បើទោះមានការរិះគន់ និងបារម្ភអំពីការស្នើកែប្រែរដ្ឋធម្មនុញ្ញនាពេលនេះ អង្គសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងលើសំណើវិសោធនកម្មលើកទី១០នេះ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យដោយរដ្ឋសភាដែលដឹកនាំទាំងស្រុងដោយគណបក្សកាន់អំណាច។
ការប្រកាសនេះធ្វើឡើងនៅក្នុងអង្គសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងពីលទ្ធផលនៃសន្និបាតចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឲ្យដឹងក្នុងសំណេរដើមថា៖ «អង្គសន្និបាតគាំទ្រទាំងស្រុងលើសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ (ទី១)ការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ និង(ទី២)ការធានាការពារ និងថែរក្សាឲ្យបានសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ»។
ការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបង្អស់នេះ ក៏រងការរិះគន់ផងដែរ ដោយសារវាធ្វើឡើងក្នុងពេលដែលរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកបក្ស។ អត្ថន័យមួយចំនួនក៏ត្រូវបានមើលឃើញថាធ្វើឲ្យអំណាចរដ្ឋសភាចុះខ្សោយផងដែរ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះធ្វើឲ្យមាន«ប្រក្រតីភាពនៃស្ថាប័នជាតិ» ខណៈមានការបំពេញបន្ថែមលើមាត្រាមួយចំនួនដែលនៅមានចន្លោះប្រហោង។ ប៉ុន្តែលោកមើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់ចំណុចមួយចំនួន មានបង្កប់«ចេតនានយោបាយ»ផងដែរ។
លោកថ្លែងថា៖ «ផលអវិជ្ជមាន ខ្ញុំមើលឃើញទាក់ទងនឹងការរឹតត្បិតផ្នែកអំណាចរបស់គណបក្សប្រឆាំងនៅក្នុងសភា ហើយនិងទាក់ទងនឹងការលើកតួនាទីរបស់គណបក្សជាជាងអំណាចរបស់សភា»។
បើយោងតាមសេចក្តីព្រាងធម្មនុញ្ញ ត្រង់មាត្រា ១១៩ អត្ថន័យក៏ត្រូវបានស្នើកែប្រែ ដោយលុបចោលឃ្លាពាក់ព័ន្ធនឹងការស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងការស្នើតំណាងរាស្ត្រមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាល។ មាត្រាថ្មីចែងថា តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឲ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។
នៅក្នុងបទសម្ភាសន៍ជាវីដេអូមួយជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៥ ខែកក្កដា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និយាយថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រញាប់ជំរុញវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដោយសារតែលោក ហ៊ុន សែន កាន់តែមានវ័យចំណាស់ មានការមិនពេញចិត្តមកលើលោក ហ៊ុន សែន នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងវត្តមានតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀននៅក្នុងរដ្ឋសភា នាពេលខាងមុខ។
លោកបន្ថែមថា វិសោធនកម្មនេះនឹងអនុញ្ញាតឲ្យប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន អាចស្នើវរជនជានាយករដ្ឋមន្ត្រីជំនួសរូបលោក ដោយមិនមានការឆ្លងកាត់រដ្ឋសភា នៅពេលណាមួយដែលលោកចង់លាលែងពីតំណែង។
លោក សម រង្ស៊ី ថ្លែងថា៖ «បំណងហ៊ុន សែន ចង់ធ្វើថៅកែ ផ្ទេរតំណែងថៅកែឲ្យកូនគាត់ឲ្យដឹកនាំប្រទេសកម្ពុជាតាមចិត្ត អ៊ីចឹងហើយបានគាត់ថាទេ ឥឡូវសុំកែ ឲ្យតែគណបក្សណាដែលមានសំឡេងឆ្នោតច្រើនជាងគេ ស្នើទៅព្រះមហាក្សត្រ អត់មានឆ្លងរដ្ឋសភា»។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនថាការស្នើកែប្រែនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភាបានទទួលសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីសប្តាហ៍មុន និងកំពុងដាក់បញ្ជូនសំណើនេះទៅក្នុងសម័យប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
លោកថ្លែងថា៖ «ខាងរដ្ឋសភាគឺថា នឹងពិនិត្យមើលនៅថ្ងៃស្អែកហ្នឹង។ ហើយនឹងបញ្ជូនទៅគណៈកម្មការជំនាញដើម្បីពិនិត្យសិក្សាស្រាវជ្រាវ»។
គួរបញ្ជាក់ថា មាត្រាដែលត្រូវធ្វើវិសោធនកម្មចុងក្រោយនេះ រួមមានមាត្រា១៩ ថ្មី(មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា ១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីព្រាងដែលត្រូវបានបង្ហាញដោយក្រសួងយុត្តិធម៌។
សេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញក៏រួមទាំងមាត្រាថ្មីពីរទៀត គឺមាត្រា ៣ថ្មី និងមាត្រា ៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។ ការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាលើកទី១០នេះ ដែលត្រូវបានគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចអនុម័តកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នាំឲ្យមានការជជែកវែកញែកថាតើការកែប្រែច្បាប់កំពូលរបស់ជាតិនេះបម្រើឧត្តមប្រយោជន៍ជាតិដែរឬទេ ហើយថាតើមានភាពចាំបាច់កម្រិតណា ដែលឈានទៅដល់ការធ្វើវិសោធនកម្មនេះ៕