ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បារម្ភ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត «គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» នៅ​កម្ពុជា


កិច្ច​ពិភាក្សា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​លើ​ប្រធានបទ «​គ្មាន​​នរណា​ម្នាក់​ត្រូវ​គេ​បំភ្លេច​ចោល​ដើម្បី​សម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs)​” នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)
កិច្ច​ពិភាក្សា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​លើ​ប្រធានបទ «​គ្មាន​​នរណា​ម្នាក់​ត្រូវ​គេ​បំភ្លេច​ចោល​ដើម្បី​សម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs)​” នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព(SDGs)​គឺ​ជា​គោលដៅ​អភិវឌ្ឍ​​រយៈពេល​១៥​ឆ្នាំ​របស់​សាកល​លោក ដែល​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​អនុម័ត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥​ នៅ​ឯ​អង្គការ​សហប្រជាជាតិ ​ក្នុង​គោលដៅ​​បញ្ចប់​ភាព​ក្រីក្រ​និង​សម្រេច​ឲ្យ​បាន​នូវ​ភាព​ថ្លៃថ្នូរ​និង​ស្មើភាព​សម្រាប់​ទាំងអស់​គ្នា​នៅ​ក្នុង​ពិភពលោក​ដែល​ប្រកប​ទៅ​ដោយ​សន្តិភាព​និង​ការ​គ្រប់គ្រង​ដោយ​ចីរភាព។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ប្រសិទ្ធភាព​នៃការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ (Sustainable Development Goals ឬSDGs) ដោយសារ​ព័ត៌មាន​នៃ​SDGs នេះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ ដែល​បង្ក​ជា​ផលវិបាក​ក្នុង​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ។

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព(SDGs)​គឺ​ជា​គោលដៅ​អភិវឌ្ឍរយៈពេល​១៥​ឆ្នាំ​របស់​សាកល​លោក ដែល​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​អនុម័ត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥​ នៅ​ឯ​អង្គការ​សហប្រជាជាតិ។

SDGs គឺ​ជា​គម្រោងបន្ត​ពី​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍ (The Millennium Development Goals ឬ​MDGs)​ សម្រាប់​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០៣០។

SDGs បាន​បង្កើត​នូវ​របៀបវារៈ​ពិភពលោក​មួយ​ក្នុង​គោលដៅបញ្ចប់​ភាព​ក្រីក្រ​និង​សម្រេច​ឲ្យ​បាន​នូវ​ភាព​ថ្លៃថ្នូរ​និង​ស្មើភាព​សម្រាប់​ទាំងអស់​គ្នា​នៅ​ក្នុង​ពិភពលោក​ដែល​ប្រកប​ទៅ​ដោយ​សន្តិភាព​និង​ការ​គ្រប់គ្រង​ដោយ​ចីរភាព។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ អង្គការ​ចំនួន​៦ ​បាន​រៀបចំកិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​លើ​ប្រធានបទ«មិន​មាន​នរណា​ម្នាក់​ត្រូវ​គេ​បំភ្លេច​ចោល​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs) » ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​ជនងាយ​រងគ្រោះ​មាន​ដូចជា​នារី​ធ្វើ​ការ​ក្នុង​សេវា​កម្សាន្ត អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជន​ពិការ ជនជាតិ​ដើម​ភាគតិច​និង​អ្នក​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​សរុប​ជិត​១០០​នាក់។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​កិច្ច​ពិភាក្សា​នេះ លោក ស្រី វណ្ណថុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អេឌីឌី​អន្តរជាតិ (ADD International)នៅ​កម្ពុជាដែល​ធ្វើ​ការ​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​សូចនាករ​តម្រូវ​ទៅតាម​ស្ថានភាព​នៃ​បរិបទ​កម្ពុជា។

ទោះ​យ៉ាង​ណា​ លោក​ថា ព័ត៌មាន​អំពី​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ (SDGs)​នៅ​កម្ពុជា​ នៅ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​ ដោយ​សូម្បី​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ​ក៏​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ឬ​(CSDGs)នោះ​ទេ។

