ភ្នំពេញ — ក្បែររបងវត្តប្រយូរវង្ស ដែលជាវត្តមួយនៅកណ្តាលរាជធានីភ្នំពេញ ក្នុងខណ្ឌចម្ការមន ប្រជាពលរដ្ឋរាប់រយគ្រួសារ មកតាំងទីលំនៅខាងក្នុងបរិវេណវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេជួលផ្ទះ ឬក៏កាន់កាប់ផ្ទះនៅទីនេះជាបណ្តុំៗនៅជិតៗគ្នា។
នៅចម្ងាយប្រមាណ១០ម៉ែត្រពីខ្លោងទ្វារវត្តអ្នកស្រី បូ ផល្លី កំពុងអង្គុយលក់ស្វាយនៅខាងមុខផ្ទះដែលស្ថិតនៅក្នុងវត្តនោះ កាលពីរសៀលមួយ។ ប៉ុន្តែស្ត្រី អាយុ៥២ឆ្នាំ នេះមិនបានពាក់ម៉ាស់ការពារខ្លួនទេ ខណៈកម្ពុជាកំពុងរាតត្បាតដោយវីរុសកូរ៉ូណា ដែលពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។
អ្នកស្រី បូ ផល្លី បានដើរទៅយកម៉ាស់ស្តើងមួយ ដែលអ្នកស្រីហាលនៅខាងមុខផ្ទះ បន្ទាប់ពីបានប្រើហើយ និងបោកហាល ដើម្បីប្រើម្តងទៀត។ ជាមួយម៉ាស់មួយនេះ អ្នកស្រីបានយកក្រដាសអនាម័យដាក់ខាងក្នុង ដើម្បីជាការការការពារបន្ថែម។ អ្នកស្រីមានប្រសាសន៍ថា ម៉ាស់និងទឹកលាងបានឡើងថ្លៃ តាំងពីវីរុសកូរ៉ូណាបានវាយលុកពិភពលោក ហើយកម្ពុជាចាប់ផ្តើមព្រួយបារម្ភកាន់តែខ្លាំង។
អ្នកស្រីបានថ្លែងថា៖ «ថ្លៃណាស់ ថ្លៃលើសលុបមែនទែន។ បើនិយាយពីថ្លៃនោះ គ្មានលទ្ធភាពនឹងការទិញទេ។ នេះអីសុទ្ធតែគេឲ្យទេ»។
ខណៈមានការព្រួយបារម្ភអំពីការរាតត្បាតវីរុសកូរ៉ូណានៅកម្ពុជា ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យកាន់ខ្ជាប់អនាម័យ និងមានសម្ភារៈប្រើប្រាស់ ដូចជាម៉ាស់ និងអាល់កុលសម្អាតដៃ ដើម្បីចៀសផុតពីការឆ្លង។ ប៉ុន្តែតំបន់ក្រីក្រ ដែលមានការរស់នៅជិតៗគ្នា ដូចកន្លែងដែលអ្នកស្រី ផល្លី រស់នៅនេះ ប្រឈមនឹងហានិភ័យខ្ពស់។ បន្ថែមពីនេះទៀត ពួកគេមិនមានលទ្ធភាពទិញម៉ាស់ និងអាល់កុលលាងដៃ ទេ ខណៈការចេញទៅក្រៅប្រកបមុខរបរ ជារឿងសំខាន់ដែល មិនអាចខានបានសម្រាប់ពួកគេនោះ។
តម្រូវការម៉ាស់ និងទឹកអាកុលសម្រាប់សម្អាតដៃ បានកើនឡើង បន្ទាប់ពីវីរុសកូរ៉ូណាឬកូវីដ១៩ បានរាតត្បាតពេញសាកលលោក ដែលជាហេតុធ្វើឲ្យតម្លៃសម្ភារៈទាំងនោះ កើនឡើងខ្លាំងផងដែរ។ នៅកម្ពុជា តម្លៃម៉ាស់បានឡើង ដែលពីមុនធ្លាប់មានតម្លៃតែ ៥០០រៀល កើនទៅដល់ ២ពាន់រៀលក្នុងម៉ាស់ មួយឬតម្លៃ ១ម៉ឺនរៀលក្នុងមួយប្រអប់ មកដល់ជិត ៧ម៉ឺនរៀលក្នុងមួយប្រអប់។
ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ប្រឈមនឹងការឆ្លងវីរុសថ្មីមួយនេះ ដោយសារពួកគេមិនមានលទ្ធភាពក្នុងការទិញសម្ភារៈ ដើម្បីការពារខ្លួនពីការរាតត្បាតវីរុសកូរ៉ូណា ខណៈការយល់ដឹងនៅមានកម្រិតនៅឡើយ។
រស់នៅក្នុងផ្ទះពីរជាន់ ដែលមានទទឹងប្រវែងជាង៣ម៉ែត្រ និងបណ្តោយប្រហែល៦ម៉ែត្រដែលអ្នកស្រីជួលតម្លៃ៥០ដុល្លារក្នុងមួយខែ អ្នកស្រី បូ ផល្លី រស់នៅជាមួយកូនប្រុស វ័យជំទង់ ២នាក់ ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និងម្តាយចំណាស់ម្នាក់ ជាង ១០ឆ្នាំមកហើយ។
