យុវជនអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ទូទាំងពិភពលោកកំពុងរងគ្រោះដោយសារការបាត់បង់ការងារធ្វើយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីជំងឺកូវីត១៩ ធ្វើឲ្យពួកគេបាត់បង់ការងារកាលពីដើមឆ្នាំនេះមក។ ទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិ ILO បង្ហាញថា យុវជនបានបាត់បង់ការងារក្នុងអត្រាមួយយ៉ាងលឿន និងច្រើនជាងក្រុមមនុស្សផ្សេងទៀតនៅក្នុងសង្គម។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានឲ្យដឹងថា យុវជន ១៣,៦% ឬប្រមាណ ២៦៧ លាននាក់នៅទូទាំងពិភពលោក គ្មានការងារធ្វើ ឬមិនបានចូលសាលា ឬរៀនវគ្គបណ្ដុះបណ្ដាលណាមួយឡើយកាលពីចុងឆ្នាំមុន។
តួលេខនៅមុនពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ គឺខ្ពស់ជាងតួលេខកាលពីពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ ទៅទៀត។ លោក Guy Ryder អគ្គនាយកអង្គការ ILO បានឲ្យនិយាយថា ចាប់ពីពេលនោះមក ស្ថានភាពបានកាន់តែអាក្រក់ជាងមុនទៅទៀត។
លោក Ryder ថ្លែងថា៖ «ប្រហែលជាការសន្និដ្ឋានសំខាន់បំផុតក្នុងការត្រួតពិនិត្យរបស់យើងគឺថា ក្នុងចំណោមយុវជនដែលមានការងារធ្វើមុនពេលមានរោគរាតត្បាតនេះកើតឡើង យុវជនលើសពីម្នាក់ក្នុងចំណោម ៦ នាក់ លែងមានការងារធ្វើទៀតហើយ។ ពួកគេត្រូវបានផ្អាកពីការងារ។ ហើយអ្នកដែលនៅមានការងារធ្វើ បានប្រឈមនឹងការកាត់បន្ថយម៉ោងធ្វើការប្រមាណ ២៣%»។
ការតាមដានរបស់អង្គការ ILO បានបង្ហាញថា យុវនារីក្មេងៗរងផលប៉ះពាល់នៃការកើនឡើងនៃការគ្មានការងារធ្វើនេះខ្លាំងជាងបុរស។ អង្គការ ILO ក៏បានឲ្យដឹងផងដែរថា រោគរាតត្បាតនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការអប់រំ និងការបណ្ដុះបណ្ដាលជំនាញផងដែរ ដែលនឹងធ្វើឲ្យពួកគេបាត់បង់ឱកាសស្វែងរកការងារ និងអាចរកបានតែការងារប្រាក់ខែទាប ឬការងារដែលគ្មានការរីកចម្រើននៅថ្ងៃអនាគត។
លោក Ryder និយាយថា ក្រុមយុវជននៅសម័យបិទសកម្មភាពសង្គមដើម្បីទប់ទល់នឹងវីរុសកូរ៉ូណានេះ នឹងប្រឈមនឹងគ្រោះថ្នាក់នៃការបាត់បង់ឱកាសការងារជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារការងារ។ លោកបានបញ្ជាក់ថា យុវជនមួយចំនួនធំនឹងគ្មានការងារធ្វើ នៅពេលពិភពលោកឆ្លងផុតពីរោគរាតត្បាតនេះ។
លោក Ryder ថា៖ «ផលប៉ះពាល់ជំហានដំបូងនេះចំពោះយុវជនគឺបន្តរហូតមួយទស្សវត្សរ៍ ឬក៏ជាងមួយទសវត្សរ៍។ វានឹងប៉ះពាល់ដល់អ្នកធ្វើការដែលជាយុវជន ពេលមួយជីវិតការងាររបស់ពួកគេ»។
លោក Ryder ថាមានសភ្ដុតាងបង្ហាញថា យុវជនជាងពាក់កណ្ដាលនៅលើពិភពលោកងាយធ្លាក់ទៅក្នុងភាពអន្ទះអន្ទែង និងបាក់ទឹកចិត្ត។ លោកនិយាយថា រោគរាតត្បាតនេះ និងការបាត់បង់ឱកាសការងារ នឹងធ្វើឲ្យមានការកើនឡើងនូវចំនួននៃអ្នកជំងឺផ្លូវចិត្ត។
អង្គការ ILO អំពាវនាវឲ្យមានការបង្កើតគោលនយោបាយបន្ទាន់ ទ្រង់ទ្រាយធំ និងចំគោលដៅ ដើម្បីគាំទ្រដល់យុវជន។ អង្គការនេះបានបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែវិនិយោគលើអនាគតរបស់យុវជនតាមរយៈការផ្ដល់កម្មវិធីអប់រំ និងវគ្គបណ្ដុះបណ្ដាលនានា។
អគ្គនាយកអង្គការ ILO លោក Ryder បានក្រើនរំឮកថា ការណ៍ដែលយុវជនខ្វះឱកាសការងារ ឬក៏ជំនាញ នឹងធ្វើឲ្យការកសាងសេដ្ឋកិច្ចឲ្យបានប្រសើរជាងមុននៅក្រោយវិបត្តិជំងឺកូវីដ១៩ កាន់តែមានការលំបាកខ្លាំងជាងមុន៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា