ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​៤​បដិសេធ​​​មិនព្រមកែ​​របាយ​ការណ៍​របស់​ខ្លួន​​តាម​ការ​ទាមទារ​របស់​សមាគម​​ហិរញ្ញ​វត្ថុ​ចំនួន​ពីរ


រូបភាពដកស្រង់ពីរបាយការណ៍ឆ្នាំ២០១៩​ ស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បង្ហាញពី​រឿងរ៉ាវ​កេងចំណេញ​ផ្ដល់ប្រាក់កម្ចី​ ការបាត់បង់​ដីធ្លី ​និងការរំលោភ​សិទ្ធិមនុស្សផ្សេងទៀត ដែលត្រូវបានរៀបរៀងដោយអង្គការលីកាដូ។ (រូបថតដោយអង្គការលីកាដូ)
រូបភាពដកស្រង់ពីរបាយការណ៍ឆ្នាំ២០១៩​ ស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បង្ហាញពី​រឿងរ៉ាវ​កេងចំណេញ​ផ្ដល់ប្រាក់កម្ចី​ ការបាត់បង់​ដីធ្លី ​និងការរំលោភ​សិទ្ធិមនុស្សផ្សេងទៀត ដែលត្រូវបានរៀបរៀងដោយអង្គការលីកាដូ។ (រូបថតដោយអង្គការលីកាដូ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បដិសេធមិន​ព្រម​កែ​របាយ​ការណ៍​របស់​ខ្លួន​ចំនួន​៣ តាម​ការ​ទាមទារ​របស់​សមាគម​ហិរញ្ញ​វត្ថុ​ចំនួន​២ នៅ​កម្ពុជា​នោះ​ទេ។​

ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​សមាគម​មីក្រូ​ហិរញ្ញ​វត្តុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា កាល​ពីយប់​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​បាន​ចេញ​ផ្សាយ​លិខិត​ចំហមួយ​ច្បាប់​តាម​ទំព័រ​ហ្វេសប៊ុក​ និង​បញ្ជូន​ទៅ​អង្គការ​ទាំងនេះ ​ទាមទារ​ឲ្យ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ​កែប្រែ​របាយ​ការណ៍​ទាំង​បី​របស់​ពួកគេ ដោយ​លើក​ឡើង​ថា របាយ​ការណ៍​ទាំង​នេះ​ «មិនពិត»។​

លិខិត​ឆ្លើយតប​រួមគ្នា​ ចុះ​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​នេះរបស់​អង្គការ​ទាំង​៤ ​ដែល​រួម​មាន​អង្គការ​លីកាដូ ​សម្ព័ន្ធ​សហជីព​កម្ពុជា ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស ​(សង់ត្រាល់)​ និង​សមាគម​ធាង​ត្នោត បាន​សរសេរ​ថា៖​

«ព័ត៌មាន ​និង​រឿងរ៉ាវ​របស់​បុគ្គល​នៅ​ក្នុង​របាយ​ការណ៍ ​ដែល​បាន​ចុះ​ផ្សាយ​ទាំង​នេះ​ គឺ​នៅ​តែ​មាន​ភាព​ច្បាស់​លាស់​ត្រឹមត្រូវ​ដដែល​ ដោយ​មិន​អាច​កែប្រែ​បាន»។​

លិខិត​ដែល​ចុះ​ហត្ថលេខា​ ដោយ​តំណាង​អង្គការ​សង្គមស៊ីវិល​ទាំង​៤ ​ផ្ញើ​ជូន​ប្រធាន​សមាគមទាំង​២ ​ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ឯកជន​ នៅ​ទូទាំង​ប្រទេស បាន​បន្ថែម​ថា៖​

«យើង​ខ្ញុំ​សូម​លើក​ទឹកចិត្ត​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​និង​សមាគម​ធនាគារ​នៅ​កម្ពុជា ​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ ឲ្យ​អាន​របាយ​ការណ៍​ទាំង​នេះ​ឲ្យ​បាន​លម្អិត​ ដើម្បី​ឈ្វេងយល់​កាន់តែ​ច្បាស់​អំពី​គោល​បំណង ​វិធីសាស្ត្រ​ និង​ការ​រក​ឃើញ​ផ្សេងៗ​នៅ​ក្នុង​របាយ​ការណ៍»។​

របាយ​ការណ៍​ទាំង​៣​រ បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៤​ ​មាន​ចំណង​ជើង​ថា​ «ការ​នាំ​ឲ្យ​មាន​ចំណាកស្រុក»​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥​ ខែ​ឧសភា ​ឆ្នាំ​២០២០​ ដោយ​អង្គការ​លីកាដូ និង «ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ដាក់​បញ្ចាំ» ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​អង្គការ​លីកាដូ​ និង​សមាគម​ធាង​ត្នោត ហើយ​និង​របាយ​ការណ៍​ «ធ្វើការ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក» ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ​ឆ្នាំ​២០២០ ដោយ​អង្គការ​លីកាដូ អង្គការ​សង់ត្រាល់ និង​សម្ព័ន្ធ​សហជីព​កម្ពុជា៕

XS
SM
MD
LG