ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ បានសម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពាក់ព័ន្ធការផ្សព្វផ្សាយ និងការបញ្ចេញមតិ អំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងការបង្ហោះរូបភាព និងវីដេអូទាំងនោះ តាមបណ្តាញសង្គម អំឡុងខែមីនា ឆ្នាំ ២០២៤។
បន្ទាប់ពីការផ្សព្វផ្សាយ និងការបញ្ចេញមតិអំពីវិវាទដីធ្លីនោះ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីខែមេសា។ តុលាការបានចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
ក្នុងសវនាការប្រកាសសាលក្រម លោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា តុលាការកាត់ទោសលោក កើត សារ៉ាយ ដោយដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល។
បើតាមលោក សាន ប៊ុនធឿន ការផ្ទន្ទាទោសនេះយោងទៅតាមមាត្រា៤៩៤ មាត្រា៤៩៥ មាត្រា៨៣ និងមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ ដោយមាត្រា៤៩៥ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ចែងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។ ចំណែកមាត្រា៨៨ ចែងថា កាលបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទមជ្ឈិមណាមួយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមដដែលនៅក្នុងរយៈពេល ៥ ឆ្នាំ អតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទមជ្ឈិមថ្មីត្រូវទ្វេឡើង។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញរូបនេះបានអានសាលក្រមនោះថា ក្រោយបានស្តាប់កិច្ចពិភាក្សាដេញដោលនៅចំពោះមុខជនជាប់ចោទ និងពិនិត្យភស្តុតាងមួយចំនួន ដែលរួមមានការដឹកនាំយុវជនចំនួន ៤ នាក់ ការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន VOD និងអាស៊ីសេរី RFA អំឡុងឆ្នាំ ២០២៤ និងការបង្ហោះផ្សព្វផ្សាយរូបភាព និងវីដេអូលើគណនីយហ្វេសប៊ុកដែលមានឈ្មោះ កើត សារ៉ាយ និងលើទំព័រហ្វេកប៊ុករបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គណៈវិនិច្ឆ័យយល់ថា នេះគឺជា «ការបញ្ចេះកំហឹង» «ញុះញង់» ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំលើអាជ្ញាធរ និងរដ្ឋាភិបាល និងនាំឱ្យមានការបែកបាក់សង្គមជាតិ។ ត្រង់ចំណុចនេះ ចៅក្រមរូបនោះបញ្ជាក់ថា លោក កើត សារ៉ាយ បានទទួលស្គាល់ថា លោកបានចុះទៅជួបប្រជាពលរដ្ឋដោយខ្លួនឯង ដោយមិនបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឬមិនបានសហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត និងមិនមានជំនាញច្បាប់ និងដោះស្រាយវិវាទដីធ្លីឡើយ។
លោក សាន ប៊ុនធឿន បញ្ជាក់ថា សេចក្តីសន្និដ្ឋានរបស់មេធាវីការពារក្តីដែលស្នើសុំឱ្យតុលាការទម្លាក់ចោទបទចោទប្រកាន់លើកូនក្តីរបស់ខ្លួន គឺពុំសមហេតុផលឡើយ ដោយសារតែតុលាការមានភស្តុតាងគ្រប់គ្រាន់ក្នុងការផ្ទន្ទាទោស។
នៅក្នុងបន្ទប់សវនាការ នាព្រឹកថ្ងៃពុធ គេឃើញវត្តមានមន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ និងអង្គការអាដហុកដែលបានចូលស្តាប់ការប្រកាសសាលក្រមនោះ។ ប៉ុន្តែគេមិនឃើញវត្តមានមេធាវីការពារក្តីលោក កើត សារ៉ាយ នោះទេ។ ចំណែកលោក កើត សារ៉ាយ ស្លៀកពាក់ពណ៌ទឹកក្រូច មិនបាននិយាយអ្វីឡើយ។
មេធាវីការពារក្តីរបស់លោក កើត សារ៉ាយ គឺលោក លី សុចិត្រា ប្រាប់វីអូអេតាមទូរស័ព្ទនាថ្ងៃពុធថា លោកនឹងពិភាក្សាជាមួយកូនក្តី ក្នុងការប្តឹងឧទ្ធរណ៍ ឬយ៉ាងណា។
មេធាវីរូបនេះបញ្ជាក់ថា៖ «ខ្ញុំនឹងទៅជួបគាត់ឆាប់ៗ ដើម្បីពិភាក្សាជាមួយគាត់ ថាតើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងម៉េច អាស្រ័យលើគាត់»។
មេធាវីការពារក្តីបានបដិសេធមិនអត្ថាធិប្បាយអ្វីបន្ថែមឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានចូលស្តាប់សវនាការ បានសម្តែងការសោកស្តាយ នៅពេលសាលាដំបូងសម្រេចផ្តន្ទាទោសធ្ងន់ធ្ងរទៅលើលោក កើត សារ៉ាយ។
លោកប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា៖ «ទាំងមេធាវី ទាំងការលើកឡើយរបស់លោក កើត សារ៉ាយ ក្នុងការដោះសារ បង្ហាញភស្តុតាងដើម្បីធ្វើការដោះបន្ទុកហ្នឹង យើងមើលទៅវាហាក់ដូចជាមិនទាន់មានភស្តុតាងគ្រប់គ្រប់ក្នុងការចោទប្រកាន់ទេ។ អ៊ីចឹងហើយបានយើងមានការសោកស្តាយដែលលោក កើត សារ៉ាយ ត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ បានន័យថា ជាអតិបរមា បានន័យថា បទល្មើសមជ្ឈិមនៃការញុះញង់ហ្នឹង[ផ្តន្ទាទោស] ២ឆ្នាំ អ៊ីចឹងបទមិនរាងចាល [ផ្តន្ទាទោស]ទ្វេដង ដូច្នេះវាឡើង[ផ្តន្ទាទោស]៤ឆ្នាំ»។
លោក អំ សំអាត យល់ថា សកម្មភាពដែលលោក កើត សារ៉ាយ ចុះជួបប្រជាពលរដ្ឋ និងផ្សព្វផ្សាយតាមបណ្តាញសង្គម គឺជាចេតនាមួយក្នុងការជួយស្វែងរកដំណោះស្រាយជួយប្រជាពលរដ្ឋទាក់ទងបញ្ហាដីធ្លី។ លោកបន្ថែមថា ការផ្តន្ទាទោសលោក កើត សារ៉ាយ ក៏ជារូបភាពមួយដាក់សម្ពាធ ឬគំរាមកំហែងទៅដល់សកម្មជន អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលមានបំណងចូលរួមកិច្ចការពារសិទ្ធិមនុស្ស ជាពិសេសការស្វែងរកដំណោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។
នៅក្នុងសវនាការជំនុំជម្រះ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោក កើត សារ៉ាយ បានទទូចសុំចៅក្រមឱ្យផ្តល់យុត្តិធម៌ដល់លោករូប។ នាពេលនោះ លោក កើត សារ៉ាយ បានការពារខ្លួន ដោយថា លោកមិនបានញុះញង់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ឡើយ។ លោក កើត សារ៉ាយ បញ្ជាក់ថា ការផ្សព្វផ្សាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ គឺដោយសារតែចង់ឃើញដំណោះស្រាយដោយសន្តិវិធីមួយសម្រាប់ប្រជាពលរដ្ឋទាំងនោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២០ ខែ ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព៕
វេទិកាបញ្ចេញមតិ