ការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាលើកទី ១០ នេះ ដែលត្រូវបានគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នាំឲ្យមានការជជែកវែកញែកថា តើការកែប្រែច្បាប់កំពូលរបស់ជាតិនេះបម្រើដល់ឧត្តមប្រយោជន៍ជាតិ ហើយថា តើមានភាពចាំបាច់កម្រិតណា ដែលឈានទៅដល់ការធ្វើវិសោធនកម្មនេះ។
អ្នកវិភាគ និងអ្នកតាមដាននយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា យល់ថា ខ្លឹមសារដែលស្នើកែប្រែដោយរដ្ឋាភិបាល នឹងធ្វើឲ្យអំណាចរដ្ឋសភាកាន់តែចុះខ្សោយ ហើយគណបក្សកាន់អំណាចកាន់តែមានអំណាចថែមទៀត។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ វិភាគថា ខ្លឹមសារនៃការស្នើកែប្រែរដ្ឋធម្មនុញ្ញ ដែលត្រូវបានបង្ហាញដោយក្រសួងយុត្តិធម៌ នឹងធ្វើឱ្យអំណាចសភា រឹតតែអន់ខ្សោយ ខណៈអំណាចរបស់គណបក្សកាន់អំណាច កាន់តែកើនឡើង ជាពិសេសពាក់ព័ន្ធជាមួយអំណាចរបស់តំណាងរាស្រ្តក្នុងការកោះហៅរដ្ឋមន្ត្រីមកសួរនាំ ឬស្តីបន្ទោស និងការតែងតាំងនាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សណាមួយឈ្នះការបោះឆ្នោត។
សាស្ត្រាចារ្យរូបនេះបន្ថែមថា កាលណាអំណាចសភាធ្លាក់ចុះ តុលាការនឹងកាន់តែបាត់បង់ឥទ្ធិពលរបស់ខ្លួន ព្រមទាំងមិនអាចផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋបានទេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងមិនអាចបំពេញតួនាទីបានពេញលេញនៅក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋទេ ហើយនីតិបញ្ញត្តិក៏មិនអាចធ្វើ ឬក៏ដើរតួនាទីបានពេញលេញ ឬក៏សកម្មដូចមុន មានឥទ្ធិពលដូចមុននៅក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋបានច្រើនដែរ»។
លោក ឯម សុវណ្ណារ៉ា ស្នើឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ ដើម្បីធានានូវឯករាជ្យភាពរបស់តុលាការ និងសភាវិញ ដែលជាធាតុដ៏សំខាន់នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បើតាមខ្លឹមសារបច្ចុប្បន្ននៃរដ្ឋធម្មនុញ្ញ ការកោះហៅរដ្ឋមន្រ្តីមកសាកសួរនៅក្នុងរដ្ឋសភាត្រូវធ្វើឡើងក្នុងសំឡេងតំណាងរាស្រ្ត ៣០ នាក់នៃតំណាងរាស្រ្តសរុប។ ប៉ុន្តែខ្លឹមសារថ្មីដែលចង់កែប្រែចែងថា ការកោះហៅមន្ត្រីរដ្ឋាភិបាលត្រូវការសំឡេងមួយភាគបី គឺស្មើ ៤២ នាក់ នៃតំណាងរាស្រ្តសរុបដែលបច្ចុប្បន្នមានចំនួន ១២៥ នាក់។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា អ្វីដែលជាការព្រួយបារម្ភរបស់លោកចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលស្នើដោយរដ្ឋាភិបាល គឺនៅចំពេលដែលរដ្ឋសភាដឹកនាំដោយគណបក្សតែមួយ ដែលមិនអាចមានការជជែកគ្នាផុលផុសពីសំណាក់តំណាងរាស្រ្តនៅក្នុងរដ្ឋសភា ដើម្បីបង្ហាញមតិចម្រុះ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំគ្រាន់តែមានសំណួរខ្លះទៅលើរឿងថា តើទី ១ គុណភាពនៃការជជែកគ្នាហ្នឹង បានស៊ីជម្រៅប៉ុណ្ណា ហើយតើក្រុមអ្នកបច្ចេកទេសខាងច្បាប់ហ្នឹងតើបានជជែកគ្នាដោយឯករាជ្យ ដោយមិនមានឥទ្ធិពលពីអ្នកនយោបាយកម្រិតប៉ុណ្ណា»។
អ្នកវិភាគរូបនេះក៏អះអាងថា ករណីដែលរដ្ឋសភាហៅរដ្ឋមន្ត្រី ឬក៏មន្រ្តីរដ្ឋាភិបាលទៅសួរនាំពីភាពមិនប្រក្រតីដែលបានកើតឡើង គឺកម្រមានណាស់ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនមានតែម្តង ក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិ។
លោក មាស នី បន្ថែមថា ទោះបីផ្លាស់ប្តូរមាត្រានៃរដ្ឋធម្មនុញ្ញ ដោយប្តូរពី ៣០ នាក់ទៅ ៤២ នាក់ក្នុងចំណោមតំណាងរាស្ត្រ ក្នុងការកោះហៅមន្ត្រីណាមួយមកសួរនាំ ក៏វាមិនមានអ្វីខុសគ្នាដែរ។
លោកបណ្ឌិត មាស នី យល់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលនេះ បង្កឱ្យគណបក្សកាន់អំណាច កាន់តែមានឥទ្ធិពលកាន់តែច្រើន ដែលនាំឱ្យបាត់តុល្យភាពរវាងអំណាចរដ្ឋទាំងបី។ លោកស្នើឱ្យរដ្ឋាភិបាលកុំព្យាយាមពន្លឿនការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីចៀសពីការសង្ស័យ ក៏ដូចជាការរិះគន់ អំឡុងពេលដែលបរិយាកាសនយោបាយមិនទាន់អំណោយផល។
ក្នុងពេលដែលមិនមានតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងរដ្ឋសភា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម កាលពីខែតុលា ឆ្នាំ ២០២១ ដោយកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ វិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានមើលឃើញថា ជាគោលដៅប្រឆាំងនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលមានសញ្ជាតិខ្មែរ និងបារាំង។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា ការកែប្រែរដ្ឋធម្មនុញ្ញនាពេលនេះ ហាក់បង្កើនឥទ្ធិពល និងអំណាចរបស់គណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា ខណៈអំណាចរដ្ឋសភាមានការអន់ថយ។
អ្នកស្រាវជ្រាវរូបនេះយល់ឃើញថា អំណាចសភាខ្សោយ នាំឱ្យបាត់បង់ធាតុដើមនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គ្រាកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សបែបសភានិយម ហើយសមាជិកសភាតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ និងប្រយោជន៍ជាតិទាំងមូល មិនមែនប្រយោជន៍គណបក្សនោះទេ។
លោកថ្លែងថា៖ «វាធ្វើឱ្យបាត់បង់តុល្យភាព ឬក៏គោលការណ៍ដើមនៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សផងដែរ ដោយសារកម្ពុជាយើងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយករបបសភាជាធំ ហើយសភាហ្នឹង តំណាងឱ្យអំណាចរបស់ប្រជាពលរដ្ឋ»។
បើយោងតាមសេចក្តីព្រាងធម្មនុញ្ញ ត្រង់មាត្រា ១១៩ អត្ថន័យក៏ត្រូវបានស្នើកែប្រែ ដោយលុបចោលឃ្លាពាក់ព័ន្ធនឹងការស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងការស្នើតំណាងរាស្ត្រមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាល។ មាត្រាថ្មីចែងថាតាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឲ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា រដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន មានលក្ខណៈល្អគ្រប់គ្រាន់ហើយ មិនមានអ្វីត្រូវធ្វើវិសោធកម្មទៀតឡើយ ពាក់ព័ន្ធជាមួយការតែងតាំងនាយករដ្ឋមន្ត្រី។ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរូបនេះ បន្តថា រដ្ឋាភិបាលគួរតែខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរដ្ឋ ដើម្បីធានានូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាពវិញ។
លោកថ្លែងថា៖ «វាគួរតែខិតខំគិតគូរអំពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការពង្រឹងស្ថាប័នជាតិរបស់យើងឱ្យដំណើរការទៅ ប្រព្រឹត្តទៅដើម្បីធានាសេវាល្អត្រឹមត្រូវជូនពលរដ្ឋ»។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងការពារកាលពីថ្ងៃព្រហស្បតិ៍ថា ការស្នើកែប្រែនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «មិនមែនរឿងកែរដ្ឋធម្មនុញ្ញនេះដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិទេ គឺរឿងការបោះឆ្នោតនោះទេ នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ហើយរដ្ឋធម្មនុញ្ញក៏គ្មានកន្លែងណាមួយសរសេរថា កែរដ្ឋធម្មនុញ្ញដាក់ថាគណបក្សណាមួយត្រូវបន្តដឹកនាំប្រទេសឯណា គឺអត់មានទេ»។
គួរបញ្ជាក់ថា មាត្រាដែលត្រូវធ្វើវិសោធនកម្មចុងក្រោយនេះ រួមមានមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី(មួយ) និងមាត្រា ១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីព្រាងដែលត្រូវបានបង្ហាញដោយក្រសួងយុត្តិធម៌។
សេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញក៏រួមទាំងមាត្រាថ្មីពីរទៀត គឺមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ កំពុងស្ថិតក្នុងដៃរបស់រដ្ឋសភា ដើម្បីត្រួតពិនិត្យបន្តទៀត៕