នគរបាលកម្ពុជាបានជួយសង្រ្គោះជនជាតិបង់ក្លាដែសជាង ៥០នាក់ ពីអគារក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងឃាត់ខ្លួនជនដៃដល់ ២នាក់ ហើយបញ្ជូនទៅតុលាការ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រាប់វីអូអេនៅថ្ងៃសុក្រនេះ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថា ការចុះជួយសង្រ្គោះ និងឃាត់ខ្លួនជនបរទេស ធ្វើឡើងកាលពីសប្តាហ៍មុន ក្រោយសមត្ថកិច្ចកម្ពុជាទទួលបានពាក្យបណ្តឹងតាមប្រព័ន្ធ Hotline ពីជនជាតិបង់ក្លាដែស។ លោកបន្ថែមថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់ខ្លួនជនជាតិបង់ក្លាដែស ២នាក់ ហើយបញ្ជូនទៅតុលាការ ដែលពួកគេត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។
លោកបន្តថា សមត្ថកិច្ចបានជួយសង្រ្គោះជនជាតិបង់ក្លាដែសចំនួន ៥២នាក់ ឥណ្ឌា៤នាក់ និងស្រីលង្កា ១នាក់ ហើយបានបញ្ជូនពួកគេទៅខាងក្រសួងសង្គមកិច្ច។
បើតាម លោក ឆាយ គឹមខឿន សមត្ថកិច្ចកម្ពុជាកំពុងស្វែងរកអ្នកពាក់ព័ន្ធនិងមេខ្លោងចំនួន ៤នាក់ទៀត ដែលកំពុងរត់គេចខ្លួន។
លោក ឆាយ គឹមខឿន បញ្ជាក់ថា៖ «ករណីនេះ សមត្ថកិច្ចសន្និដ្ឋាន គឺជាករណីឆបោក ការរើសពលករមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងមានការគំរាមកំហែង ដើម្បីកម្រិតលក្ខខណ្ឌអ្វីមួយ»។
លោកបន្ថែមថា សមត្ថកិច្ចកំពុងបន្តសួរចម្លើយជនបរទេសទាំងនោះ ដោយសារពួកគេអាចប្រឈមនឹងការគំរាមកំហែងផ្សេងៗគ្នា។ លោកបញ្ជាក់ថា ជនរងគ្រោះខ្លះត្រូវបានគេគំរាមយកប្រាក់ អ្នកដែលចេះប្រើកុំព្យូទ័រ ភាសាអង់គ្លេសត្រូវបានគេទុកឱ្យធ្វើការនៅកម្ពុជា។ ចំណែកអ្នកដែលមិនចេះភាសាត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ីជាដើម។
លោកថ្លែងថា៖ «ប៉ុន្ដែជាបឋមយើងមានព័ត៌មានមួយចំនួន ដោយគាត់(ត្រូវគេ)គំរាមដាក់លក្ខខណ្ឌ ដើម្បីយកប្រាក់ចឹង ដូចគាត់បោកប្រាស់យកគេ(ជនរងគ្រោះ) មកឱ្យធ្វើការ អ្នកណាចេះកុំព្យូរទ័រ ចេះភាសាអង់គ្លេសអីចឹងទុកឱ្យធ្វើការស្រុកខ្មែរ អ្នកដែលអត់ចេះរុញទៅថៃ ទៅម៉ាឡេ[ស៊ី] ដោយកំណត់លក្ខខណ្ឌឱ្យបង់ប្រាក់ឱ្យពួកគេហ្នឹង ចំនួន ៩០០ដុល្លារ។ ឧទាហរណ៍អញ្ចឹង។ មានចម្លើយមួយចំនួនអញ្ចឹង»។
កាលពីសប្តាហ៍មុន អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្សព្វផ្សាយថា អាជ្ញាធរបានជួយសង្គ្រោះជនបរទេសជាង៥០នាក់ នៅទីតាំង២កន្លែងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេថា អាជ្ញាធរកំពុងធ្វើការលើរឿងនេះ។ លោកស្នើអ្នកសារព័ត៌មានវីអូអេទាក់ទងទៅអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន វិញ។
