រដ្ឋមន្ត្រីការបរទេសស.រ.អាលោក John Kerry បានជួបជំនុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅក្នុងប្រទេសស្វីស នៅក្នុងការបន្តព្យាយាម ដើម្បីសម្រេចកិច្ចព្រមព្រៀងក្របខណ្ឌមួយអំពីបរមាណូនៃប្រទេស អ៊ីរ៉ង់ មុនថ្ងៃកំណត់ចុងក្រោយបង្អស់នៅថ្ងៃអង្គារខាងមុខនេះ។
ដោយថ្ងៃកំណត់ចុងក្រោយបង្អស់ជិតមកដល់ លោក Kerry បានលុបចោលផែនការវិលត្រទ្បប់មកស.រ.អាវិញនៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមក្នុងពិធីមួយដែលលោកសង្ឃឹមថានឹងចូលរួម។
ការពិភាក្សាគ្នាអំពីបរមាណូអ៊ីរ៉ង់ បានដល់ចំណុចសំខាន់មួយ ជាមួយនឹងភាគីទាំងពីរបាននិយាយថា វាអាស្រ័យទៅលើភាគីមួយទៀតក្នុងការធ្វើសម្បទាន។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍នៅក្នុងសារមួយតាមបណ្តាញទំនាក់ទំនងសង្គម Twitter ថា អ៊ីរ៉ង់ប្រុងប្រៀបធ្វើឲ្យមានកិច្ចព្រមព្រៀងល្អមួយ ហើយកំពុងរង់ចាំឲ្យសមភាគីខ្លួនធ្វើដូចនេះដែរ។ ក៏ប៉ុន្តែក្រុមមន្ត្រីមកពីប្រទេសមហាអំណាចពិភពលោកទាំង៦ ដែលទាក់ទិននឹងកិច្ចចរចានេះនិយាយថា អ៊ីរ៉ង់ត្រូវធ្វើសម្បទាន៕