លោក ស្រី វណ្ណថុន បន្ត​ថា ការ​សិក្សា​និង​ការ​សង្កេតរបស់​របស់​អង្គការ​ ADD International ​និង​អង្គការ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បាន​រក​ឃើញ​ថា ចំនួន​ពលរដ្ឋ​កម្ពុជា​ ពិសេស​អ្នក​ងាយ​រងគ្រោះបំផុត​ដែល​អង្គការ​នេះបាន​សាកសួរ ​មាន​តិចតួច​បំផុត​គឺ​ប្រមាណ​៨​ភាគរយ​ប៉ុណ្ណោះ​ ដែល​បាន​យល់​ដឹង​ពីSDGs​នេះ។

លោកថា ការ​ខ្វះ​ព័ត៌មាន​និងការ​យល់ដឹង​ពី​បញ្ហា​នេះ​ នឹង​នាំ​ឱ្យ​បាត់​ការ​ចូលរួម ហើយ​ការ​អនុវត្ត​នឹង​ពុំ​បាន​គ្រប់ជ្រុងជ្រោយ។

«សូម្បី​តែ​មន្ត្រី​នៅ​តាម​បណ្ដា​ក្រសួង​ផ្សេងៗ​ដែល​អង្គការ​ ADD International បាន​ធ្វើ​ការ​ជាមួយ​នោះ ក៏​គាត់​បង្ហាញ​កម្រិត​នៃ​ការ​យល់​ដឹង​ដែរ​ ហើយ​គាត់​ទាមទារ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ឬ​ក៏​បណ្ដុះបណ្ដាល​គាត់​ឱ្យ​យល់​ដឹង​បាន​ច្រើន​ ដើម្បី​ឱ្យ​គាត់​អាច​ធ្វើ​ការ​ជាមួយ​ក្រុមការងារ ​ដើម្បី​បញ្ចូល​នូវ​បញ្ហា​ដែល​វិស័យ​របស់​គាត់​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​បង្កើត​សូចនាករ»។

លោក ស្រី វណ្ណថុន បន្ថែម​ទៀត​ថា ការ​សិក្សា​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​ទិន្នន័យ​នៃ​អ្នក​ងាយ​រងគ្រោះ​នីមួយៗ​ដូចជា​ក្រុម​នារី​បម្រើ​ក្នុង​សេវា​កម្សាន្ត​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ក៏​នៅ​ពុំ​ទាន់​មាន​ច្បាស់លាស់​នៅ​ឡើយ​ទេ ដែល​វា​ជា​ការ​លំបាក​មួយ​ទៀត​សម្រាប់​ការ​អនុវត្ត។

លោក ស្រី វណ្ណថុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អេឌីឌីអន្តរជាតិ (ADD International) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)
លោក ស្រី វណ្ណថុន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អេឌីឌីអន្តរជាតិ (ADD International) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)

លើស​ពី​នេះ លោក​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នេះ​ ក៏​នៅ​មាន​តិចតួច​ផង​ដែរ។

គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs) ដែល​ប្រទេស​នៅ​លើ​ពិភពលោក​ បាន​អនុម័ត​មាន១៧​ដែល​រួមមាន​ការ​លុប​បំបាត់​ភាព​ក្រីក្រ លុបបំបាត់​ការ​អត់ឃ្លាន លើក​កម្ពស់​គុណភាព​អប់រំ​និង​បញ្ហា​សុខភាព ព្រមទាំង​ចំណុច​ផ្សេងៗ​ទៀត។

គោលដៅ​អភិវឌ្ឍ​នេះ​ បាន​កំណត់​យក​ការ​ប្ដេជ្ញា​ចិត្ត​មួយ​គឺ «មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​បំភ្លេច​ចោល​» ដែល​មាន​ន័យ​ថា​មនុស្ស​ដែល​ទទួល​រង​នូវ​ភាព​ងាយ​រង​គ្រោះ​ធ្ងន់ធ្ងរ​និង​ការរើសអើង គួរតែ​ទទួល​បាន​នូវ​អាទិភាព​នៅ​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នេះ។

