ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​កុម្មុយនីស្ត​​ប្រទេស​គុយបា​លោក Fidel Castro ​ទទួល​មរណភាព​ហើយ​


ប្រជា​ជន​ប្រារព្ធពិធីអប​អរ​បន្ទាប់​ពីមាន​ការ​ប្រកាស​ពី​មរណភាព​របស់​មេដឹក​នាំ​បដិវត្ដ​លោក Fidel Castro ក្នុង​ភូមិ​ Little Havana ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃទី​២៦ វិច្ឆិកា ២០១៦។
ប្រជា​ជន​ប្រារព្ធពិធីអប​អរ​បន្ទាប់​ពីមាន​ការ​ប្រកាស​ពី​មរណភាព​របស់​មេដឹក​នាំ​បដិវត្ដ​លោក Fidel Castro ក្នុង​ភូមិ​ Little Havana ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃទី​២៦ វិច្ឆិកា ២០១៦។

អតីត​មេដឹកនាំ​កុម្មុយនីស្ត​របស់​ប្រទេស​គុយបា​លោក Fidel Castro បាន​ទទួល​មរណភាព​នៅ​អាយុ ៩០ឆ្នាំ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ទូរទស្សន៍​រដ្ឋ។ មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។

លោក Castro គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ប្រទេស​គុយបា ក្លាយ​ជា​ប្រទេស​ដែល​កាន់​លទ្ធិ​កុម្មុយនីស្ត​ដំបូង​គេ​នៅ​ក្នុង​អឌ្ឍគោល​ខាង​លិច។ លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​គុយបា​ពី​ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៧៦ ហើយ​បន្ទាប់​មក​លោក​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ពី​ឆ្នាំ១៩៧៦ ដល់​ឆ្នាំ២០០៨។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជើងឯក សង្គម​និយម​និង​ជា​អ្នក​ដែល​ប្រឆាំង​នឹង​ចក្រពត្តិ​និយម។

លោក​ធ្លាប់​បម្រើការ​ជា​ប្រធាន​ទីមួយ​នៃ​គណបក្ស​កុម្មុយនីស្ត​របស់​គុយបា​ពី​ឆ្នាំ១៩៦១ ដល់​ឆ្នាំ២០១១។

ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Castro គុយបា​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​គណបក្ស​កុម្មុយនីស្ត​តែ​មួយ។

ពលរដ្ឋ​គុយបា​នៅ​ក្នុង​រដ្ឋធានី Havana កាន់​មរណៈ​ទុក្ខ​នៅ​តាម​ដង​ផ្លូវ​ចំពោះ​ការ​ស្លាប់​របស់​មេដឹកនាំ​បដិវត្តន៍​គឺ​លោក Fedel Castro។ សម្រាប់​មនុស្ស​ជា​ច្រើន តាំង​ពី​ពួក​គេ​ធំ​ដឹង​ក្តី​មក​ ពួក​គេ​មាន​លោក Fidel Castro ជា​មេដឹកនាំ​របស់​ពួក​គេ ហើយ​លោក​គឺ​ជា​មេដឹកនាំ​ម្នាក់​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ស្គាល់។ ការ​ស្លាប់​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ពលរដ្ឋ​គុយបា​ភាគ​ច្រើន​ស្គាល់​ថា​ជា​មេបញ្ជាការ​ដឹកនាំ​ប្រទេស​នោះ គឺ​ជា​ការ​បាត់​បង់​ដ៏​ធំធេង​មួយ​នៅ​ក្នុង​ប្រទេស​ដែល​លោក​ក្តោបក្តាប់​ជា​យូរ​មក​ហើយ​នេះ។

និស្សិត Sariel Valdespino រស់​នៅ​ក្នុង​រដ្ឋធានី Havana បាន​ថ្លែង​ថា៖«ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង។ អ្នក​ចង់​និយាយ​អ្វី​ក៏​បាន​ ប៉ុន្តែ​លោក​គឺ​ជា​បុគ្គល​សាធារណៈ​មួយ​រូប​ដែល​ពិភពលោក​ទាំង​មូល​គោរព​ស្រឡាញ់»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida ពលរដ្ឋ​គុយបា​ចេញ​មក​ប្រារព្ធ​ពិធី​អបអរ​ចំពោះ​ការ​ស្លាប់​របស់​លោក Castro។ អ្នក​ខ្លះ​រុំ​ទង់ជាតិ​គុយបា អ្នក​ខ្លះ​ទៀត​រាំ​នៅ​តាម​ដង​ផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​នៅ​តែ​មិន​ជឿ​ថា ទី​បំផុត​ថ្ងៃ​ស្លាប់​របស់​លោក Castro ដែល​ពួក​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ​បាន​មក​ដល់។

មនុស្ស​ម្នា​នាំ​គ្នា​ស្រែក​តាម​ផ្លូវ​ថា៖ «ជយោ​សេរីភាព​របស់​ប្រទេស​គុយបា»។
លោក Gabriel Morales អាយុ ៤០ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ឪពុក​ម្តាយ​របស់​លោក​បាន​ចាកចេញ​ពី​ប្រទេស​គុយបា​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ បាន​ថ្លែងថា​ ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​របស់​លោក Castro ‍«ហាក់​ដូច​មិន​មែន​ជា​ការ​ពិត​នោះ​ទេ‍»។

លោក Carlos Lopez នៅ​ក្នុង​ទីក្រុង Miami បាន​ប្រាប់​កាសែត Miami Herald ថា៖ «យើង​មិន​មែន​អបអរ​ចំពោះ​ការ​ស្លាប់​របស់​លោក​នោះ​ទេ ប៉ុន្តែ​អបអរ​ចំពោះ​ការ​ស្លាប់​នៃ​មនោគមវិជ្ជា​មួយ។ យើង​អបអរ​ចំពោះ​សេរីភាព​មួយ​ផ្នែក​ដែល​យើង​ទទួល​បាន​មក​វិញ​នៅ​ថ្ងៃ​នេះ»។

នៅ​លើ​ទំព័រ​ Twitter លោកស្រី Gloria La Riva បាន​សរសេរ​ថា៖ «កេរដំណែល​របស់​លោក​នឹង​នៅ​មាន​រហូត ពី​ព្រោះ​ថា លោក​បាន​បន្សល់​ទុក​នូវ​ប្រទេស​ដ៏​រឹងមាំ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​ធ្វើ​បដិវត្តន៍​ពិត​ប្រាកដ មាន​ដូច​ជា​បុគ្គល​ផ្នែក​សុខាភិបាល គ្រូ​បង្រៀន កម្មករ​សំណង់ ហើយ​និង​យុទ្ធជន​ដែល​ប្រយុទ្ធ​ដើម្បី​អំពើ​មនុស្សធម៌​ជា​ដើម»៕

XS
SM
MD
LG