គណបក្សប្រជាជនកម្ពុជានៅខេត្តកោះកុង បានសម្រេចមិនឲ្យមេឃុំក្នុងអាណត្តិមុនដែលមានវ័យចំណាស់ចូលរួមឈរឈ្មោះនៅក្នុងការការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ នៅក្នុងអាណត្តិទីបួននេះ។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តដែលមានព្រំដែនជាប់ប្រទេសថៃមួយនេះ បានឲ្យដឹងថា មេឃុំដែលមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះនេះ ជាអ្នកការពារផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តកោះកុងបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យមេឃុំចាស់ៗរបស់ខ្លួនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មីទៀតទេ ដោយបានដាក់ជំនួសមកវិញនូវបេក្ខជនថ្មីៗ។ លោកនិយាយថា មេឃុំមួយចំនួនមិនសប្បាយចិត្តចំពោះការសម្រេចយ៉ាងដូច្នេះទេ ដោយពួកគាត់ បានធ្វើកិច្ចការងារជាច្រើន ដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋ និងហ៊ានតវ៉ាជាមួយថ្នាក់លើ ក្នុងការដោះស្រាយទំនាស់នានា រួមមានទំនាស់ដីធ្លីជាដើម។
លោកបន្តថា តាមការស្ទាបស្ទង់មតិពីប្រជាពលរដ្ឋ មេឃុំចាស់ៗ បានជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងឃុំ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«មានតែលោកមេឃុំបច្ចុប្បន្នទេ ដែលគាត់ចេញមុខ ហ៊ានតតាំង និងហ៊ានតទល់ជាមួយនឹងថ្នាក់លើរបស់គាត់ ហើយការពារផលប្រយោជន៍គាត់ អញ្ចឹងគាត់មិនអាចសង្ឃឹមទៅលើមេឃុំថ្មី នៅពេលខាងមុខនេះទេ»។
ប្រទេសកម្ពុជាគ្រោងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានបេក្ខជនប្រុសស្រីចូលរួមការប្រកួតសរុបចំនួន ៩៤.៥៩៥នាក់។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងពេលកន្លងមករបស់ គណបក្សសង្គ្រោះជាតិបានប្រើពាក្យថា «ដូរៗ» ដោយជំរុញឲ្យយុវជនចូលរួមនៅក្នុងដំណើរការនយោបាយ ខណៈដែលគណបក្សកាន់អំណាចត្រូវគេមើលឃើញជាទូទៅថា មានមន្ត្រីចំណាស់ៗដែលបានបម្រើការក្នុងរដ្ឋបាលខ្លួនអស់រយៈពេលប៉ុន្មានទសវត្សមកនេះ។ ហើយនៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ នៅក្នុងសង្កាត់មួយក្នុងខេត្តសៀមរាប គណបក្សប្រឆាំងថែមទាំងបានដាក់បេក្ខជនចៅសង្កាត់វ័យក្មេងអាយុ២៦ ឆ្នាំផងដែរឲ្យប្រកួតប្រជែងជាមួយចៅសង្កាត់ចាស់អាយុ៦០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា។
គណបក្សកាន់អំណាចក្នុងពេលកន្លងមកក៏បានបង្ហាញថា ខ្លួនជាគណបក្សនៃអ្នកជំនាន់ថ្មីផងដែរ ដោយមានការបញ្ចូលមុខមាត់នៃសមាជិកថ្មីដែលមានវ័យក្មេងនៅក្នុងជួរបក្សរបស់ខ្លួន។
លោក អ៊ិន គង់ជិត បានលើកឡើងថា មេឃុំមួយចំនួន ដែលបានធ្វើការបម្រើប្រជាពលរដ្ឋនៅខេត្តកោះកុង រួមមានមេឃុំឫស្សីជ្រុំ លោក មាន នឿន ដែលបានបញ្ចប់ជម្លោះទាក់ទិនបញ្ហាកសិកម្មក្នុងស្រុកថ្មបាំង និងមេឃុំអណ្តូងទឹក លោក ហ៊ី តាន់ ក្នុងស្រុកបុទុមសាគរ ដែលហ៊ានប្រឈមនឹងចំណាត់ការរបស់តុលាការ ដោយសារលោកការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីក្នុងភូមិឃុំដែលលោកគ្រប់គ្រង។
