គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានខកខានមិនបានចូលរួមតុចរចាដើម្បីស្វែងរកការសម្របសម្រួលផ្នែកនយោបាយចុងខែមករានេះ។
មានសកម្មគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីប្រមាណជាង២០នាក់កំពុងទន្ទឹមរង់ចាំការដោះលែងឲ្យមានសេរីភាពនៅក្នុងសណុំរឿងដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
ថ្នាក់ដឹកនាំតំណាងរាស្រ្តខាងគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកកឹម សុខា និងគណបក្សគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីស ខេង កាលពីថ្ងៃច័ន្ទទី១៦ បានប្រកាសជាសារធារណៈអំពីគម្រោងចូលរួមតុចរចាគ្នានៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។
ការប្រកាសនេះកើតមានឡើងមិនបានប៉ុន្មានផង ស្រាប់តែមកដល់ថ្ងៃអង្គារនេះ គម្រោងជួបចរចាគ្នារវាងថ្នាក់ដឹកនាតំណាងរាស្ត្រខាងគណបក្សទាំងពីរបានផ្អាកទៅវិញ។
កន្លងមកគណបក្សប្រជាជនកម្ពុជាធ្លាប់បានលើកយករបៀបវារៈចំនួនពីរសម្រាប់ជាដើមទុនក្នុងការជជែកគឺកំណត់តួនាទី ការងារ និងអំណាចរបស់ប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើននៅក្នុងសភា។
ចំណែកគណបក្សសង្គ្រោះជាតិក៏មានរបៀបវារៈចំនួនពីរដូចគ្នាគឺការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រដើម្បីឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន និងការជជែកទាក់ទងសភាពការណ៍មុនការបោះឆ្នោត។
ភាពមិនច្បាស់លាស់នៃការចរចានេះបានកើតឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងទស្សនកិច្ចនៅប្រទេសស្វីស បានប្រកាសតាមបណ្តាញសារព័ត៌មានក្នុងស្រុក ឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាត្រង់មាត្រាទី៤៨ដើម្បីជាការបើកផ្លូវឲ្យលុបចោលតួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមមតិភាគច្រើនក្នុងសភា។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ នាយខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រីស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រដ្ឋសភាជាអ្នកសម្រេចថា តើនឹងកោះប្រជុំពេញអង្គនៅពេលណា ដើម្បីធ្វើវិសោធនកម្មមាត្រាទី៤៨នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
លោកបានបញ្ជាក់ថា៖
«បាទ ទុកជូនសភាជាអ្នកសម្រេច»។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា លោកមិនទាន់ទទួលបានសំណើណាមួយដើម្បីឲ្យធ្វើវិសោធនកម្មមាត្រាទី៤៨នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានៅឡើយទេ។
លោកឲ្យដឹងថា៖
«នៅទេៗ! យើងមិនទាន់ទទួលសំណើជាផ្លូវការណាមួយនៅឡើយទេ»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ តែមិនអាចទាក់ទងបានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
នៅក្នុងមាត្រាទី៨២នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រង់ជំពូកទី១៦ដែលចែងអំពីការសុំកែប្រែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាបានចែងថា៖
«ការកែប្រែបានលុះត្រាតែមានការស្នើសុំពីអ្នកតំណាងរាស្ត្រមួយភាគបួនយ៉ាងតិចនៃចំនួនសមាជិកសភាទាំងមូល ហើយត្រូវមានការអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល»។
ភាពជាប់គាំងនៃការជួបចរចាគ្នារវាងគណបក្សគូជម្លោះទាំងពីរនេះត្រូវបានអ្នកវិភាគ កន្លងមក ធ្លាប់បាននិយាយថា បានបង្កឲ្យក្រុមសកម្មជនគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ដែលកំពុងជាប់ឃុំឃាំងកាន់តែអូសបន្លាយ បាត់បង់ពន្លឺសេរីភាព បើទោះបីជាពួកគេបានជាប់ឃុំឃាំងដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយយ៉ាងណាក៏ដោយ៕