ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជាបាត់បង់ប្រាក់ចំណូល និងងាកទៅបង្កើនបំណុលបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាន ដូចជាការចាយវាយប្រចាំថ្ងៃ។ នេះបើតាមការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវនៃអង្គការវេទិកាអនាគត និងក្រុមហ៊ុនអង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សា (Angkor Research and Consulting Ltd) ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសិក្សាទៅលើគ្រួសារចំនួន១០៨៧ នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួនបួនរួមមាន ខេត្តកំពត សៀមរាប ស្វាយរៀង និងកំពង់ស្ពឺ ដើម្បីឲ្យដឹងពី«ផលប៉ះពាល់ខាងសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩»។ ក្រុមអ្នកស្រាវជ្រាវបានសម្ភាសមេភូមិចំនួន៥៤នៃរាជធានី ខេត្តទាំងនោះ និងធ្វើការសម្ភាសចំនួន១១៣៤លើកផ្សេងទៀតជាមួយពលរដ្ឋចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២០។
លទ្ធផលនៃការចុះទៅសម្ភាសមេភូមិទាំងនោះបានឲ្យដឹងថា ជិត៩៦ភាគរយនៃពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩បានបាត់បង់ការងារ ហើយជាង៤៤ភាគរយត្រូវបង្កើនបំណុល ខណៈដែលជិត៣៩ភាគរយបានបិទការរកស៊ី។
ក្នុងចន្លោះពេលនៃការស្រាវជ្រាវពីខែមករាដល់ខែមេសា ឆ្នាំ២០២០នេះក្រុមអ្នកស្រាវជ្រាវរកឃើញថា គ្រួសារជាមធ្យម បានប្រឈមការធ្លាក់ចុះប្រាក់ចំណូលដល់ទៅ៤០ភាគរយ។ លើសពីនេះ ការសិក្សាស្រាវជ្រាវដដែលក៏បានរកឃើញផងដែរថា មួយភាគបីនៃប្រាក់កម្ចីថ្មីដែលពលរដ្ឋបានទទួលក្នុងខែមេសានោះ គឺយកមកទូទាត់សងបំណុលដទៃទៀត និងគាំទ្រដល់ចំណាយនានាប្រចាំថ្ងៃ។
លោក អ៊ូ វីរៈ ស្ថាបនិកនៃអង្គការវេទិកាអនាគត ប្រាប់វីអូអេនៅការិយាល័យរបស់លោកក្នុងទីក្រុងភ្នំពេញថា អ្វីដែលជាផ្នែកសំខាន់នៃការរកឃើញនៅក្នុងការស្រាវជ្រាវ និងចងក្រងទិន្នន័យជុំទីមួយនេះ គឺការបាត់បង់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងបញ្ហានៃសុវត្ថិភាពស្បៀងអាហារ។ លោកយល់ថា ជម្រើសដែលល្អបំផុតសម្រាប់រដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋក្រីក្រនោះ គឺផ្តល់ជាថវិកា ដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។
«ដោយសារគាត់បាត់បង់ការងារមួយចំនួនគាត់ចាប់ផ្តើមទៅធ្វើកសិកម្ម នៅពេលដែលគាត់មានដី។បើសិនជាគាត់មានដី គាត់ចាប់ផ្តើមពង្រឹង កសិកម្មរបស់គាត់ នោះបញ្ហាស្បៀងអាហារ អសនិ្តសុខស្បៀងអាហារ អាចកាត់បន្ថយវិញ។ ប៉ុន្តែប្រាក់ចំណូលរបស់គាត់ ក៏ប្រហែលជានៅ ទាប។ វានឹងប្រឈមបញ្ហាដែរ។ អ៊ីចឹងបើរដ្ឋាភិបាល ជួយជំនួយទៅលើថវិកា ការចែកថវិកាទៅ ID poor ប្រជាពលរដ្ឋក្រីក្រហ្នឹងគឺ អាចជាជម្រើសមួយដែលល្អបំផុតនៅពេលបច្ចុប្បន្ននេះ»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះឲ្យដឹងបន្ថែមថា ទោះបីមានការសងបំណុលយឺតយ៉ាវយ៉ាងណាក្តី ក៏ការខ្ចីប្រាក់ និងសងប្រាក់តាមប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនទាន់ជួបហានិភ័យធំដុំនោះដែរ។ លោកថា ចំនួនគ្រួសារដែលសងបំណុលមិនទាន់ពេលនោះ គឺនៅមានតិចតួចនៅឡើយ។ ប៉ុន្តែលោកថា បញ្ហាតូចតាចនេះអាចរីកធំបាន ប្រសិនបើគ្មានយន្តការឆ្លើយតបទាន់ពេលវេលានោះ។
