ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ក្នុង​វិស័យ «ធនាគារ​ស្រមោល» របស់​ចិន​ឈាន​ដល់​ការសង​បំណុល​មិនរួច


ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Zhongrong Dingxin នៅលើ​អគារ​ការិយាល័យ​របស់​ក្រុមហ៊ុន Zhongrong International Trust ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ (trust fund) មួយ​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Zhongzhi Enterprise Group ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ស្លាកសញ្ញា​របស់​ក្រុមហ៊ុន Zhongrong Dingxin នៅលើ​អគារ​ការិយាល័យ​របស់​ក្រុមហ៊ុន Zhongrong International Trust ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ (trust fund) មួយ​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Zhongzhi Enterprise Group ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

វិបត្តិ​កើន​ឡើង​នៅ​ក្នុង​វិស័យ «ធនាគារ​ស្រមោល» របស់​ប្រទេស​ចិន​កំពុង​គំរាម​បង្ក​ឱ្យ​មាន​ការ​ខូចខាត​បន្ថែម​ទៀត​ដល់​ភាព​រង្គោះរង្គើ​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​បញ្ហា​ជា​ច្រើន បើ​ទោះបីជា​របាយការណ៍​ថ្មី​មួយ​បាន​ចោទ​សួរ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​តាម​រយៈ​ការ​លើក​ទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ក៏ដោយ។

កាលពី​ថ្ងៃ​ពុធ កាសែត Bloomberg News របស់​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា អាជ្ញាធរ​ចិន​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Citic Trust Co. ដែល​ជា​សាខា​របស់​ធនាគារ​សំណង់​ចិន​របស់​រដ្ឋ​ឱ្យ​វាយ​តម្លៃ​អំពី​ស្ថានភាព​របស់​ក្រុមហ៊ុន Zhongrong International Trust Co.។ នៅ​ពេល​ដែល​ក្រុមហ៊ុន Citic ត្រូវ​បាន​ស្នើ​ឱ្យ​ធ្វើ​ការ​វាយ​តម្លៃ​ស្រដៀង​គ្នា​នេះ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ២០២១ វា​គឺ​ជា​ស្ថានការណ៍​ផ្ដើម​ដំបូង​មុន​ពេល​ឈាន​ដល់​ការ​ផ្ដល់​នូវ​កញ្ចប់​ជំនួយ​សង្គ្រោះ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ដែល​មាន​បំណង​បង្ការ​កុំ​ឱ្យ​មាន​ការ​ដួល​រលំ​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន Zhongrong ដែល​ជា​អ្នក​ដើរ​តួ​ចម្បង​នៅ​ក្នុង​ឧស្សាហកម្ម​វិនិយោគ​ហិរញ្ញវត្ថុ (trust fund) ​ដែល​មាន​ទឹក​ប្រាក់ ២,៩ លាន​លាន​ដុល្លារ គឺ​ជា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធរបស់​ក្រុមហ៊ុន Zhongzhi Enterprise Group។ ក្រុមហ៊ុន Zhongrong មាន​ទ្រព្យ​របស់​វិនិយោគិន​ជិត ៩០ ពាន់​លាន​ដុល្លារ ហើយ​កាលពី​ដើម​ខែ​នេះ ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការ​បង់​ប្រាក់​លើ​ទ្រព្យ​វិនិយោគ​វិជ្ជមាន​ជា​ច្រើន ដោយ​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​អំពី​លទ្ធភាព​សង​បំណង​របស់​ខ្លួន។

ក្ដី​បារម្ភ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​វិស័យ​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ប្រឹងប្រែង​យ៉ាង​លំបាក​នៅ​ក្នុង​ការ​រក្សា​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។ ដោយ​សេដ្ឋវិទូ​សង្ស័យ​ថា​កញ្ចប់​ថវិកា​លើក​ទឹកចិត្ត​ប្រហែល​ជា​ចាំបាច់ ការ​វិភាគ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Rhodium Group នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​ចិន បាន​លើកឡើងថា​ លទ្ធភាព​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​របស់​ចិន​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​ប្រហែលជា​មាន​កម្រិត​ច្រើន​ជាង​ការ​យល់​ឃើញ​របស់​មនុស្ស​ជា​ច្រើន៕

XS
SM
MD
LG