រដ្ឋចំនួន០៥របស់សហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតបឋមកាលពីថ្ងៃសៅរ៍ដើម្បីជ្រើសរើស ថាតើនរណាត្រូវធ្វើជាតំណាងឲ្យគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកក្រោយ។
ពួកគណបក្សសាធារណរដ្ឋបានធ្វើការបោះឆ្នោតនៅក្នុងរដ្ឋចំនួន០៤ ដោយលោក Donald Trump អ្នកនាំមុខខាងគណបក្សសាធារណរដ្ឋឈ្នះបានរដ្ឋចំនួន០២គឺរដ្ឋ Louisianaនិងរដ្ឋ Kentucky ហើយសមាជិកព្រឹទ្ធសភា Ted Cruz ឈ្នះបានរដ្ឋចំនួន០២គឺរដ្ឋ Maineនិងរដ្ឋ Kansas។ សមាជិកព្រឹទ្ធសភា Marco Rubio និងលោក John Kasich អភិបាលរដ្ឋ Ohio មិនបានឈ្នះរដ្ឋណាមួយទេ។
លោក Cruz បានទទួលប្រតិភូច្រើនជាងលោក Trumpកាលពីថ្ងៃសៅរ៍ ក៏ប៉ុន្តែលោក Trump នៅតែនាំមុខដោយមានប្រតិភូ៣៧៨ ហើយលោកCruz មានប្រតិភូចំនួន២៩៥។
ចំណែកខាងគណបក្សប្រជាធិបតេយ្យវិញ សមាជិកព្រឹទ្ធសភាលោក Bernie Sanders បានឈ្នះរដ្ឋ Kansas និងរដ្ឋ Nebraska នៅក្នុងការបោះឆ្នោតបឋម ខណៈដែលលោកស្រីអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានឈ្នះយ៉ាងខ្លាំងលើលោក Sanders នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Louisiana។
លោកស្រី Clinton បានឈ្នះប្រតិភូច្រើនជាងលោក Sanders ហើយនៅបន្តការនាំមុខយ៉ាងខ្លាំងនៅក្នុងការរាប់ចំនួនប្រតិភូ ដោយលោកស្រីបានទទួលប្រតិភូ១.១២១ដោយធៀបនឹងលោក Sandersដែលទទួលបានប្រតិភូ៤៧៩។
ទោះជាយ៉ាងនៅក៏ដោយ លោកSandersបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានទទួលការគាំទ្រកើនឡើងយ៉ាងខ្លាំង ថាមពល និងភាពសប្បាយរីករាយដែលនឹងនាំយើងទាំងអស់គ្នាឆ្ពោះទៅកាន់សន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Philadelphia»៕