សាលាដំបូងខេត្តរតនគិរី នៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសមន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣រូប ក្នុងនោះមានលោក ថេង សាវឿន ដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែទោសនេះត្រូវបានព្យួរ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចាត់ទុកសាលក្រមរបស់តុលាការជារឿងអយុត្តិធម៌មួយ។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា អង្គជំនុំជម្រះបានសម្រេចផ្ដន្ទាទោសលោក ថេង សាវឿន និងសហការី២នាក់ទៀតគឺលោក ថាន់ ហាច និងលោក ញ៉ិល ភាព ដោយម្នាក់ៗមានទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា វាជារឿងអយុត្តិធម៌មួយ ដោយសារតែលោកបានបង្ហាញពីអង្គហេតុ ការណ៍ពិតនានាទៅកាន់តុលាការរួចអស់ទៅហើយនៅក្នុងសវនាការជំនុំជម្រះកាលពីកន្លងទៅ។
លោកបញ្ជាក់ទៀតថា លោកមិនមានគោលបំណង ឬធ្វើសកម្មភាពណាដែលធ្វើឱ្យមានភាពវឹកវរនៅក្នុងសង្គមឡើយ។
លោកប្រាប់វីអូអេថា៖ «ក្រៅតែពីយើងធ្វើការងារសង្គមជួយដល់ពលរដ្ឋ ជួយដល់កសិករក្រីក្រស្លូតត្រង់នៅក្នុងប្រទេសកម្ពុជា គឺយើងតែងតែឈរលើវិជ្ជាជីវៈការងាររបស់យើង ហើយយើងគោរពច្បាប់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ អ៊ីចឹងយើងមើលឃើញថា ភាពអយុត្តិធម៌នេះ វាបង្កឡើង តែងតែកើតមានក្នុងនាមជាអ្នកធ្វើការងារសង្គមរបស់យើង»។
លោកបានរៀបរាប់បន្ថែមថា ក្រៅពីភាពអយុត្តិធម៌ក្នុងការសម្រេចរបស់តុលាការខេត្តរតនគិរី លោកក៏បានទទួលរងការរើសអើងពីសំណាក់អង្គការសង្គមស៊ីវិល សហជីព និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលពួកគេបានគិតថា រូបលោកបានចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរក្នុងការដោះដូរឱ្យមានសិទ្ធិសេរីភាពនៅក្រៅឃុំ។
លោកបញ្ជាក់ថា៖ «[...]តែធាតុពិតមិនដូច្នោះទេ គឺពួកខ្ញុំស្វះស្វែងរកការអន្តរាគមន៍នេះគឺបង្ហាញការណ៍ពិតទៅដល់ប្រមុខអតីតនាយករដ្ឋមន្រ្តី ឱ្យលោកបានដឹង និងសុំដំណើរការសមាគម។ អ៊ីចឹងការរើសអើងនេះបង្កើតនូវភាពអយុត្តិធម៌កាន់តែឈឺចាប់ ហើយវាមិនបានលើកទឹកចិត្តដល់អ្នកដែលហ៊ានធ្វើការងារសកម្ម ដើម្បីការពារពលរដ្ឋស្លូតត្រង់ ពិសេសការពារសិទ្ធិដីធ្លី ការពារកសិករដែលពួកខ្ញុំខិតខំធ្វើកន្លងមកនោះទេ»។
លោក ថេង សាវឿន បញ្ជាក់ដែរថា លោក និងសហការី២នាក់ទៀតនឹងប្តឹងទាស់ការសម្រេចរបស់សាលាដំបូងខេត្តរតនគិរីនេះ ទៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។
លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ចងក្រង និងតស៊ូមតិនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលជាជនជាប់ចោទមួយទៀតក្នុងសំណុំរឿងនេះ ក៏លើកឡើងដូចគ្នាថា សាលក្រមផ្តន្ទាទោសរូបលោកបង្ហាញពីភាពអយុត្តិធម៌ខ្លាំងសម្រាប់លោក និងក្រុមការងារ។ លោកបញ្ជាក់ដែរថា លោកមិនដែលមានគំនិតអ្វីដើម្បីបំផ្លាញ ឬរួមគំនិតក្បត់ឡើយ ហើយរាល់ការងារដែលលោកធ្វើគឺដើម្បីតែប្រទេសជាតិ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា រឿងនេះជារឿងដែលអយុត្តិធម៌បំផុត ដោយវាមិនមែនជាចេតនារបស់ខ្ញុំ។ វាមិនមែនសកម្មភាពដែលស្តែងចេញខ្ញុំ ហើយខ្ញុំគ្មាន និយាយទៅមិនដែលចូលរួមនៅក្នុងកិច្ចការណាមួយដែលបំផ្លាញជាតិដល់ថ្នាក់មានទោសក្បត់ជាតិ ហើយជាប់ពន្ធនាគារដល់រយៈពេល៥ឆ្នាំ គឺជារឿងដែលអយុត្តិធម៌បំផុតហើយ»។
លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមនេះ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមួយនៅក្នុងខេត្តរតនគិរី។ អាជ្ញាធរមូលដ្ឋាននៅទីនោះសង្ស័យថា សមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយនៅក្នុងក្រុងបានលុង ហើយមានផែនការធ្វើ«បដិវត្តន៍កសិករ»។
តុលាការបានសម្រេចឃុំខ្លួនពួកគេបណ្តោះអាសន្ន។ ក្រោយមក កាលពីចុងខែឧសភា ឆ្នាំ ២០២៣ តុលាការខេត្តរតនគិរីបានសម្រេចដោះលែងពួកគេទាំង៣នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ» និងក្រោយពីមានកិច្ចអន្តរាគមន៍ពីអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា សាលក្រមសាលាដំបូងខេត្តរតនគិរី គឺជាការដាក់បន្ទុកបន្ថែមទៅលើលោក ថេង សាវឿន និងសហការី២រូបទៀត ដោយលោកថា នៅក្នុងសិក្ខាសាលាតែងតែមានការជជែកដេញដោលគ្នា ខុសពីការចោទប្រកាន់។
លោកថ្លែងថា៖ «តែទីបំផុតអ្នកទាំង៣ត្រូវបានតុលាការធ្វើការផ្តន្ទាទោស៥ឆ្នាំ ហើយទោះបីជាទោសហ្នឹងព្យួរក៏ដោយ ក៏វាប៉ះពាល់ដែរសម្រាប់ការងាររបស់គាត់ ព្រោះត្រូវបានតុលាការផ្តន្ទាទោសរួចទៅហើយដោយថាព្យួរក៏ដោយ។ អ៊ីចឹងវាធ្វើឱ្យសកម្មភាពការងារនិងការបំពេញការងាររបស់គាត់អត់បានពេញលេញទេ»។
លោក អំ សំអាត បន្ថែមថា សាលក្រមមួយនេះក៏ជាសារណែនាំទៅអង្គការសង្គមស៊ីវិលផ្សេងទៀត ឱ្យមានការប្រយ័ត្នប្រយែងក្នុងការអនុវត្តសកម្មភាពការងាររបស់ពួកគេឱ្យបានត្រឹមត្រូវផងដែរ៕
វេទិកាបញ្ចេញមតិ