លោក កែវ វណ្ណថន ប្រាប់វីអូអេឱ្យទាក់ទងទៅអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន វិញ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់វីអូអេថា ជនបរទេសដែលជាជនរងគ្រោះទាំងនោះ ក្រសួងបានបញ្ជូនពួកគេទៅអង្គការមនុស្សធម៌មួយឈ្មោះការីតាស (Caritas) ដើម្បីទទួលសេវាក្នុងនាមជាជនរងគ្រោះ។ លោកបដិសេធមិនអត្ថាធិប្បាយអ្វីបន្ថែមទៀតនោះទេ ដោយសារការងារនេះស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកថ្លែងថា៖ «ជនរងគ្រោះ យើងបានសម្របសម្រួលទៅដល់អង្គការការីតាស ដើម្បីផ្តល់សេវាជូនគាត់ហើយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអង្គការការីតាសបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតបង់ក្លាដែសដែលមានមូលដ្ឋាននៅប្រទេសថៃបានដែរ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់វីអូអេថាសមត្ថកិច្ចរាជធានីភ្នំពេញ គ្រាន់តែជាអ្នកចូលរួមសហការក្នុងការបង្រ្កាប និងជួយសង្រ្គោះ ដូច្នេះលោកមិនអាចផ្តល់ព័ត៌មានអ្វីបាននោះទេ ពាក់ព័ន្ធនឹងករណីនេះ។
លោកថ្លែងថា៖ «ករណីហ្នឹងសមត្ថកិច្ចរាជធានីភ្នំពេញគ្រាន់ជាអ្នកចូលរួមសហការ មិនមែនជាអ្នកប្រធានករណីក្នុងការអនុវត្តនីតិវិធី»។
ក្រោយមានការចុះបង្រ្កាប និងជួយសង្រ្គោះជនបរទេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អាជ្ញាធរខាងអន្តោប្រវេសន៍បានប្រជុំជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីពិភាក្សាស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា ករណីឆបោកនៅតែបន្តកើតមានឡើងក្នុងប្រទេសកម្ពុជា ដូច្នេះអាជ្ញាធរត្រូវតែរិះរកវិធីសាស្ត្របន្ថែមក្នុងការតាមដានក្រុមឧក្រិដ្ឋជន និងត្រូវមានវិធានការទាន់ពេលវេលា ដើម្បីជួយអ្នករងគ្រោះផ្សេងទៀត។
លោកថ្លែងថា៖ «ឆ្លងការបង្ក្រាបកន្លងមក យើងឃើញថាវាហាក់មិនទាន់ធ្វើឡើងចំគោលដៅទេ។ អ៊ីចឹងហើយបានបញ្ហាហ្នឹងនៅតែបន្តកើតមានឡើង [និង]ហាក់ដូចជានៅមានកម្រិតនៃការបិទបាំងហ្នឹងនៅតែមានខ្ពស់ទៅទៀត សមត្ថភាពខ្ពស់ទៅទៀត។ អ៊ីចឹងជាហេតុធ្វើឱ្យអ្នកដែលគាត់រងគ្រោះ ពិបាកធ្វើសេចក្តីរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ និងពិបាករកកិច្ចអន្តរាគមន៍ពីអ្នកណាដែលអាចជួយគាត់បាន អ៊ីចឹងវាកាន់តែគ្រោះថ្នាក់ថែមទៀត»។
លោកបន្ថែមថា អាជ្ញាធរក៏ត្រូវតែបង្ហាញឱ្យបានច្បាស់លាស់ជុំវិញករណីនេះ ដើម្បីកុំឱ្យពលរដ្ឋមានមន្ទិលសង្ស័យ។
លោកបន្តថា៖ «បើសិនជានៅតែមានភាពលាក់លៀម វាអាចមានមន្ទិលសង្ស័យថាបញ្ហាហ្នឹង វាអាចមានជាប់ពាក់ព័ន្ធទៅនឹងអ្នកណា ឬក៏បញ្ហាហ្នឹងមិនអាចបង្ហាញឱ្យមានតម្លាភាព ឱ្យបានដឹងជាទូទៅបាន គឺថានៅមានការលាក់បាំងដែលធ្វើឱ្យមានមន្ទិលសង្ស័យទៅលើអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀត»។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ៕
វេទិកាបញ្ចេញមតិ