ក្រុមសកម្មជនការពារសិទ្ធិមនុស្សមកពីតំបន់អាស៊ានបានប្រាប់ដល់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកពីការព្រួយបារម្ភរួមមួយ ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសភាពដុនដាបនៃលំហសេរីភាពសម្រាប់សង្គមស៊ីវិលនិងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលចូលរួមកិច្ចប្រជុំពិសេសជាមួយនឹងលោកស្រី Susan Rice ទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់ដល់កម្មវិធី Hello VOA ពិសេសថា រដ្ឋាភិបាលតែងតែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីគាបសង្កត់មកលើអ្នកដែលហ៊ានរិះគន់។
ការស្តាប់មតិពីអង្គការសង្គមស៊ីវិលដែលបានធ្វើឡើងនៅឯសេតវិមានគឺមានរយៈពេលតែបួនថ្ងៃប៉ុណ្ណោះមុនពេលដែលមេដឹកនាំអាស៊ានជួបប្រជុំកំពូលជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ានៅតំបន់លំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
សង្គមស៊ីវិលក៏ស្នើឱ្យបង្កើតនូវគំនិតផ្តួចផ្តើមមួយជាក់លាក់រវាងអាមេរិកនិងថ្នាក់តំបន់អាស៊ានដើម្បីគាំទ្រដល់សង្គមស៊ីវិលហើយផ្តល់តម្លៃដល់ការចូលរួមរបស់អង្គការសង្គមស៊ីវិលដែលនៅតែមានភាពចម្រូងចម្រាស់នឹងគ្នានៅឡើយ៕