អ្នកស្រីអះអាងថា អ្នកស្រីជាមន្ត្រីប៉ូលិសម្នាក់នៅក្រសួងមហាផ្ទៃ ដែលអាចរកចំណូលបានជាង៤០០ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែអ្នកស្រីថា ចំណូលនេះមិនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមកូន និងម្តាយនៅក្នុងបន្ទុកនោះទេ ខណៈចំណូលមួយផ្នែកធំត្រូវសងបំណុលគេ។
ទាក់ទងនឹងតម្លៃម៉ាស់ អ្នកស្រី ផល្លី បានថ្លែងប្រាប់ VOA នៅពេលកំពុងលក់ស្វាយថា៖ «គ្រាន់តែឭថាបួនប្រាំពាន់ លែងទិញបណ្តោយ។ វាស្មើនឹងអង្ករពីរគីឡូហើយហ្នឹង!ឥឡូវទិញម៉ាស់ហើយ ទិញអង្ករយកមួយណា?»
អ្នកស្រីរៀបរាប់បន្តថា៖ «សុខចិត្តថាទិញអង្ករហើយ ព្រោះអី ទៅទិញម៉ាស់យ៉ាងម៉េច?ទិញម៉ាសយើងការពារបាន ប៉ុន្តែឧបមាយើងអត់មានលទ្ធភាពក្នុងការទិញអង្ករញ៉ាំ អាហ្នឹងចំពោះអ្នកក្រទេណា៎ តែបីបួនថ្ងៃ បើមិនដួលគ្រឹបមុនកូរ៉ូណាហ្នឹងទៀត»។
ទោះជាយ៉ាងណា អ្នកស្រី បូ ផល្លី ក៏បានទិញអាល់កុលកន្លះលីត្រ ដែលមានតម្លៃ ៣,៥ដុល្លារ ដើម្បីចែកជាមួយកូនៗរបស់អ្នកស្រី ក្នុងការប្រើប្រាស់ពេលដែលពួកគេចេញពីផ្ទះដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។
ប៉ុន្តែអ្នកស្រីមិនមែនប្រើអាល់កុលគ្រប់ពេលនោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «គ្រាន់តែប្រាប់កូនថាអាហ្នឹងចាំបាច់ ពេលចេញទៅក្រៅអី ចាំយកមកប្រើ។ នៅផ្ទះយើងដុសតែសាប៊ូហើយនិងក្រូចឆ្មារហ្នឹងទៅ ហើយមុជទឹកឲ្យញឹកញាប់អ៊ីចឹងទៅ»។
នៅជិតខ្លោងទ្វារវត្តដែលអ្នកស្រី បូ ផល្លី រស់នៅ បុរសចំណាស់មួយក្រុមដែលមានគ្នា ៦នាក់កំពុងអង្គុយលេងបៀរ ដោយមានមនុស្សពីរបីនាក់ឈរមើលពីខាងក្រោយ។ ពួកគាត់ហាក់ដូចជាមិនបានខ្វាយខ្វល់ពីការរក្សាគម្លាតពីគ្នា តាមសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីដ១៩ ដែលបានឆ្លងនៅកម្ពុជាទៅដល់ ១១៤ករណី បើគិតត្រឹមថ្ងៃសុក្រនេះ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញបុរសជនបរទេស ៤នាក់ទៀត បានឆ្លងវីរុសនេះ។នេះបង្កើនការព្រួយបារម្ភបន្ថែមទៀតនៅកម្ពុជា ដោយសារមានការប្រកាសរកឃើញវីរុសនេះជាបន្តបន្ទាប់។
យោងតាមធនាគារពិភពលោក ប្រជាជនកម្ពុជាប្រមាណ ៤,៥លាននាក់ នៅតែអាចធ្លាក់ក្នុងភាពក្រីក្រវិញ ទោះជាអត្រាភាពក្រីក្របានធ្លាក់ពី ៤៧ភាគរយក្នុងឆ្នាំ ២០០៧ មក ១៣ភាគរយក្នុងឆ្នាំ ២០១៤។
កំពុងអង្គុយធ្វើទឹកត្រីសម្រាប់គុយទាវឆានិងបបរដែលអ្នកស្រីលក់នៅខាងមុខផ្ទះក្នុងបរិវេណវត្តប្រយូរវង្ស អ្នកស្រី លុយ សាវី ក៏មិនមានពាក់សដូចអ្នកស្រី បូ ផល្លី ដែរ។
ស្រ្តីអាយុ ៦៨ឆ្នាំនេះមានប្រសាសន៍ថា សព្វថ្ងៃ អ្នកស្រីនៅសល់ម៉ាស់តែមួយប៉ុណ្ណោះ ដែលត្រូវបានព្យួរទុកជាមួយខោអាវផ្សេងៗ។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះថា៖ «ពេលខ្លះខ្ញុំអត់លុយ ខ្ញុំអត់គ្រវាត់ចោលទេ។ ពាក់ម្តងអ៊ីចឹង ខ្ញុំបោកឲ្យស្អាតហាលថ្ងៃទៅ ខ្ញុំយកមករលាស់ៗ ពាក់ទៀត»។
អ្នកស្រីមានប្រសាសន៍បន្តថា៖ «អាពីរប្រាំរយហ្នឹងសុទ្ធតែពីរពាន់បីពាន់។ តែបើអត់ ទាល់តែទិញដែរហ្នឹង!ជួនកាលកន្សែងពោះគោ កន្សែងស្តើងហ្នឹង តែដល់ដំណាក់កាលអត់លុយកន្សែងស្តើងហ្នឹង ក្រវាត់ច្រមុះមាត់យើងទៅផ្សារ។នៅផ្ទះអត់ពាក់ទេ»។
អ្នកស្រីរស់នៅជាមួយចៅប្រុសម្នាក់ អាយុ ១២ឆ្នាំ និងអាចរកចំណូលពីការលក់បបរ និងគុយទាវឆាក្នុងបរិវេណវត្តនេះបាន ៨ម៉ឺនរៀលមួយថ្ងៃ។
ទាក់ទិននឹងជំងឺឆ្លងកូវីដ១៩ ដែលបានរីករាលដាលក្នុងពិភពលោក ហើយកម្ពុជាមានជាង ១០០ករណីនោះ ប្រជាពលរដ្ឋកម្ពុជាដែលមិនមានជីវភាពធូរធារ បារម្ភអំពីថ្លៃព្យាបាល បើសិនជាពួកគេឆ្លងវីរុស បើទោះជារដ្ឋាភិបាលធ្លាប់ប្រកាសថា ការព្យាបាលមិនគិតថ្លៃក៏ដោយ។រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីស្លាប់ដោយសារវីរុសនេះទេ នៅកម្ពុជា។ ហើយកម្ពុជាបានព្យាបាលជាសះស្បើយទៅដល់ ៣៥នាក់ហើយរហូតមកដល់ថ្ងៃសុក្រនេះ។
អ្នកស្រី លុយ សារី ក៏បានបង្ហាញក្តីបារម្ភខ្លាចឆ្លងវីរុសនេះដែរ។
អ្នកស្រីបញ្ជាក់ថា៖ «បារម្ភ គិតថាខ្លាចវាឆ្លង ខ្លាចវាកើតអ៊ីចឹងដែរ។យើងវាក្រ អត់លុយ ខ្លាចឈឺទៅ មានលុយឯណាមើលខ្លួន?ចេះគិតអ៊ីចឹងដែរណា៎អូន»។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា លោកបារម្ភអំពីហានិភ័យខ្ពស់ដែលកើតមានចំពោះប្រជាពលរដ្ឋក្នុងតំបន់ក្រីក្រ ដោយសារពួកគេមិនមានចំណេះដឹង និងមិនមានលទ្ធភាពការពារខ្លួនពីជំងឺកូវីដ១៩នេះ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំពោះពួកគេឲ្យបានច្រើន។
លោកបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «ថាយើងយកទៅបោកទឹកហើយប្រើបានទៀតនេះខ្ញុំមិនជឿថា វាអាចមានគុណភាពដូចរបស់ដើមរបស់វាទេបាទ។ វាអាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាដែរបាទ»។
លោកបន្តថា៖ «អ៊ីចឹងនេះជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងការគិតគូរអំពីអនាម័យ អំពីសុខភាពរបស់គាត់បាទ។ ជាបញ្ហាសំខាន់ ហើយសម្ភារៈប្រើប្រាស់»។
អ្នករកស៊ីតាមដងផ្លូវ ដែលជីវិតពឹងផ្អែកលើចំណូលមួយថ្ងៃៗ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារការការពារមិនមែនជាជម្រើសចាំបាច់សម្រាប់ពួកគេ។អ្វីដែលសំខាន់នោះ គឺការចេញទៅរកស៊ីនៅខាងក្រៅ។ ប៉ុន្តែប្រជាជនត្រូវបានណែនាំឲ្យនៅផ្ទះ ប្រសិនបើមិនចាំបាច់ទៅខាងក្រៅ។ នេះនាំឲ្យការរកស៊ីរបស់ពួកគេ កាន់តែធ្លាក់ចុះ ហើយចំណូលកាន់តែលែងមាន។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ការព្យាបាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា គឺមិនគិតថ្លៃនោះទេសម្រាប់ទាំងប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលកើតជំងឺនេះ។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យអាជ្ញាធររាជធានីខេត្តទិញក្រមា ម៉ាស់ ឬទឹកលាងដៃយកទៅចែកជូនប្រជាពលរដ្ឋតាមសហគមន៍ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានម្ចាស់ឱសថស្ថាននានា ដែលលក់ម៉ាស់តម្លៃថ្លៃ និងថា បើពួកគេនៅតែបន្តលក់ម៉ាស់តម្លៃថ្លៃអាជ្ញាធរនឹងរឹបអូសម៉ាស់ទាំងនោះហើយអាចប្រឈមនឹងការបិទអាជីវកម្មរហូត។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖«បើអ្នកឯងនៅតែបន្តឡើងថ្លៃ ទៅរឹបអូសយកមក។ដាក់បញ្ជារឹបអូសយកហ្មង!ទម្លាក់ថ្លៃ»។
នៅសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសទិញម៉ាស់ចំនួន ៥លាន២សែន ពីក្នុងស្រុក និងក្រៅប្រទេស ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ និងមន្ទីរពេទ្យមួយចំនួន។
ចំណែកក្រសួងសុខាភិបាលបានបង្ហោះសារដែលមានជារូបភាពនិងវីដេអូស្តីអំពីការលាងសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម នៅតាមបណ្តាញសង្គម។ អាជ្ញាធរនៅតាមបណ្តាខេត្ត ក៏បានប្រកាសសារតាមឧបករណ៍បំពងសំឡេងចល័តតាមរថយន្ត ឬម៉ូតូនៅតាមផ្លូវផងដែរ ជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ។
លោក លី សូវ៉ាន់ អ្នកនាំពាក្យនៃក្រសួងសុខាភិបាលបាននិយាយប្រាប់ VOA តាមប្រព័ន្ធWhatsapp កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានផ្សព្វផ្សាយទូលំទូលាយអំពីជំងឺនេះ។
ក្រៅពីការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចេះការពារខ្លួនអង្គការសុខភាពពិភពលោក បានណែនាំឲ្យប្រទេសទាំងអស់បន្តធ្វើតេស្តរកវីរុសកូរ៉ូណានេះ ហើយការធ្វើតេស្តកាន់តែច្រើន ស្វែងរកអ្នកដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកឆ្លងវីរុស និងដាក់ពួកគេឲ្យនៅដាច់ដោយឡែក ជាវិធីដែលល្អបំផុតក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។
នៅសប្តាហ៍នេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងថាក្រសួងបានធ្វើតេស្តមនុស្សជាង ៤ពាន់នាក់ នៅក្នុងស្រុករហូតមកដល់ពេលនេះ ដោយមិនរាប់បញ្ចូលនាវាកម្សាន្តអន្តរជាតិដែលសុំចូលចតនៅកម្ពុជាកាលពីកន្លងទៅ ក្រោយមានការបដិសេធពីប្រទេសមួយចំនួន។
ត្រឡប់ទៅអ្នកស្រី បូ ផល្លី ដែលរស់នៅក្នុងបរិវេណវត្តប្រយូរវង្សវិញអ្នកស្រីសង្ឃឹមថា អ្នកស្រី និងអ្នកភូមិនៅទីនេះ នឹងទទួលបានជំនួយពីរដ្ឋាភិបាល ដូចជាការបាញ់ថ្នាំសម្លាប់មេរោគ និងការចែកសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ទឹកលាងដៃ ឬឧបករណ៍ពិនិត្យកម្តៅជាដើម។
អ្នកស្រីមានប្រសាសន៍ថា៖ «គាត់(ប្រជាពលរដ្ឋ)អត់អាចសម្ងំនៅក្នុងផ្ទះគេចពីអាកូរ៉ូណាហ្នឹងបានទេ។ អ៊ីចឹងគាត់ត្រូវបង្ខំចិត្តទៅធ្វើការងារលក់ដូរលក់អី ហើយគាត់ប្រឈមមុខច្រើនដែរ។ ដូច្នេះបើសិនជាអាចបងសំណូមពរទៅកាន់រដ្ឋាភិបាល គ្រប់ស្ថាប័នទាំងអស់ ឲ្យគាត់មកជួយតំបន់នៅវត្តប្រយូរវង្សហ្នឹងឲ្យគាត់ជួយបាញ់ថ្នាំ បាញ់អីសម្លាប់ទៅ»៕