ប៉ុន្តែក្នុងឆាកអន្តរជាតិ លោក Li ត្រូវបានគេចងចាំថាជា «មេឃាតករនៅប៉េកាំង» ដោយសារតែតួនាទីរបស់លោកនៅក្នុងការបង្ក្រាបបង្ហូរឈាមទៅលើចលនានិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមិនក្នុងឆ្នាំ១៩៨៩។ នេះបើតាមការថ្លែងរបស់ក្រុមអ្នកសង្កេតការណ៍។
លោក Willy Lam អ្នកវិភាគនយោបាយចិនមួយរូបបានថ្លែងថា៖ «លោក លី គឺជាអ្នកដែលបានរាយការណ៍បំភាន់និងបំផ្លើសទៅកាន់អតីតប្រធានាធិបតីចិនលោក Deng Xiaoping ថា ក្រុមនិស្សិតចង់ផ្តួលរំលំបក្សហើយលោកបានបំផ្លើសពីគ្រោះថ្នាក់នៃចលនារបស់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ»។
អ្នកវិភាគមានមូលដ្ឋាននៅទីក្រុងហុងកុងបានថ្លែងបន្ថែមថា៖ «ដូច្នេះ លោកគឺជាអ្នកដែលមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់លោក Deng Xiaoping ឲ្យប្រើទាហានបង្ក្រាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ»។
មេឃាតករនៅប៉េកាំង
លោក Lam ថ្លែងថា លោក Li សក្តិសមនឹងទទួលយកកេរ្តិ៍ឈ្មោះថាជា «មេឃាតករនៅប៉េកាំង»។ លោកគឺជាដៃស្តាំរបស់មេដឹកនាំចិនដ៏មានអំណាចនៅពេលនោះគឺលោក Deng បានប្រកាសច្បាប់អាជ្ញាសឹក ហើយបានបើកផ្លូវឲ្យមានការសម្លាប់ក្រុមនិស្សិតដែលធ្វើបាតុកម្មនៅទីលានធានអានមិនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។
រដ្ឋាភិបាលចិនមិនដែលបង្ហាញតួលេខពេញលេញអំពីគ្រោះថ្នាក់ក្នុងអំពើហិង្សានោះទេ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចមានចំនួនរាប់ពាន់នាក់។ បាតុកម្មនៅពេលនោះនៅតែត្រូវបានគេចាត់ទុកថា ជារឿងដែលគេបានហាមប្រាមមិនឲ្យលើកឡើងនៅក្នុងប្រទេសចិន។
អតីតមេដឹកនាំចលនានិស្សិតមួយរូបក៏បានយល់ស្របជាមួយនឹងរហ័សនាមដែលគេបានដាក់ឲ្យលោក Li ផងដែរ។
លោក Wu'er Kaixi ដែលធ្លាប់កាន់តួនាទីនាំមុខនៅក្នុងបាតុកម្មឆ្នាំ១៩៨៩ បានថ្លែងថា៖ «លោកគឺជាមេឃាតករនៅក្នុងការសម្លាប់រង្គាលកាលពីថ្ងៃទី៤ ខែមិថុនា។ លោកគួរត្រូវបានពិភពលោកចងចាំថាជា «មេឃាតករ» នៅក្នុងប្រវត្តិសាស្ត្រ ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងមាននៅក្នុងសៀវភៅសិក្សាក្នុងប្រទេសចិន»។
ខណៈដែលមិនទាន់មានយុត្តិធម៌ លោក Wu'er បានថ្លែងថា លោកនៅតែមានការជឿជាក់ថា ថ្ងៃណាមួយខ្មោចរបស់លោក Li និងលោក Deng នឹងទទួលរងបាបកម្ម ព្រោះជាយថាហេតុ ពួកគេនឹងត្រូវទទួលខុសត្រូវដែលពួកគេបានសម្លាប់ក្រុមនិស្សិតនៅក្នុងការបង្ក្រាបនៅទីលានធានអានមិន។
ការថ្លែងការពាររបស់លោក លី
នៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់លោកដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១០ លោក លី បានព្យាយាមការពារខ្លួនរបស់លោកដោយថ្លែងថា លោកត្រូវតែធ្វើនូវអ្វីដែលលោកត្រូវធ្វើ មិនថាត្រូវលះបង់បែបណាទេ។ លោកមិនអាចឲ្យមានសោកនាដកម្មដូចបដិវត្តន៍វប្បធម៌ចិន ឬ Chinese Cultural Revolution ដែលអូសបន្លាយអស់រយៈពេលមួយទសវត្សរ៍នោះកើតឡើងជាថ្មីនៅក្នុងប្រទេសចិននោះទេ។
កាលពីថ្ងៃអង្គារ ដំណឹងមរណភាពផ្លូវការបានកោតសរសើរលោក លី ដែលបានចាត់វិធានការយ៉ាងមុតមាំដើម្បីបញ្ឈប់ភាពចលាចល និងដើម្បីបញ្ឈប់ការធ្វើកុប្បកម្មប្រឆាំងនឹងបដិវត្តន៍»។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានបន្ថែមថា៖ «លោកបានជួយឲ្យស្ថានភាពក្នុងស្រុកមានស្ថិរភាព ហើយលោកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតស៊ូដ៏ធំនេះ ទាក់ទងពីអនាគតរបស់បក្សនិងប្រទេសជាតិ»។
ជំហរដែលគ្មានការសោកស្តាយ
ក្រុមអ្នកសង្កេតការណ៍ថ្លែងថា តាមរយៈការស្លាប់របស់លោក លី គោលជំហរដែលមិនបង្ហាញការសោកស្តាយរបស់សមាជិកបក្សដែលកាន់គោលនយោបាយតឹងរ៉ឹងរបស់បក្សពាក់ព័ន្ធនឹងបាតុកម្មដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំ១៩៨៩ នោះ ត្រូវបានបញ្ជាក់ជាថ្មីម្តងទៀត។
«ការស្លាប់របស់លោកបានបញ្ជាក់គំនិតដែលថា រដ្ឋបាលបច្ចុប្បន្នទំនងជានឹងមិនកែប្រែសាលក្រមអំពីវិបត្តិថ្ងៃទី៤ ខែមិថុនា នៅទីលានធានអានមិន ដែលត្រូវបានចាត់ទុកជាផ្លូវការថាជា ការបង្កចលាចលប្រឆាំងនឹងបដិវត្តន៍»។
លោក ឡាំ បានថ្លែងថា ជាង៣០ឆ្នាំកន្លងទៅនេះ មានការអំពាវនាវនិងមានយុទ្ធនាការនានានៅក្នុងប្រទេសចិន ដើម្បីប៉ះប៉ូវដល់បាតុកម្មដោយសន្តិវិធីកាលពីឆ្នាំ១៩៨៩ ហើយផ្តល់សំណងសមរម្យដល់ជនរងគ្រោះនៅក្នុងចលនានោះ។
ប៉ុន្តែលោកបន្ថែមថា ឱកាសក្នុងពិនិត្យមើលឡើងវិញទៅលើឧបទ្ទវហេតុនេះគឺស្តួចស្តើងណាស់។
លោក លី បានស្លាប់ដោយសារតែជំងឺ នៅក្នុងទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីយប់ថ្ងៃច័ន្ទ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលបានរាយការណ៍។
លោកបានបន្សល់ទុកនូវភរិយានិងកូនបីនាក់។
កើតនៅក្នុងឆ្នាំ១៩២៨ ក្នុងខេត្ត Sichuan ដែលស្ថិតនៅភាគនិរតីប្រទេស លោក លី គឺជាកូនប្រុសអតីតមេដឹកនាំបដិវត្តន៍កុម្មុយនិស្តមួយរូប។
ពេលលោកបញ្ចប់ការសិក្សាពីទីក្រុង ម៉ូស្គូ នៅវិទ្យាស្ថានវិស្វកម្មថាមពលក្នុងឆ្នាំ១៩៥៤ លោក លី បានចាប់ផ្តើមអាជីពរបស់លោកនៅឯរោងចក្រថាមពលជាតិមួយនៅខេត្ត Jilin ដែលស្ថិតនៅបស្ចឹមប្រទេស។
ដំបូងឡើយលោកត្រូវបានដំឡើងតំណែងជានាយករដ្ឋមន្ត្រីជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៧។
ក្នុងអំឡុងពេលលោកកាន់តំណែង ក្រុមគ្រួសាររបស់លោកគ្រប់គ្រងក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ចិនផ្តាច់មុខ ដែលរដ្ឋាភិបាលចិនបានរំសាយចោល ក្រោយពេលលោកចប់អាណត្តិទី២ជានាយករដ្ឋមន្ត្រី។
លោក លី បានចូលនិវត្តន៍ពីនយោបាយក្នុងឆ្នាំ២០០៣។
ឧទាហរណ៍ដ៏អាក្រក់មួយទៀត
ក្រុមអ្នករិះគន់បានថ្លែងថា លោក លី គឺជាគំរូអាក្រក់មួយទៀតពាក់ព័ន្ធនឹងរឿងបក្ខពួកនិយមនៅក្នុងឆាកនយោបាយចិន បន្ទាប់ពីភរិយានិងកូនៗរបស់លោកបានទទួលតំណែងជាន់ខ្ពស់នៅក្នុងវិស័យថាមពលគ្រប់គ្រងដោយរដ្ឋ ដែលធ្លាប់ជាជំនាញឯកទេសរបស់លោក។
ក្នុងអំឡុងពេលលោកកាន់តំណែង គម្រោងទំនប់វារីអគ្គិសនី Three Gorges គឺជាគម្រោងដ៏ចម្រូងចម្រាសដែលលោកជាអ្នកដឹកនាំ ដែលគម្រោងនេះបច្ចុប្បន្ននេះបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ។
លោក Zhang Lifan ដែលជាប្រវត្តិវិទូនិងជាអ្នកអត្ថាធិប្បាយចិនមួយនៅទីក្រុងប៉េកាំងបានថ្លែងថា៖ «បើគ្មានការគាំទ្ររបស់លោក Li Peng ដែលធ្លាប់ដឹកនាំក្រសួងថាមពលវារីអគ្គិសនីរបស់ចិននោះទេ គម្រោងវារីអគ្គិសនី Three Gorges នឹងមិនអាចបើកដំណើរការលឿនដូច្នេះទេ។ ដូច្នេះហើយ ពាក់ព័ន្ធនឹងគម្រោងនេះ លោក លី គួរតែទទួលខុសត្រូវទៅលើគម្រោងដែលសំបូរបញ្ហានេះ»។
កាលពីដើមខែកក្កដា រដ្ឋាភិបាលបានមើលស្រាលហានិភ័យនៃគម្រោងវារីអគ្គិសនី Three Gorges ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះដោយថា ស្ថានភាពវារីអគ្គិសនីនោះនៅល្អអាចទទួលយកបាន៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា