ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ធំៗ​ទាំងពីរ​នៅ​មាន​ចំណុច​ច្រើន​ត្រូវ​បំពេញ​បន្ថែម


ស្លាកសញ្ញា​​គណបក្ស​​ប្រជាជន​កម្ពុជា ​​​​គណបក្ស​​សង្គ្រោះ ជាតិ​ និង​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​​ប្រជាធិប​​តេយ្យ។​​​
ស្លាកសញ្ញា​​គណបក្ស​​ប្រជាជន​កម្ពុជា ​​​​គណបក្ស​​សង្គ្រោះ ជាតិ​ និង​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​​ប្រជាធិប​​តេយ្យ។​​​
ឆ្លង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ បើ​ទោះបី​ជា​លទ្ធផល​នេះ​មិន​ទាន់​ផ្លូវការ​ក៏​ដោយ​ ប៉ុន្តែ​គេ​ប្រហែល​ជា​អាច​មើល​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរ​ដល់​ផ្លូវ​បំបែក​មួយ​ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​បំផុត។​

ដោយ​ឡែក​ គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​បីដូច​ជា​បាន​មក​ដល់​ចំណុច​កំពូល​មួយ​ដែល​ត្រូវ​ស្ទុះ​ហក់​ឡើង​សម្រាប់​មក​ជំនួស​អំណាច​ដែល​កាន់កាប់​ដោយគណបក្ស​ប្រជាជន​កម្ពុជា​ជាង​បី​ទស​វត្ស​មក​ហើយ។​

ទន្ទឹម​គ្នា​នេះ​ គណបក្ស​ទាំង​ពីរ​ហាក់​ដូចជា​មាន​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន​ដែល​ត្រូវ​តែ​ពង្រឹង​បន្ថែម​ដើម្បី​រក្សា​អំណាច​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ប្រទេស​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​អ៊ូ​ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្កត់ធ្ងន់​ទៅ​លើ​ការ​កែ​ទម្រង់​ខ្លាំងក្លា​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​និយាយថា៖​ «អនាគត​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​បើសិនជា​គាត់​ហ៊ាន​កែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស ​ហើយ​និង​កែ​ទម្រង់​ផ្ទៃក្នុង​រដ្ឋាភិបាល​តាម​រយៈ​ដក​មនុស្ស​ចាស់ៗ​ជា​ច្រើន​ដែល​ខ្ញុំ​មើលទៅ​មិន​អាច​បំពេញ​ការងារ​ដូច​ជំនាន់​ថ្មី​បាន​ ដើម្បី​ឲ្យ​ពួក​គាត់​ដើរ​តាម​ស្ថាន​ការណ៍​បាន ​ហើយ​អាច​លើក​មុខ​មាត់​ប្រទេស​ជាតិ​បាន​នៅ​ក្នុង​ឆាក​ពិភព​លោក ​ទើប​គណបក្ស​ប្រជាជន​មាន​ឱកាស​ឈ្នះ​នៅ​ឆ្នាំ​២០១៨»។​

ដោយ​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កញ្ញា​ខាង​មុខ​ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ​ទាំង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង​ សុទ្ធតែ​បាន​អះអាង​ពី​ជ័យ​ជំនះ​រៀងៗ​ខ្លួន។​

គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ​ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អាសនៈ។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អះអាង​ដែរ​ថា ​ខ្លួន​ទទួល​បាន​៦៣​អាសនៈ​ក្នុង​សភា​ជាន់​ទាប​នេះ​ ពោល​គឺ​ឈ្នះ​លើ​គណបក្ស​កំពុង​កាន់​អំណាច​ចំនួន​៣​អាសនៈ។​

ទោះជា​លទ្ធផល​បែប​ណា​ក៏​ដោយ​ លោក​អ៊ូ វីរៈ​ព្រមាន​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ត្រូវការ​ចាំបាច់​ធ្វើ​ការ​កែ​ទម្រង់​ដូច​គ្នា​ដែរ។​

លោក​និយាយថា៖​ «គណបក្សប្រឆាំង​បើ​បាន​ជ័យ​ជំនះ​ក៏​មិន​ត្រូវ​ភេ្លច​ខ្លួន​និង​ជិះ​សេះ​លែងដៃ​ដែរ​ គឺ​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​តែ​យក​ឱកាស​នេះ​ឈាន​ទៅ​មុខ។​ ហើយ​ធ្វើការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​ រៀបចំ​សារ​នយោបាយ​ឲ្យ​រឹង​មាំ​ ហើយ​ទាញ​យក​យុវជន​ឲ្យ​ចូលរួម​ក្នុង​ថា្ន​ក់​ដឹក​នាំ​ផង​ដែរ»។​

ក្រុម​យុវជន​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ​មាន​ចំនួន​ប្រមាណ​ជា​ជាង​៣៥​ភាគរយ​នៃ​អ្នក​បោះឆ្នោត​សរុប​ក្នុង​បញ្ជី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​ជាង​៩,៦​លាន​នាក់។​

នៅ​ក្នុង​ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត​កាលពី​ខែមិថុនា​ ក្រុម​យុវជន​ភាគ​ច្រើន​បាន​ចូលរួម​ចលនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​ក្រុម​យុវជន​របស់​ខ្លួន​គាំទ្រ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នោះ​ដែរ។​

យ៉ាងណា​ក៏​ដោយ​ ក៏​និន្នាការ​នៃ​ការ​គាំទ្រ​គណបក្ស​ទាំង​ពីរ​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រុះ​បាត់​កៅអី​ចំនួន​២២​នៅ​ក្នុង​រដ្ឋ​សភា​ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨។​ កាលនោះ​គណបក្ស​នេះ​ទទួល​បាន​៩០​អាសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ចេញពី​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​កើន​ពី​២៩​អាសនៈ​ក្នុង​រដ្ឋសភា​ទៅ​៥៥​ ឬ​៦៣​អាសនៈ​ដែល​មិន​ទាន់​ជាក់លាក់​នៅ​ឡើយ។​

លោក​ Pierre​ Gillette​ជា​អតីត​និពន្ធ​នាយក​កាសែត​ភាសា​បារាំង​ Cambodge​ Soir​ ដែល​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​និង​ជា​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​កម្ពុជា។

​សម្រាប់​លោក​ Gillette​ ទំនោរ​នយោបាយ​បែប​នេះ​គឺ​ជា​សញ្ញា​ដាស់​ស្មារតី​ដល់​គណបក្ស​ប្រជែង​គ្នា​ទាំង​ពី​ឲ្យ​គិត​ពី​អនាគត​រៀងៗ​ខ្លួន។​

លោក​និយាយ​ថា៖ ​«តើ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​គណបក្ស​នៃ​អតីត​កាល​ទេ​ឬ?​ ហើយ​តើ​គណបក្សជំទាស់​មិនមែន​ជា​គណបក្ស​នៃ​អនាគត​កាល​ឬ​យ៉ាង​ណា?​ នេះ​គឺ​ជា​សំណួរ​ក្នុង​ពេក​បច្ចុប្បន្ន​នេះ​ ប្រសិន​បើ​គេ​ពិនិត្យ​មើល​លទ្ធ​ផល​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​ ដូច្នេះ​គណបក្ស​ទាំង​ពីរ​ត្រូវ​ដឹង​អំពី​ទិន្នន័យ​នេះ។​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​កែខ្លួន​ ប្រសិនបើ​ចង់​ស្ថិត​នៅ​យូរ​អង្វែង។​ ទាក់ទង​នឹង​គណ​បក្សជំទាស់​ គឺ​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ណា​មួយ។​ ហើយ​បើ​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​នេះ​មិន​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​បំផុត​ទេ​ នោះ​គណបក្ស​នេះ​នឹង​ជួប​នូវ​ភាព​ច្របូក​ច្របល់»។​

អ្នកវិភាគ​ជា​ច្រើន​បាន​ស្តី​បន្ទោស​ថា​ ​ការ​ធ្លាក់​ដាំ​ក្បាល​នៃ​ប្រជាប្រិយភាព​របស់គណបក្ស​ប្រជាជន​កម្ពុជា​បណ្តាល​មក​ពី​អំពើ​ពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​ដែល​គេ​អាច​រក​ឃើញ​យ៉ាង​ងាយ​តាម​រយៈ​ការ​ដែល​សមត្ថកិច្ច​នៅ​តាម​ចិញ្ចើម​ផ្លូវលូក​ដៃ​ទៅ​យក​លុយ​ពី​អ្នក​រកស៊ី​កំប៉ិក​កំប៉ុក។​ ទំនាស់​ដីធ្លី​ជ្រាលជ្រៅ​ដែល​ជន​រង​គ្រោះ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប​ បក្ខពួក​ និង​ក្រុម​គ្រួសារ​និយម​ ការ​ប្រើ​ប្រាស់​អំណាច​ខ្លាំង​លើស​ពី​ព្រំដែន​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​គឺ​ជា​មូលដ្ឋាន​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​សង្គម​ និង​បង្ក​ឲ្យ​មាន​អយុត្តិធម៌​សង្គម។

​ការ​វិភាគ​មួយ​ចំនួន​ទៀត​ផ្តោត​លើ​ការ​ឲ្យ​តម្លៃ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជា​ទូទៅ​ ក្រប​ខណ្ឌ​សន្តិសុខ ​និង​ស្ថិរភាព​នយោបាយ​ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​ធ្វើ​ឲ្យ​មាន​ភក្តីភាព​នៃ​អ្នក​បោះឆ្នោត​ដែល​នៅ​គាំទ្រ​ដល់​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ​ដោយសារ​ការ​ត្រាំត្រែង​ក្នុង​របត់​ដឹកនាំ​ចំនួន​៣៤​ឆ្នាំ​ដែល​មិន​មាន​ការ​ធ្វើ​ទំនើប​កម្ម​ ក្រុម​អ្នក​បោះឆ្នោត​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​ប្រថុយ​ស្វែង​រក​ផ្លូវ​ដឹក​នាំ​ថ្មី​មួយ​ទៀត​ដែល​គេ​រំពឹង​ថា​ នឹង​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។​ នោះ​គឺ​ការ​ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ទៅ​ក្នុង​ហិប​ដើម្បី​ចាប់​យក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពួក​គេ​ទំនង​ជា​ជឿជាក់​លើ​ភាព​បើក​ទូលាយ​ជាង ហើយ​ឲ្យ​តម្លៃ​លើ​គោល​នយោបាយ​សម្រាប់​ការ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​អ្នក​ទន់​ខ្សោយ​ជាដើម។

