ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​បន្ថយ​ប្រាក់ខែ​មន្ត្រី​រដ្ឋការ​ឆ្លុះ​បញ្ចាំង​ពី​សេដ្ឋកិច្ច​ចិន​ជួប​ការលំបាក​​


រូប​ឯកសារ៖ បុគ្គលិក​រដ្ឋាភិបាល នៅ​ខាង​ក្រៅ​អគារ​ដ្ឋាភិបាល​មួយ​កន្លែង​នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៤។
រូប​ឯកសារ៖ បុគ្គលិក​រដ្ឋាភិបាល នៅ​ខាង​ក្រៅ​អគារ​ដ្ឋាភិបាល​មួយ​កន្លែង​នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៤។

ទោះ​បី​ជា​ប្រទេស​ទើប​តែ​ងើប​ចេញ​ពីការ​បិទ​ខ្ទប់​រយៈពេល​៣​ឆ្នាំ​ នៃ​ជំងឺ​កូវីដ​១៩​យ៉ាង​ណាក្តី​ ក៏​ពលរដ្ឋ​ចិន​ជាច្រើន​នាក់​ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី​មួយ​ គឺ​ភាព​លំបាក​ខាង​ផ្នែកសេដ្ឋកិច្ច​ នោះ​គឺ​ការ​កាត់​បន្ថយ​ប្រាក់​ចំណូល​ជា​ច្រើន​ ​ក្នុង​ចំណោមមន្ត្រី​រដ្ឋការ​ស៊ីវិល​ជា​ច្រើន​លាន​នាក់នៅក្នុង​ប្រទេស​នេះ។​

បុគ្គលិក​អាជ្ញាធរលំនៅ​ដ្ឋាន​ក្នុង​ស្រុក​មួយ​រូប​ ដែល​មាន​អាយុ​៣៨​ឆ្នាំ​ ហើយ​ដែល​សុំ​ឱ្យ​បង្ហាញ​ឈ្មោះ​លោក​ត្រឹម​ថា​ Chen ប៉ុណ្ណោះ​ ដោយ​សារ​តែ​ខ្លាច​មាន​ការ​សង​សឹក​ពី​អាជ្ញាធរ​ចិន​នោះ​ បាន​និយាយ​ថា៖​ «ប្រាក់​រង្វាន់​ចុងឆ្នាំ​របស់​ខ្ញុំ​ត្រូវ​បាន​កាត់​យ៉ាង​ហោច​ណាស់​ក៏​ពី​ចំនួន​២ម៉ឺន​ទៅ​៣ម៉ឺន​យ័ន​លុយចិន​ (ឬ​ប្រហែល​ពី​២.៨០០ ទៅ​៤.២០០​ដុល្លារ​ លុយ​អាមេរិក)»។ ​

ដូចពលរដ្ឋ​គ្រប់ៗ​គ្នា​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ​លោក​ Chen ​ភរិយា និង​កូនប្រុស​២​នាក់​ បាន​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ។​ ការ​គ្រប់គ្រង​ដ៏​តឹងរឹងលើ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩​ បាន​ធ្វើឱ្យ​គ្រួសារលោក​រស់​នៅ​ក្នុង​ជីវិតស្ទើរ​តែ​ឯកោ ​ដោយត្រូវ​បាន​កម្រិតសកម្មភាព​សង្គម​ ​គ្មាន​ការ​សម្រាក​លំហែកាយ​ ​ហើយ​ការ​ទៅសួរទុក្ខ​បង​ប្អូន​ក៏ក្លាយ​ជារឿងដ៏កម្រ​មួយ​ផង​ដែរ។​ ​

ការ​គ្រប់គ្រងជំងឺរាតត្បាត​កូវីដ​១៩​ដ៏​តឹងរ៉ឹង​នោះ ត្រូវ​បានលុប​ចេញជា​ចុងក្រោយ​កាល​ពី​ឆ្នាំ​មុន​ ក៏​ប៉ុន្តែពេល​នេះ​ លោក​ Chen​ ​ត្រូវ​ប្រឈម​នឹងការ​បាត់​បង់​ប្រាក់ចំណូលដ៏​សំខាន់​បន្ថែម​ទៀត​ ដែល​ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន​ មាន​ល្បឿន​យឺតជាង​ការ​រំពឹង​ទុក។

