ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងរាប់សិបនាក់ បានវិលត្រឡប់ទៅកាន់បន្ទប់តុលាការវិញនៅថ្ងៃអង្គារ នៅពេលដែលសវនាការលើបទចោទប្រកាន់ពីការធ្វើវិទ្ធង្សនាបានចូលដល់ថ្ងៃទី២។
អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យទាំង៤៧រូប ដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាជាច្រើនរបស់ក្រុងហុងកុង បានប្រឈមការចោទប្រកាន់ពីការធ្វើវិទ្ធង្សនានៅក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ក្រុងហុងកុង។
បាតុកររាប់រយនាក់ បានបំពានច្បាប់គម្លាតសង្គមដើម្បីប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការដើម្បីគាំទ្រអ្នកដែលត្រូវបានគេកាត់ទោសទាំងនោះ។
សវនាការលើកទី១កាលពីថ្ងៃចន្ទសម្រាប់ការកាត់ទោសបុរស៣៩នាក់ និងស្ត្រី៨នាក់ មានរយៈពេលជាង១០ម៉ោងនៅឯតុលាការសង្កាត់ West Kowloon។ សវនាការនោះនៅទីបំផុតត្រូវបានលើកពេលរហូតដល់ព្រឹកថ្ងៃអង្គារ បន្ទាប់ពីអ្នកស្រី Clarisse Yeung ចុងចោទម្នាក់បានដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមសកម្មជនភាគច្រើនដែលចូលរួមសវនាការតុលាការកាលពីថ្ងៃចន្ទ ស្ថិតនៅក្នុងចំណោមមនុស្ស៥៥នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែមករា ពីព្រោះតែការទាក់ទិននៅក្នុងការបោះឆ្នោតបឋមរបស់ក្រុងហុងកុងកាលពីខែកក្កដា ឆ្នាំទៅ។ ការបោះឆ្នោតបឋមជាការបោះឆ្នោតក្រៅផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្សប្រឆាំងមុនការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្តដែល ឥឡូវត្រូវបានពន្យារ៕