មេដឹកនាំគណបក្សប្រជាជនកម្ពុជាបានថ្លែងនៅថ្ងៃអាទិត្យនេះ អំពីការខិតខំរបស់គណបក្សកាន់អំណាចរបស់ខ្លួន ចំពោះការអភិឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយថាមពលក្រោយការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបជាប់ឆ្នោតថ្មីៗជាប្រធានគណបក្ស បន្ទាប់ពីមរណភាពរបស់អតីតប្រធានគណបក្ស គឺលោក ជា ស៊ីម បានថ្លែងដែរថា លទិ្ធប្រជាធិបតេយ្យបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងប្រទេសនេះ។
លោក ហ៊ុន សែន ដែលជាប្រធានពេញច្បាប់របស់គណបក្សនយោបាយនេះ បានថ្លែងទៅកាន់មន្ត្រីរាជរដ្ឋាភិបាលនិងមន្ត្រីអង្គទូតនៃបណ្តាប្រទេសនានា ហើយនឹងអ្នកចូលរួមរាប់ពាន់នាក់ផ្សេងទៀត នៅក្នុងពិធីរំឭកខួបនេះថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់គោលការណ៍ ប្រជាធិបតេយ្យប្រជាជនជានិច្ច ចាប់តាំងពីបានស្រោចស្រង់ប្រទេសកម្ពុជាចេញរបបកម្ពុជាប្រជាធិបតេយ្យ។
លោកសង្កត់ធ្ងន់ថា គណបក្សរបស់លោកក្នុងរយៈពេលជាង៣៦ឆ្នាំមកនេះ បានស្តារប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីបានធ្លាក់ដល់ចំណុចសូន្យនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏យង់ឃ្នង។
«ក្នុងរយៈពេលជាង៣៦ឆ្នាំចុងក្រោយនេះ អាស្រ័យដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត និងមិនអាចកាត់ថ្លៃបានយ៉ាងច្រើនជូនជាតិមាតុភូមិ»។
ដោយបានថ្លែងសុន្ទរកថានៅពីមុខ លោក ហេង សំរិនប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណបក្សពីររូបទើបជ្រើសតាំងថ្មី គឺលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសមានសន្តិភាព ប្រកបដោយការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច។
លោកបញ្ជាក់ថា លទិ្ធប្រជាធិបតេយ្យកំពុងចាក់គ្រឹះយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាដែលបានហែលឆ្លងសោកនាដកម្មក្នុងរបបខ្មែរក្រហមដ៏ប្រល័យ។
គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៥១ ក្រោមឈ្មោះថា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា»។
គណបក្សប្រជាជនកម្ពុជា ដែលអ្នកវិភាគសង្គម និងនយោបាយស្គាល់ថា ជាអតីតបក្សកុម្មុយនិស្តដ៏ធំនៅក្នុងប្រទេសកម្ពុជា បានឡើងកាន់អំណាចចាប់តាំងពីដើមឆ្នាំ១៩៧៩មកម្ល៉េះ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលក្រុងហាណូយ នៃប្រទេសវៀតណាម។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតបក្សនយោបាយបែបប្រជាធិបតេយ្យនៅតាមមូលដ្ឋាន បានមានប្រសាសន៍ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាមិនបានចាត់ទុកប្រជាជនជាធំទេ ដោយលោកពន្យល់ថាគណបក្សប្រជាជនកម្ពុជាមិនចង់ឲ្យប្រជាជនខ្មែរយល់ដឹងពីបញ្ហាធំៗទាក់ទងនឹងកិច្ចការសង្គមនិងការសម្រេចចិត្តផ្នែកនយោបាយ។
លោកអះអាងថា គណបក្សនយោបាយនេះ ក៏ពុំទាន់បាននំាមកឲ្យប្រទេសកម្ពុជានូវលិទ្ធិប្រជាធិបតយ្យពិតប្រាកដនៅឡើយដែរ ដោយសារតែផ្នត់គំនិតបែបកុម្មុយនីស្តនៅបន្តមាននៅឡើយ នៅក្នុងរបៀបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រាដែលអំណាចមិនទាន់បែងចែកឲ្យគ្រប់គ្រាន់ទៅដល់ថ្នាក់មូលដ្ឋាន។
«ភាគច្រើនចំណុចដែលខ្វះខាតនៅមានគឺទាក់ទងទៅនឹងការធ្វើសេចក្តីសម្រេចចិត្តតាមបែបវិមជ្ឈការប្រជាធិបតេយ្យផ្ទៃក្នុងជាតិ ផ្ទៃក្នុងបក្ស»។
អ្នកស្រាវជ្រាវសង្គមរូបនេះ បានមើលឃើញផងដែរនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍតាំងពីប្រទេសនេះ មានហូរហៀរនូវធនធានធម្មជាតិរហូតដល់សម្បត្តិទាំងអស់នេះបានរលាយបន្តិចម្តងៗនៅក្នុងការគ្រប់គ្រងរបស់គណបក្សដែលកាន់កាប់កម្ពុជាជាយូរឆ្នាំមកនេះ។
អតីតបក្សកុម្មុយនិស្តមួយនេះ ទទួលបានជំនួយយោធាពីប្រទេសវៀតណាម ដើម្បីផ្តួលរំលំរបបវាលពិឃាដកម្ពុជាប្រជាធិបតេយ្យ ដ៏អមនុស្សធម៌និងសាហាវឃោរឃៅនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩៕