តុលាការជាន់ខ្ពស់ច្រានចោលបណ្ដឹងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលប្ដឹងមិនសុខចិត្តលើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងការបដិសេធការចូលខ្លួនរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តាមការកោះហៅក្នុងនាមជាសាក្សី។
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងមិនសុខចិត្តរបស់លោក កឹម សុខា លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឲ្យលោក កឹម សុខា ជាប់ពន្ធនាគារចំនួន៥ខែ និងពិន័យជាប្រាក់៨សែនរៀល។
ក្នុងសវនាការនោះក៏មានការចូលរួមឃ្លាំមើលពីមន្ត្រីទូត មន្ត្រីអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិមួយចំនួនទៀតផងដែរ។
ក្នុងសវនាការជំនុំជម្រះ មេធាវីទាំង៥រូបរបស់លោក កឹម សុខា បានលើកឡើងពីសំអាងហេតុ និងសំអាងច្បាប់ក្នុងការការពារកូនក្ដីរបស់ពួកគេ ដោយអះអាងថា កូនក្ដីរបស់ពួកគេមានអភ័យឯកសិទ្ធិសភា និងមានមូលហេតុគ្រប់គ្រាន់ក្នុងការបដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ។
ក្រុមមេធាវីទាំងនោះក៏បានលើកយកករណីដែលតុលាការកូនកាត់លើរឿងក្ដីខ្មែរក្រហម កោះហៅមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឲ្យចូលខ្លួនធ្វើជាសាក្សី ប៉ុន្តែមន្ត្រីទាំងនោះ មិនព្រមចូលតាមការកោះហៅដោយសំអាងថាពួកគេមានអភ័យឯកសិទ្ធិ។
ក្រោយសវនាការដែលធ្វើឡើងរយៈពេលជាង២ពីរម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីដែលសម្រេចដាក់ពន្ធនាគារលោក កឹម សុខា ចំនួន៥ខែ និងពិន័យជាប្រាក់៨សែនរៀល ទុកជាបានការ និងច្រានចោលសេចក្ដីសន្និដ្ឋានរបស់មេធាវីទាំងប្រាំរូប ថាជាសំអាងហេតុដែលមិនត្រឹមត្រូវ។
លោក សេង ស៊ីវុត្ថា ប្រកាសក្នុងសាលសវនាការនោះថា៖ «យោងតាមអង្គហេតុ ភស្តុតាង និងអង្គច្បាប់ តុលាការមានភស្តុតាងគ្រប់គ្រាន់ មានលក្ខណៈត្រឹមត្រូវ ដូច្នេះក្រុមប្រឹក្សាសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ»។
នៅព្រឹកនេះដែរ តុលាការកំពូលក៏បានប្រកាសច្រានចោលបណ្ដឹងសារទុក្ខលើសំណុំរឿងមោឃភាពនីតិវិធីពាក់ព័ន្ធនឹងការបដិសេធចូលខ្លួនក្នុងនាមជាសាក្សីរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយសម្រេចចាត់ទុកចំណាត់ការរបស់សាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍ថាត្រឹមត្រូវ។
លោក ហែម សុជាតិ ដែលជាមេធាវីមួយរូបក្នុងចំណោមមេធាវីទាំង៥ ប្រាប់ VOA ថា តុលាការបានបកស្រាយសេចក្ដីដោយបំភ្លៃលើផ្លូវច្បាប់ និងមានលក្ខណៈនយោបាយ។
លោកបន្ថែមថា ចំណុចសំខាន់ដែលបញ្ជាក់ថា តុលាការបំពានសិទ្ធិកូនក្តីរបស់លោក គឺដោយសារតុលាការដំណើរការនីតិវិធី ខណៈដែលលោក កឹម សុខា កំពុងមានអភ័យឯកសិទ្ធិសភា។
«គាត់ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ រឿងអីតុលាការចោទប្រកាន់គាត់បាន? អាហ្នឹងបំពាននីតិវិធីហើយ។ ហើយធាតុផ្សំនៃបទល្មើស ខ្ញុំបានលើកហើយ ២ករណី តាមមាត្រា៥៣៨ គឺទី១បដិសេធ ទី២អត់មូលហេតុ ប៉ុន្តែយើងមានមូលហេតុ គឺលិខិតមួយដាក់ទៅសាលាដំបូងថ្ងៃ២៥ ខែ៥ ឆ្នាំ២០១៦ គឺយើងមានមូលហេតុហើយ ប៉ុន្តែអម្បាញ់មិញតុលាការបកមកវិញថាអត់មានមូលហេតុ។ តើត្រឹមត្រូវដែរឬទេ? ហើយទី២ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិ យើងបាននិយាយទៀតថា តុលាការក៏អត់មានសមត្ថកិច្ចពិចារណាដែរ។ អញ្ចឹង ទាំងអស់នេះមេធាវីយល់ឃើញថា ជាការសម្រេចមួយបំពានសិទ្ធិកូនក្ដីខ្ញុំ»។
លោកបន្ថែមថា មេធាវីនឹងប្ដឹងសារទុក្ខទៅតុលាការកំពូល ជំទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍ នាចុងខែវិច្ឆិកានេះ ដើម្បីទាមទាររកយុត្តិធម៌ឲ្យកូនក្ដីរបស់លោក។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា ករណីរបស់លោក កឹម សុខា គឺជារឿងនយោបាយ។ ដូច្នេះ លោកថា តុលាការជាន់ខ្ពស់មិនងាយនឹងកែប្រែការសម្រេចរបស់តុលាការជាន់ទាបនោះទេ។
លោកបន្តថា ការសម្រេចខណៈដែល លោក កឹម សុខា កំពុងមានអភ័យឯកសិទ្ធិនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អភ័យឯកសិទ្ធិសភាកម្ពុជា។
លោកបន្ថែមថា អ្នកនយោបាយគួរតែរកដំណោះស្រាយដោយសន្តិវិធី ជាជាងប្រើតុលាការមកដោះស្រាយ។
«ករណីឯកឧត្ដម កឹម សុខា វាមិនមែនតែរឿងហ្នឹងទេ។ តាំងពីរឿងដកតំណែងជាអនុប្រធានទី១រដ្ឋសភា រហូតមកទល់ការកាត់សេចក្ដីនេះ ខ្ញុំគិតថា វាជារឿងមួយដែលអ្នកនយោបាយ ឬក៏គណបក្សនយោបាយទាំងអស់គួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យមានការរិះគន់តទៅទៀតទាក់ទងនឹងបញ្ហាទាំងអស់នេះ។ ហើយអ្វីដែលសំខាន់ ខ្ញុំគិតថា វាឈរលើគោលការណ៍នៃការជជែកដាក់លើតុជាមួយគ្នាទៅ វាប្រសើរជាជាងវិញ»។
កាលពីថ្ងៃទី៩ ខែកញ្ញា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀលពីបទ«បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ពាក់ព័ន្ធនឹងបទសញ្ចរកម្មលើសំណុំរឿងដែលគេចោទថា លោកមានស្នេហាលួចលាក់ជាមួយអតីតនារីកាត់សក់វ័យក្មេងម្នាក់ដែលគេស្គាល់ថាឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះកំពុងបន្តលាក់ខ្លួនក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ជិត៥ខែមកហើយដើម្បីគេចពីការតាមចាប់ខ្លួន៕