិប្បាយលើអ៊ីនធឺណិត «មានចរិតដូចហ្វូងសត្វអ៊ីចឹង»។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថា វាជារឿងគួរឱ្យសោកស្តាយមួយ»។
អ្នកដទៃបាននិយាយថា ទោះជាការរឹតត្បិតព័ត៌មានជារឿយៗមានលក្ខណៈតឹងរ៉ឹងជ្រុលពេកក៏ដោយ ក៏ការរឹតត្បិតព័ត៌មានមិនពិតដែលនាំឱ្យមានការភ័យខ្លាចអំពីវីរុសកូរ៉ូណាអាចជាការចាំបាច់សម្រាប់អ្នកទាំងឡាយណាដែលពឹងផ្អែកលើសេចក្ដីរាយការណ៍ត្រឹមត្រូវដើម្បីជួយពួកគេឆ្លងផុតពីវិបត្តិនេះ។
អ្នកតាមដានច្បាប់នៅប្រទេសលោកខាងលិច ដូចជាលោក Jeremy Daum នៃក្រុមហ៊ុន China Law Translate បានបន្ទោសច្បាប់នេះថា៖ «មានភាពស្រពិចស្រពិល និងងាយត្រូវបានអាជ្ញាធរបំពាន»។ លោកបានអះអាងថា ច្បាប់នេះពង្រីកនូវអំណាចរបស់រដ្ឋក្នុងការឃុំខ្លួនដោយមិនប្រាកដប្រជា ដូចជាការចាប់ខ្លួនលោកវេជ្ជបណ្ឌិត Li Wenliang កាលពីខែធ្នូ ឆ្នាំ២០១៩ អ៊ីចឹង។
លោកវេជ្ជបណ្ឌិត Li វ័យ៣៤ឆ្នាំត្រូវបានប៉ូលិសឃាត់ខ្លួនសួរចម្លើយ បន្ទាប់ពីបានប្រាប់ដំណឹងដល់ក្រុមអតីតនិស្សិតសាលាពេទ្យមួយនៅលើបណ្តាញសង្គម WeChat អំពីជំងឺស្រដៀងនឹងជំងឺ SARS ដ៏ចម្លែកមួយ ហើយវាត្រូវបានគេបញ្ជាក់ថា ជាជំងឺរាតត្បាតកូវីដ១៩ ដែលបានឆក់យកជីវិតរបស់លោកវេជ្ជបណ្ឌិត Li ក្នុងវ័យក្មេង និងជីវិតមនុស្សដទៃទៀតអស់ជាង ៣ សែន នាក់មកហើយ នៅទូទាំងពិភពលោក។
អ្នកប្រើប្រាស់បណ្តាញ Weibo ម្នាក់ឈ្មោះថា Biyan បានសរសេរនៅលើបណ្តាញនេះកាលពីថ្ងៃទី១ ខែមីនាថា៖ «នៅពេលអនាគតនឹងមានតែព័ត៌មានល្អៗ ហើយមិនមានព័ត៌មានអាក្រក់ទៀតទេ» និងបានប្រើប្រាស់សញ្ញា hashtag ជាមួយនឹងឃ្លាថា៖ «អភិបាលកិច្ចនៃការគ្រប់គ្រងព័ត៌មានលើអ៊ីនធឺណិត» ដើម្បីប្រកាសពីការអនុវត្តច្បាប់ថ្មីនេះ។
យោងតាមសារព័ត៌មាន The Guardian សញ្ញា hashtag នេះ ត្រូវបានគេបង្ហោះជាថ្មីរាប់លានដង មុនពេលត្រូវបានគេលុបចោលនៅថ្ងៃបន្ទាប់។
អ្នកប្រើប្រាស់បណ្តាញ Weibo ម្នាក់នោះហាក់ដូចជាចង់និយាយថា ច្បាប់នេះមិនមែនជាការចោទសួរពីភាពល្អ ឬអាក្រក់ធម្មតាៗនោះទេ។
លោកបានបង្ហោះសារថា៖ «ខ្ញុំមានសិទ្ធិប្រាប់ខ្លួនឯងម្តងហើយម្តងទៀតឱ្យស្ងប់ចិត្តពីពាក្យចចាមអារ៉ាម និងការបំពាន។ ប៉ុន្តែ អ្នកនិងខ្ញុំ ក្នុងនាមជាបុគ្គលមួយរូប កំពុងស្ថិតនៅក្នុងសំណាញ់ដ៏ធំមួយដែលនឹងត្រូវរឹតបន្តឹងទៅៗ»៕