បទបង្ហាញរបស់លោក Ian Ranage អ្នកស្រាវជ្រាវនៃក្រុមហ៊ុនអង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សានៅឯការិយាល័យរបស់អង្គការវេទិកាអនាគតក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធនេះបានឲ្យដឹងថា ពលរដ្ឋ៥៥,៧ភាគរយនៃក្រុមគ្រួសារក្នុងភូមិចំនួន៥៤ ត្រូវការបំផុតនោះ គឺលុយកាក់ហើយពលរដ្ឋប្រមាណ២៤,៥ភាគរយទៀត ត្រូវការស្បៀងអាហារ។ ក្រៅពីនេះ ប្រមាណ៤,៥ភាគរយនៃក្រុមគ្រួសារក្នុងភូមិទាំងនោះត្រូវការការពន្យារពេលសងបំណុល និង ប្រមាណ៤,៥ភាគរយទៀតត្រូវការថ្នាំពេទ្យ ហើយនិងការថែទាំសុខភាព។
លទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ដោយអង្គការវេទិកាអនាគត និងក្រុមហ៊ុនអង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សា ក៏បានឲ្យដឹងដែរថាក្នុងចន្លោះខែមករា និងខែមេសាឆ្នាំ២០២០មានការបិទ អាជីវកម្មរកស៊ីលក្ខណៈគ្រួសារចំនួន១០៨៣កន្លែង។ បើគិតពីខែមករាដល់ខែមេសាឆ្នាំ២០២០ចំនួនគ្រួសារដែលរាយការណ៍ថា ពួកគេមានការយឺតយ៉ាវក្នុងការសងបំណុលនោះបានកើនឡើងដល់ទៅ២៣០ភាគរយ។ ហើយការផ្ញើប្រាក់ពីសាច់ញាតិ និងសមាជិកក្រុមគ្រួសារក្នុងរយៈពេលដូចគ្នានេះ ក៏បានថយពីចំនួនមធ្យម១៥០ដុល្លារ មកត្រឹម១០០ដុល្លារអាមេរិក។
កាលពីខែមិថុនា រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនជាង ៥៦ ម៉ឺនគ្រួសារ ឬស្មើនឹងជាង ២ លាន ៣ សែននាក់ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩នេះ ហើយថា ចំនួនអ្នកក្រីក្រនេះអាចនឹងកើនឡើងថែមទៀត ដោយរដ្ឋត្រូវចំណាយថវិកា ២៥ លានដុល្លារក្នុងមួយខែ សម្រាប់ពួកគេ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានប្រាប់វីអូអេថា បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋដែលទីទាល់ក្រនេះ នឹងបន្តរហូត ដរាបណា វិបត្តិជំងឺកូវីដ១៩នេះមិនមានភាពប្រសើរឡើង។
«ការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅដល់ប្រជាជនទាំងអស់នោះ គឺយើងមិនកំណត់ថារយៈពេលណាទេ គឺសម្តេចបានប្រកាសហើយ បើសិនការ រងនូវផលប៉ះពាល់ដោយសារកូវីដ១៩នេះ វាអូសបន្លាយ អាហ្នឹង គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល គឺឧបត្ថម្ភបន្តរហូត»។
លោកបន្ថែមថា នៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះនឹងមានប្រជាពលរដ្ឋចំនួនជាង៦១ម៉ឺន ៣ពាន់គ្រួសារនឹងទទួលការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ដែលអាចផ្តល់ប្រមាណជា២៨លានដុល្លារអាមេរិក។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីចុងខែឧសភា ឲ្យដឹងថាដោយសារជំងឺកូវីដ១៩ភាពក្រីក្រក្នុងឆ្នាំ ២០២០ អាចនឹងកើនឡើងពី៣ទៅ ១១ភាគរយ ប្រសិនបើអ្នកដែលស្ថិតក្នុងវិស័យរងផលប៉ះពាល់បន្តបាត់បង់ចំណូលអស់៥០ភាគរយក្នុងរយៈពេល ៦ខែ ជាប់គ្នា។ មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា អត្រាភាពក្រីក្ររបស់កម្ពុជាបច្ចុប្បន្ននេះមានជាង ១០ភាគរយ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ជំងឺកូវីដនេះធ្វើឲ្យការងាររបស់ប្រជាពលរដុ្ឋកម្ពុជាយ៉ាងតិច ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់-៥,៥% ក្នុងឆ្នាំ ២០២០ នេះ ដោយសារតែការថយចុះនៃសកម្មភាពក្នុងវិស័យទេសចរណ៍ សំណង់ និងការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ ការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ១,៣លាននាក់ទៀតធ្លាក់ក្នុងភាពក្រីក្រ៕