លោក មាន នឿន វ័យ ៤៩ ឆ្នាំ មេឃុំឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ថ្លែងប្រាប់ VOAថា លោកមិនអាក់អន់ចិត្តអ្វីនោះឡើយ ចំពោះការណ៍ដែលលោកមិនត្រូវបានគណបក្សជ្រើសរើសឲ្យឈរឈ្មោះបន្តទៀត។ លោកមានប្រសាសន៍ថា លោកបានអភិវឌ្ឍភូមិឃុំដែលលោកគ្រប់គ្រង ដោយកសាងសាលាឃុំ និងផ្លូវថ្នល់ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងឃុំ។
«រយៈពេលកន្លងមក គឺខ្ញុំអាចធ្វើបានល្អហើយ ហើយអញ្ចឹង ដល់ពេលខ្ញុំសម្រាកក៏ល្អដែរ ចង់ដឹងថា អ្នកក្រោយ គាត់ធ្វើបានដូចខ្ញុំដែរអត់»។
ក៏ប៉ុន្តែ លោក ហ៊ី តាន់ វ័យ ៦៦ ឆ្នាំ មេឃុំអណ្តូងទឹក ប្រាប់ VOA ថា លោកមិនមែនត្រូវបានគណបក្សប្រជាជនកម្ពុជាដែលលោកជាសមាជិក សម្រេចមិនអនុញ្ញាតឲ្យឈរឈ្មោះបន្តទៀតនោះទេ។ លោកមានប្រសាសន៍ថា លោកបានសុំគណបក្សសម្រាកដោយខ្លួនលោក ដោយសារតែវ័យកាន់តែចាស់ ហើយសុខភាពក៏មិនសូវល្អ។
«បាទមិនមែនគណបក្សណាអត់ឲ្យពូឈរឈ្មោះ គេអង្វរពូចង់ងាប់ហើយ ពូចាស់ក្មួយ ទៅអត់រួចទេ យើងវាចាស់ អាយុ ៦៦ ឆ្នាំ ហើយ ហើយភ្នែកក៏ល្ងិត ហើយផ្ទះឆ្ងាយ បើកឡានទៅអត់រួចតែឯង ហើយក៏សុំសម្រាកទៅ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួនជាង១.៦០០ ឃុំសង្កាត់ ដែលជាការបោះឆ្នោតថ្នាក់ក្រោមជាតិ នឹងរៀបចំឡើងដើម្បីជ្រើសរើសមន្ត្រីដឹកនាំថ្នាក់មូលដ្ឋាន។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះមានលក្ខណៈប្រកួតប្រជែងគ្នាជាងរាល់ដងដោយសារតែគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានកម្លាំងប្រហាក់ប្រហែលគ្នា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការសម្រេចមិនឲ្យមេឃុំចាស់ឈរឈ្មោះ ត្រូវបានធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់សមាជិកសមាជិកាគណបក្សនៅតាមមូលដ្ឋាន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«វាអាស្រ័យទៅលើការសម្រេចចិត្តរបស់សមាជិក សមាជិកា នៅមូលដ្ឋានហ្នឹងថា តើគាំទ្រ បេក្ខភាពណាបាទ។ ពីព្រោះម្យ៉ាងគឺថា បើចាស់ជរាទៅហើយ ហើយធ្វើការមិនកើត អាហ្នឹងក៏យើងពិនិត្យលទ្ធភាពតាមហ្នឹង ហើយសន្និបាត គណៈកម្មការបក្សមូលដ្ឋានក៏គេគិតពិចារណាអញ្ចឹងដែរ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបន្ថែមថា មេឃុំដែលមិនត្រូវបានជ្រើសរើសឲ្យឈរឈ្មោះបន្តទៀត នឹងត្រូវគណបក្សឲ្យធ្វើជាទីប្រឹក្សាដល់កិច្ចការរដ្ឋបាលក្នុងភូមិឃុំដែលពួកគេធ្លាប់កាន់កាប់ ហើយក៏ទទួលបានប្រាក់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានទំនាក់ទំនងដល់ការឡើងកាន់កាប់ស្ថាប័នព្រឹទ្ធសភា ព្រោះគណបក្សនយោបាយណាដែលទទួលបានសមាជិកក្រុមប្រឹក្សាច្រើននៅថ្នាក់ឃុំ-សង្កាត់ នឹងមានលទ្ធភាពគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ម្នាក់ៗ នឹងក្លាយជា«អង្គបោះឆ្នោត»ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគកាលពីពេលកន្លងមក៕