​លោក ​Pierre​ Gillette​ មាន​ទស្សនៈ​ដូច​លោក​អ៊ូ វីរៈ​ដែរ​ថា​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឈរជើង​ក្នុង​អំណាច​ត​ទៅ​ទៀត​ ផ្លូវ​តែ​ម្យ៉ាង​គឺ​ធ្វើការ​កែ​ប្រែ​រចនា​សម្ព័ន្ធ​ទាំង​ក្នុង​រដ្ឋាភិបាល​ ទាំង​ក្នុង​ជួរ​គណបក្ស។​

លោក​និយាយ​ថា៖​ «គណបក្ស​ប្រជាជន​កាន់​អំណាច​ច្រើន​ឆ្នាំទៅ​ហើយ។​ អ្នក​ទទួល​ខុសត្រូវ​ដដែលៗ​នៅ​តែ​បន្ត​កាន់​អំណាច​រាប់​ឆ្នាំ​មក​ហើយ។​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​រក្សា​ការ​ដឹកនាំ​អំណាច​នេះ​ គណបក្ស​នេះ​ត្រូវ​តែ​កែ​ទម្រង់​ស៊ី​ជម្រៅ គឺ​កែ​ទម្រង់​អ្នក​តំណាង​ឲ្យ​គណបក្ស​ និង​កែ​ទម្រង់​របៀប​ដឹកនាំ​ប្រទេស​ដែល​ប្រជារាស្ដ្រ​ភាគច្រើន​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត ​មិន​សប្បាយ​ចំពោះ​ការ​ដឹកនាំ​នេះ»។​

ការ​កែ​ទម្រង់​ហាក់បី​ដូចជា​ការ​បោះ​ជំហាន​មក​ក្រោយ​មួយ​ជំហាន​សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ផ្គុំ​ថាមពល​ឡើង​វិញ​ដើម្បី​កាន់កាប់​វាសនា​ដឹកនាំ​ប្រទេស​បន្ត​ទៀត។​ ហើយ​វា​ក៏​អាច​ជា​ចំណុច​ស្លាប់​រស់​ចុង​ក្រោយ​របស់​គណបក្ស​មាន​អំណាច​ខ្លាំង​នេះ​ដែរ។​

ផ្ទុយ​ទៅ​វិញ​ ការ​កែ​ទម្រង់​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​សម្រាប់​ឈោង​ចាប់​អំណាច។​ ការ​ឈាន​ទៅ​រក​ចំណុច​កំពូល​នេះ​ គណបក្ស​ប្រជែង​បាន​ប្រើ​ពេល​ប្រៀប​ដូច​ជា​ការ​ដើរ​ឡើង​ភ្នំ​អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​ជា​ វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ត្រូវការ​ភាព​រុងរឿង​ ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ពលរដ្ឋ។​ ដូច្នេះ​ដើម្បី​ស្រូប​យក​ជំនឿ​ចិត្ត​ពី​អ្នក​បោះឆ្នោត ​គណបក្ស​ទាំង​ពីរ​ត្រូវ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​សេចក្តី​ត្រូវ​ការ​ទាំង​នេះ។​

អ្នកស្រី​និយាយ​ថា៖​ «​គណបក្ស​ទាំង​ពីរ​ត្រូវ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​អំណាច។​ ប្រាំ​ឆ្នាំ​ទៀត​ ប្រជាពលរដ្ឋ​នឹង​សម្តែងឆន្ទៈ​របស់​លោក​តា​មរយៈ​ការ​បោះ​ឆ្នោត​ទៀត​ហើយ។ ​នេះ​ជា​គោល​ដៅ​ធំ​ដែល​គណបក្ស​ទាំង​ពីរ​មិន​ត្រូវ​មើល​ត្រឹម​តែ​គណបក្ស​ខ្លួន​ឯង​ទេ។​ ប៉ុន្តែ​ត្រូវ​មើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ»។​

ទោះជា​មានការ​វែកញែក​ពី​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក៏​ដោយ​ ក៏​គេ​ជឿ​ថា ​រូបភាព​នៃ​ការ​កែ​ទម្រង់​ពិតប្រាកដ​នៃ​គណបក្ស​កាន់​អំណាច​នឹង​ត្រូវ​ស្តែង​ចេញ​តាម​រយៈ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីគឺ​ ថា​តើ​នឹង​មានការ​រុះ​រើ​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ និង​គណ​រដ្ឋមន្ត្រី​ឬ​យ៉ាងណា? ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ​ដើម្បី​សម្តែងឲ្យ​ឃើញ​ថា ​ខ្លួន​សម្រេច​ចិត្ត​ធ្វើ​កែ​ទម្រង់​តាម​រូបភាព​បែប​ណា​នោះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG