ព្រះមហាក្សត្របានតែងតាំងទីប្រឹក្សាចំនួន៣៨រូបសម្រាប់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាថ្មីដែលទើបជាប់ឆ្នោត។
ព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃច័ន្ទឱ្យដឹងថា មន្ត្រីទាំង៣៨រូបមានឋានៈចាប់ពីអគ្គនាយករហូតដល់ទេសរដ្ឋមន្ត្រីហើយក្នុងចំណោមនោះ ក៏មានលោក ឌួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលក្នុងរបាយការណ៍របស់អង្គការ Global Fund បានចោទថា មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងកម្មវិធីមុងសុវត្ថិភាពប្រឆាំងនឹងជំងឺគ្រុនចាញ់។
ការចោទប្រកាន់ពីអំពើពុករលួយនោះបាននាំឱ្យអង្គការ Global Fund ប្រកាសផ្តាច់កិច្ចសន្យាជាមួយក្រុមហ៊ុនអន្តរជាតិពីរដែលផ្គត់ផ្គង់មុងដល់កម្ពុជាបន្ទាប់ពីរកឃើញថាពួកគេបានសូកប៉ាន់មន្ត្រីខ្មែរចំនួនពីរនាក់អស់ទឹកប្រាក់រាប់សែនដុល្លារក្នុងរយៈពេលប្រាំឆ្នាំ។
លោក សាយ ឈុំ បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាក្រោយពីមរណភាពរបស់លោកជា ស៊ីម ដែលជាអ្នកនយោបាយនិយមកណ្តាលនិងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។ លោក សាយ ឈុំ ក៏ទើបត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សបោះឆ្នោតជ្រើសរើសជាអនុប្រធានគណបក្សផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាចដ៏យូរមួយនេះ៕