មន្ត្រីកំពូលនៃក្រសួងការបរទេសគុយបាដែលទទួលបន្ទុកកិច្ចការសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសទាំង២មានរបៀបវារៈដ៏មានមហិច្ឆតាមួយ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីអាមេរិក បារាក់ អូបាម៉ា នៅកាន់តំណែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកស្រី Josefina Vidal បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទ បន្ទាប់ពីជួបប្រជុំជាមួយនឹងក្រុមមន្ត្រីអាមេរិកនៅក្នុងរដ្ឋធានី ឡាហាវ៉ាន់ ថា ភាគីទាំង២កំពុងតែសហការគ្នាដើម្បីឈានដល់ការពង្រឹងសហប្រតិបត្តិខាងផ្លូវច្បាប់ វិស័យសុខាភិបាល និងវិស័យកសិកម្ម។
កិច្ចប្រជុំទាំងនោះនឹងបន្តដល់ថ្ងៃអង្គារនេះ ដោយមានវត្តមានរបស់លោកអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់អាមេរិកដើមកំណើតគុយបា Alejandro Mayorkas ជាមួយនឹងក្រុមមន្ត្រីនៃក្រសួងមហាផ្ទៃរបស់គុយបា ដែលបានពិភាក្សាគ្នាអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរថ្នាំញៀន ការលួចចូលមើលទិន្នន័យលើកុំព្យូទ័រ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអន្តោប្រវេសន៍ខុសច្បាប់។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំបន្ទាប់នឹងផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សនិងដោះស្រាយបញ្ហាហិរញ្ញវត្ថុ។
សហរដ្ឋអាមេរិកនិងគុយបាបានបង្កើតទំនាក់ទំនងការទូតថ្មីឡើងវិញកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីមានការរង្គោះរង្គើអស់រយៈពេល៥៤ឆ្នាំ។
ទំនាក់ទំនងការទូតនៃប្រទេសទាំង២នេះបានឆ្ពោះទៅមុខបន្ទាប់ពីទស្សនកិច្ចរបស់លោក Obama ទៅកាន់ប្រទេសគុយបាកាលពីខែមិនាកន្លងទៅនេះ។
លោកស្រី Vidal បានមានប្រសាសន៍ថា ដំណើរវិវឌ្ឍន៍នេះនឹងមានលក្ខណៈសន្សឹមៗ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ការធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំង២ត្រឡប់ទៅរកសភាពធម្មតាវិញបានចាប់ផ្តើមហើយ។ លោកស្រីក៏បានសម្តែងក្តីសង្ឃឹមថា នរណាក៏ដោយដែលនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់អាមេរិកនឹងនៅតែបន្តរឹតចំណងទាក់ទងជាមួយនឹងប្រទេសគុយបា៕