ទីក្រុង​ Suzhou ដែលស្ថិត​នៅ​ក្បែរ​នោះ​ ហើយ​ជា​ទីក្រុង​មួយ ដែលមាន​ឈ្មោះ​ល្បីខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​វិបុលភាព​នោះ​ ​បាន​កាត់​បន្ថយ​ប្រាក់​រង្វាន់​ចុងឆ្នាំ​របស់​ខ្លួន​ ច្រើន​ជាងនេះ​ទៅ​ទៀត។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក​ Chen។ លោក​បន្ថែម​ដូច​នេះ​ថា៖​ «មន្ត្រី​សាធារណៈ​ក្នុង​ក្រុង​ Suzhou ប្រហែល​ជា​ត្រូវបាត់​ប្រាក់​រង្វាន់ពីចំនួន៥ម៉ឺន​ទៅ​៦​ម៉ឺន​យ័ន​លុយ​ចិន​ (ឬប្រហែល​ពី៥ពាន់​ទៅ​៨ពាន់​៥រយ​ដុល្លារ​ លុយ​អាមេរិក)»។​


​ដូច​មន្ត្រី​សាធារណៈ​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ​ប្រាក់​ខែ​ផ្លូវ​ការដែល​លោក​ Chen ទទួល​បាន​ គឺ​មាន​ចំនួន​ប្រហាក់​ប្រហែល​១ពាន់​ដុល្លារ​លុយ​អាមេរិក ក្នុង​មួយ​ខែ​ ដែលជា​ប្រាក់​ចំណូល​តែ​មួយរបស់​លោក។​ ​ ប៉ុន្តែ​មន្ត្រី​រដ្ឋការ​ទទួល​បាន​ជំនួយមិន​ផ្លូវការ​ជាច្រើន​ដូច​ជា​ប្រាក់​រង្វាន់​ ប្រាក់​ឧបត្ថម្ភ​ពិសេស ​និង​អាហារ​ធូរ​ថ្លៃ​នៅ​ភោជនីយដ្ឋាន​នៅ​កន្លែង​ធ្វើការ។

លោក​Chen ក៏​មាន​ច្បាប់​ឈប់សម្រាក់ប្រចាំ​ឆ្នាំ​រយៈ​ពេល​១៥​ថ្ងៃក្នុង​មួយ​ឆ្នាំ​ ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ពេញ​ ប៉ុន្តែ​លោក​បាន​ទទួលប្រាក់​រង្វាន់ប្រចាំ​ឆ្នាំប្រមាណ​២​.៥០០​ដុល្លារ​អាមេរិក ដោយ​ធ្វើ​ការជំនួសថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់លោក។ លោកនិយាយ​ថា​ «ពេល​នេះប្រាក់​ដែលខ្ញុំ​ធ្វើការ​ជំនួស​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្ញុំនៅ​សល់​តែ​ប្រមាណ​១.៣០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ»។ ​

លោក​បន្ថែម​ទៀត​ថា​ ​«​ការ​កាត់​បន្ថយ​ប្រាក់​ដែលត្រូវ​ទទួល​បាន​ ​ទោះ​ជា​ប្រាក់​រង្វាន់​ឬ​ប្រាក់ផ្សេងៗ​ទៀតក៏​ដោយ​ ​គឺជា​និន្នាការ​មួយ​ ដែល​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស​»។​

សេចក្តី​រាយការណ៍​ពី​ការ​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​រាជការ​ស៊ីវិលនៅ​ក្នុង​ប្រទេស​ចិន​ បាន​ចាប់​ផ្តើម​កើត​ឡើងនៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១​ ខណៈពេល​ដែល​រដ្ឋាភិបាលមូលដ្ឋាន​កំពុងជួប​នឹង​បញ្ហា​ទីផ្សារ​អចលនទ្រព្យ​ និង​បំណុល​ដ៏​ច្រើន​លើស​លប់​ ដែល​កើត​ឡើងដោយ​ការគ្រប់គ្រងដ៏​តឹង​តែង​បំផុត​ ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​ជំងឺរាតត្បាត​កូវីដ​១៩​នោះ។​

គេ​ឃើញ​មាន​ការ​បង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម​នានា​របស់​ចិន​ ​ ដែលធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំងកាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ ដោយ​សារ​នោះនិយាយ​ថា​ «ខេត្ត Guangdong នឹង​កាត់បា្រក់​ខែ​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​២៥​ភាគរយ»។​

​រដ្ឋាភិបាល​មូលដ្ឋាន​ក្នុងខេត្ត​ Guangdong​ ​ដែល​ជា​ខេត្ត​មួយ​ដែល​មានការ​រីកចម្រើន​ខ្លាំង​បំផុតក្នុង​ប្រទេស​ចិន​នោះ​ មិន​ដែលបដិសេធ​ឬ​បញ្ជាក់​ថា​ព័ត៌មានបង្ហោះ​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ឡើយ។​ ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ការ​បង្ហោះ​សារ​នោះ​ ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​និង​មាន​ការ​ត្អូញ​ត្អែរ​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​ផង​ដែរ៕​

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG