ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសគុយបាដោះលែងអ្នកកាសែតម្នាក់ដែលត្រូវបានឃុំខ្លួននៅរដ្ឋធានីឡាហាវ៉ាន នៅពេលគាត់យកព័ត៌មានអំពីការធ្វើបាតុកម្មដ៏ធំបំផុតជាច្រើនទសវត្សរ៍មកនេះនៅក្នុងប្រទេសកុម្មុយនីស្តនេះ។ អ្នកស្រី Camila Acosta អាយុ ២៨ ឆ្នាំដែលធ្វើការឱ្យកាសែតអេស្ប៉ាញប្រចាំថ្ងៃ ABC ត្រូវបានប៉ូលិសឃុំខ្លួនកាលពីយប់ថ្ងៃច័ន្ទ។
រដ្ឋមន្រ្តីការបរទេសអេស៉្បាញលោក Jose Manuel Albares បានសុំឱ្យប្រទេសគុយបា ដោះលែងអ្នកស្រី Acosta ជាបន្ទាន់ និងគោរពសិទ្ធិបាតុករ។ លោក Albares សរសេរនៅលើTwitter ថា៖ «អេស្ប៉ាញការពារសិទ្ធិធ្វើបាតុកម្មដោយសេរី និងសន្តិវិធី ហើយស្នើឱ្យអាជ្ញាធរគុយបាគោរពសិទ្ធិនេះ។ យើងទាមទារឲ្យដោះលែងអ្នកស្រី Camila Acosta ជាបន្ទាន់»។
រដ្ឋាភិបាលគុយបាបានបង្ក្រាបសកម្មជននៅយប់ថ្ងៃច័ន្ទ បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំបានទាក់ទាញមនុស្សរាប់ពាន់នាក់កាលពីចុងសប្តាហ៍។ អ្នកស្រី Acosta ដែលពិពណ៌នាអំពីខ្លួនអ្នកស្រីនៅលើ Twitter ថា ជាអ្នកកាសែតឯករាជ្យនៅប្រទេសគុយបា បានរាយការណ៍ឱ្យកាសែត ABC រយៈពេល៦ខែមកហើយ។ អ្នកស្រីកំពុងបង្ហោះរូបថតនៃភាពវឹកវរចូលទៅក្នុងបណ្តាញសង្គមនៅពេលត្រូវបានគេចាប់ឃុំឃាំង។
ការចាប់ខ្លួនអ្នកស្រីបានជំរុញឱ្យមានការថ្កោលទោសជាអន្តរជាតិក្នុងចំណោមអ្នកនយោបាយ និងស្ថាប័នសារព័ត៌មាន ខណៈកាសែតរបស់អ្នកស្រីនិយាយថា អ្នកស្រីមិនបានចូលរួមការតវ៉ាទេ គឺគ្រាន់តែចងក្រងឯកសារប៉ុណ្ណោះ។
កាសែត ABC បានដឹងថា អ្នកស្រី Acosta ត្រូវបានចាប់ខ្លួនប្រហែលនៅម៉ោង២រសៀលម៉ោងនៅប្រទេសគុយបា នៅថ្ងៃច័ន្ទ។ អ្នកស្រី Alexis Rodriguez និពន្ធនាយកផ្នែកព័ត៌មានបរទេសរបស់កាសែត ABC បានប្រាប់វីអូអេកាលពីថ្ងៃអង្គារថា «អ្នកស្រី Acosta ទៅយកព័ត៌មាន មិនមែនចូលរួមបាតុកម្មទេ។ គេប្រាប់យើងថា អ្នកស្រីត្រូវគេចាប់ខ្លួនពីបទប្រឆាំងនឹងសន្តិសុខរដ្ឋ»។
រដ្ឋាភិបាលគុយបាបាននិយាយកាលពីថ្ងៃអង្គារថា បុរសអាយុ៣៦ឆ្នាំម្នាក់បានស្លាប់ កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសនៅទីក្រុង Arroyo Naranjo ជាយរដ្ឋធានីឡាហានវ៉ាន៕