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ Khana បាន​មាន​ប្រសាសន៍​ថា​ គោលនយោបាយ​និង​បទ​បញ្ញត្តិមួយ​ចំនួន​ជា​ឧបសគ្គ​សម្រាប់ក្រុម​អ្នក​ងាយ​រងគ្រោះ​ដូចជា​ស្ត្រីក្នុង​សេវា​កម្សាន្ត​និង​អ្នកប្រើប្រាស់​គ្រឿង​ញៀន មិន​អាច​ចូល​រួម​នៅ​ក្នុង​គោលដៅ​របស់​SGDs​បាន​ ដែល​នាំ​ឱ្យ​ការ​អភិវឌ្ឍ​មិន​គ្រប់​ជ្រុងជ្រោយ។

«ក្រុម​មួយ​ទៀត​គឺ​ក្រុម​អ្នក​ប្រើប្រាស់​ឬ​ក៏​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​ជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន។ ក្រុម​នេះ​ក៏​ជា​ក្រុម​មួយ​ដែល​មួយ​ថ្ងៃៗ​ តែង​តែ​ព្យាយាម​រត់​គេច​ខ្លួន ព្រោះ​គាត់​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​យុទ្ធនាការ​ថ្មីៗ​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល។ អ៊ីចឹង​យើង​ឃើញ​ថា គោលនយោបាយ​ខ្លះ បទ​បញ្ញត្តិ​ខ្លះ​ វិធានការ​ខ្លះ​បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង​ គឺ​អត់​ឱ្យ​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​ទេ»។

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ Khana ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)
លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ Khana ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០១៦។ (អ៊ិត សូធឿត/VOA)

លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួងផែនការ​ដែល​ជា​ក្រសួង​ទទួល​បន្ទុក​រៀបចំ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​ ប្រាប់​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការណ៍ដែល​ក្រសួង​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​អំពី​ក្រុម​អ្នក​ងាយ​រងគ្រោះ​ និងមិន​ទាន់​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​ព័ត៌មាន​នៃ​SDGs គឺ​ដោយសារ​តែ​ក្រសួង​ពុំ​ទាន់​បាន​បញ្ចប់​ការ​ធ្វើ​ផែនការ​SDGs​សម្រាប់​កម្ពុជា​នៅ​ឡើយ​ទេ។

«បាទៗ​កំពុង​រៀបចំ​ហើយ។ មាន​ចំណុច​ខ្លះ​ដែល​ទាក់ទង​ជាមួយ​SDGs វា​ទាក់ទង​នឹង​បញ្ហា​ localize (ធ្វើ​ឱ្យ​សម​ស្រប​នឹង​ស្ថានភាព​ក្នុងស្រុក) ហ្នឹង​វា​អត់​ទាន់​ដាច់ស្រេច​នៅឡើយ​ទេ។ ហើយ​ព្រោះ​បណ្ដា​ប្រទេស​មួយ​ចំនួន​ហ្នឹង ​ក៏​មិន​ទាន់​ច្បាស់លាស់​ដូចគ្នា។ ហើយ​ដល់​អញ្ចឹង​ខាង​រដ្ឋាភិបាល​យើង ជាពិសេស​ក្រសួង​ផែនការ​កំពុង​ពិភាក្សា​រឿង​ហ្នឹង​ណា​បង។ អញ្ចឹង​មូលហេតុ​ដែល​អត់​ទាន់​បាន​ពិត​ប្រាកដ​ហ្នឹង​គឺ​អ៊ីចឹង»។

បើ​តាម​លោក ណុប កនណាវុឌ្ឍ ក្រសួង​រំពឹង​ថានឹង​បញ្ចប់​ការ​រៀបចំគោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជានៅ​ក្នុង​ឆ្នាំ​២០១៧​ខាងមុខ ហើយ​ក្រសួង​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណ។

យោង​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល SDGs សម្រាប់​ប្រទេស​កម្ពុជាមាន​១៨​ចំណុច ដោយសារ​កម្ពុជា​ត្រូវ​ថែម​បញ្ហា​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំណុច​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ទទូច​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នេះ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៕

XS
SM
MD
LG